ក្រុមកម្លាំងចម្រុះចុះបង្ក្រាប ទប់ស្កាត់បទល្មើសនៅបឹងទន្លេសាប និងផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជានេសាទដែលនេសាទហួសដែនកំណត់

កំពង់ធំ÷ នៅថ្ងៃចន្ទ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦  ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាប្រធាន អនុប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ និងក្រុមកម្លាំងចម្រុះចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទដែលជាលក្ខណៈទ្រង់ទ្រាយធំ ស្ថិតនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

 

      ជាក់ស្តែងក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  អនុប្រធានក្រុមការងារ ព្រមទាំងសហការី បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច ចាប់ពីចុងអូរ សាមពាង អូរតាហាក់ អូររន្ទះបាញ់ ចំការដំឡូង ទល់មុខវត្តកំពង់ចំលង រហូតដល់ អតីតឡូបំរ៉ុងក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ។

 

      ក្រុមកម្លាំងចម្រុះបានចុះជាក់ស្ដែងទទួលបានលទ្ធផលបង្កសំណុំរឿងបានចំនួន០១ករណី ចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនចំនួន០៥របាំងប្រវែង១៧០០ម៉ែត្រ ឡុកចំនួន០៧គ្រឿង លប/លូចំនួន១៤មាត់ បង្គោលចំនួន៨០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន១២គឺឡូក្រាមចូលទន្លេវិញ ។

    គួរបញ្ជាក់ផងដែរថាក្រុមកម្លាំងចម្រុះចុះប្រតិបត្តិការ ប្រើមធ្យោបាយដោយការណូតចំនួន០៦គ្រឿង អស់ប្រេងចំនួន ១២០លីត្រ កម្លាំងចូលរួមសរុបចំនួន១៩នាក់។