ពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្ត្រ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូនដល់យោធិន

0

កំពង់ធំ ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោយពីគោរពទង់ជាតិ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗដែលកើតមានឡើង ជូនដល់យោធិន និងអប់រំចិត្តសាស្ត្រ ដើម្បីពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងអំពីភាពជោគជ័យ ដ៏ត្រចះត្រចង់របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ានផ្សេងទៀត ជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសធំៗ នៅលើពិភពលោក ។

និងបានក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវប្តេជ្ញាចិត្តដាច់ខាត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ នឹងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ នឹងត្រូវបន្តសិក្សារៀនសូត្រអំពីសេចក្តីណែនាំលេខ០០៣ របស់ក្រសួងការពារជាតិ ឲ្យបានជាប់ជាប្រចាំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់យោធិនគ្រប់រូប ត្រូវបន្តហ្វឹកហ្វឺនរៀនសូត្រពង្រឹងកាយសម្បទារឹងមាំ និងយុទ្ធវិធីនៃការប្រយុទ្ធការពារទីតាំង វាយឆ្មក់ វាយសង្គ្រប់ និងយុទ្ធដំណើរទ័ពតាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន នឹងត្រូវបន្តសកម្មភាពទៅបម្រើ និងជួយដោះស្រាយនៅរាល់ការលំបាកខ្វះខាត ជូនប្រជាជន និងបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាននានាក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយអនុវត្តតាមទិសស្លោកកងទ័ពជាកូនចៅរបស់ប្រជាជន និងអ្វីៗដើម្បីប្រជាជន។ ជាមួយនោះផងដែរ ត្រូវបន្តសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ៕ដោយ ប៊ុន រដ្ឋា