បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកវគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ពរយៈពេលខ្លី ជូនដល់កងកម្លាំង

0

កំពង់ធំ ៖ នៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការបើកវគ្គហ្វឹកហ្វឺនយុទ្ធដំណើរទ័ពរយៈពេលខ្លី ជូនដល់កងកម្លាំង ប្រចាំឆ្នាំ២០២២ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃមេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងកងកម្លាំងសរុបចំនួន២០៥នាក់ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ស្ថិតនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ អ៊ូ ឆេងកន នាយសេនាធិការរង និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងវគ្គ រាយការណ៍អំពីផែនការហ្វឹកហ្វឺននិងយុទ្ធដំណើរទ័ព ជូនដល់កងកម្លាំង ដែលមានរយៈពេល៧ថ្ងៃ ដោយមានកម្លាំងចូលរួមហ្វឹកហាត់ចំនួន១៥៥នាក់ នឹងត្រូវយុទ្ធដំណើរទ័ពក្នុងចម្ងាយផ្លូវ២២គីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្កនិងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តតាមផែនការហ្វឹកហ្វឺននិងយុទ្ធដំណើរទ័ពរបស់ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ និងដើម្បីហ្វឹកហាត់ពង្រឹងកាយសម្បទារបស់កងកម្លាំង ព្រមទាំងរំលឹកឡើងវិញនូវមេរៀនយុទ្ធវិធីវាយការពារទីតាំង វាយឆ្មក់ វាយសង្គ្រប់ខ្មាំង និងយុទ្ធវិធីប្រយុទ្ធបន្ទាន់ក្នុងពេលយុទ្ឋដំណើរទ័ពផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនរៀនសូត្រ ស្ដាប់គ្រូឧទ្ទេសនាម និងអនុវត្តជាក់ស្ដែងនៅលើទីលានហ្វឹកហាត់ ឲ្យបានល្អ និងប្រុងប្រៀបមធ្យោបាយសម្ភារៈ គ្រឿងបំពាក់ និងកិច្ចការធានាផ្សេងៗ ឱ្យបានគ្រប់គ្រាន់ ព្រមទាំងការគោរពវិន័យឲ្យបានម៉ឺងម៉ាត់ក្នុងពេលយុទ្ធដំណើរទ័ព នៅពេលខាងមុខនេះឱ្យទទួលបានជោគជ័យ ។

នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនរយៈពេលខ្លីនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានឧបត្ថម្ភជូនដល់កងកម្លាំងនូវស្បៀងអាហារ មានអង្ករ ចំនួន ៣០០ គីឡូក្រាម មី ចំនួន៦០ កេស ត្រីខកំប៉ុង ២កេសធំ និងថវិកាមួយចំនួន សម្រាប់ធានាបន្ថែមដល់ការហូបចុកប្រចាំថ្ងៃផងដែរ៕
ដោយ ប៊ុន រដ្ឋា