ស្រ្តីសម្រាលបានកូនភ្លោះ ៣នាក់ រស់នៅក្នុងឃុំមេលំ ស្រុកបរិបូណ៌ អំពាវនាវសូមសប្បុរសជនជួយឧបត្ថម្ភ

កំពង់ឆ្នាំង៖ ស្ត្រីមានជីវភាពលំបាកម្នាក់ រស់នៅក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ សម្រាលបានកូនភ្លោះ ៣នាក់ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែដោយសារបញ្ហាភាពសុខភាពស្ត្រីជាម្តាយ ទើបគ្រូពេទ្យអោយបន្តសម្រាកព្យាបាលរហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា បានអនុញ្ញាតឲ្យត្រឡបមកផ្ទះវិញ ក្រោមការជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋាន។

លោក កេត សុឃា មេឃុំមេលំ ស្រុកបរិបូណ៌ បានឲ្យដឹងថា ស្ត្រីដែលកើតកូនភ្លោះ ៣នាក់ មានឈ្មោះ មាន សុមី អាយុ ២៣ឆ្នាំ នាងទើបសម្រាលកូនជាលើកដំបូង ព្រោះទើបរៀបការប្ដី ឈ្មោះ វ៉ាន់ សុវយ័ អាយុ ២៤ឆ្នាំ កាលពីមួយឆ្នាំមុន។ ក្រោយពេលរៀបការពួកគេបានរស់នៅជាមួយម្ដាយជាស្ត្រីមេម៉ាយឈ្មោះ សួស ម៉ើ ប៉ុន្តែដោយសារបញ្ហាជីវភាព ពួកគេក៏បានទៅធ្វើជាកម្មកររោងចក្រនៅរាជធានីភ្នំពេញ ទាំង២នាក់ប្ដីប្រពន្ធរហូតមានផ្ទៃពោះ។ លុះក្រោយពីពិនិត្យ អេកូ ឃើញមានកូនភ្លោះ៣ ទើបនៅថ្ងៃឈឺពោះពួកគេបានសម្រេចចិត្តទៅសម្រាលកូននៅមន្ទីរពេទ្យជប៉ុន នៅរាជធានីភ្នំពេញ រហូតដល់ស្ត្រីជាម្ដាយមានសុខភាពល្អទើបក្រុមគ្រូពេទ្យអនុញ្ញាតឲ្យមកផ្ទះវិញ។ 

លោកមេឃុំបានបញ្ជាក់ថា កូនភ្លោះទាំង ៣នាក់ ស្រី២ ប្រុស១ រួមនឹងម្ដាយមានសុខភាពល្អជាធម្មតាទេ ប៉ុន្តែបញ្ហាជីវភាពគឺជួបការខ្វះខាត ដែលក្នុងនាមលោកជាអាជ្ញាធរឃុំ សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយមេត្តាជួយឧបត្ថម្ភដល់គ្រួសារនេះផង៕