ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា​ ការពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា មានគោលបំណងតែមួយគត់ គឺការបន្តអនុវត្តបន្ទាត់នយោបាយដឹកនាំដ៏ត្រឹមត្រូវ

ត្បូងឃ្មុំ​:​ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បាន​ថ្លែង​ថា​ ការពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា មានគោលបំណងតែមួយគត់ គឺការបន្តអនុវត្តបន្ទាត់នយោបាយដឹកនាំដ៏ត្រឹមត្រូវ ដើម្បីធានាអនាគតមួយដ៏ច្បាស់លាស់សម្រាប់កម្ពុជា តាមរយៈការការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាផលបុណ្យ និងពរជ័យ ស្របតាមបំណងប្រាថ្នារបស់ប្រជាជាតិខ្មែរក្នុងការរស់នៅដោយមានសុភមង្គល និងភាពសុខសាន្ត។ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ និងស្រុកពញាក្រែក ទទួលបន្ទុកលើការងារយុវជន ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែឆ្នូ ឆ្នាំ២០២២​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះសមាសភាពក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកតំបែរ និងស្រុកពញាក្រែក នៃខេត្តត្បូងឃ្មុំ ដែលទទួលបានការចាត់តាំងឱ្យទទួលបន្ទុកលើការងារយុវជន ដើម្បីបន្តចូលរួមចំណែកបំពេញភារកិច្ចស្របតាមគោលការណ៍ចាត់តាំងរបស់គណបក្សប្រជាជនកម្ពុជាឱ្យកាន់តែសកម្មបន្ថែមទៀត ជាពិសេសក្នុងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការបន្ថែមកម្លាំងរបស់គណៈពង្រឹង លើការជួយដល់គណបក្សមូលដ្ឋាន គឺជាយន្តការដើម្បីរួមកម្លាំងនៅក្នុងយន្តការដែលមានស្រាប់ និងដើម្បីកៀរគរធនធានចូលរួមចំណែកបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានានៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សង្កត់​ធ្ងន់ថា​ មូលដ្ឋាន គឺជាប្រភពកម្លាំងពិតនៃជ័យជម្នះ និងភាពរឹងមាំរបស់ថ្នាក់កណ្តាល ដើម្បីថ្នាក់កណ្តាលអាចមានលទ្ធភាពដាក់ចេញនូវគោលនយោបាយបម្រើឱ្យសេចក្តីត្រូវការរបស់ថ្នាក់មូលដ្ឋានវិញ ហើយការពង្រឹងការងារយុវជននៅថ្នាក់មូលដ្ឋានរឹតតែមានសារៈសំខាន់ ខណៈដែលសន្ទុះនៃការចុះឈ្មោះបោះឆ្នោតថ្មីកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងស្រទាប់យុវជននៅទូទាំងប្រទេស។ ក្នុងន័យនេះ ទោះបីគណបក្សប្រជាជនកម្ពុជាបានទទួលជោគជ័យលើសលប់នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក៏យើងទាំងអស់គ្នាជាសមាជិក-សមាជិកាគណបក្ស ចាំបាច់ត្រូវខិតខំឱ្យបានខ្លាំងក្លាបន្ថែមទៀត ទាំងលើការងារពង្រឹងរចនាសម្ព័ន្ធ, ការងារកសាងសមាជិក និងការងារឃោសនា-អប់រំ ក៏ដូចជាកិច្ចការសង្គម និងមនុស្សធម៌ផ្សេងៗ ដើម្បីថែរក្សា និងបង្កើនប្រៀបឈ្នះរបស់គណបក្សឱ្យមាននិរន្តរភាពរឹងមាំ​ ៕