ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត នាំយកស៊ីម៉ងត៍ចំនួន២តោន និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តព្រះពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងាររបស់គណបក្សចុះជួយមូលដ្ឋានស្រុកស្ទោង ប្រធានក្រុមការងាររបស់គណបក្សចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ នាំយកស៊ីម៉ងត៍ចំនួន២តោន ទេយ្យទាន និងបច្ច័យមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគេនព្រះសង្ឃ នៅវត្តព្រះពន្លាជ័យ ឃុំបន្ទាយ ស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ព្រះតេជគណ សែប ប្រុស ព្រះគ្រូ ចៅអធិការវត្តព្រះពន្លាជ័យ បានថ្លែង អំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ដែលតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខនិងជីវភាពរស់ នៅរបស់ប្រជាជន រួមនិងព្រះសង្ឃផងដែរ។ បច្ចុប្បន្នព្រះសង្ឃដែលគង់នៅក្នុងវត្តមានចំនួន២៧អង្គ ដែលមានការខ្វះខាតចង្ហាន់ និងកុដិ១ខ្នង ដែលកំពុងដំណើរការសាងសង់ខ្វះខាតស៊ីម៉ងត៍និងសម្ភារៈសម្រាប់សាងសង់ជាច្រើនទៀត។

ឯកឧត្តម សោម ស៊ុន បានកោតសរសើរ ចំពោះព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានខិតខំរួមគ្នាកសាងសមិទ្ធផលជាច្រើន នៅក្នុងវត្តយើងនេះ ។ អ្វីៗដែលកំពុងអភិវឌ្ឍន៍រីកចម្រើននៅពេលនេះគឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា ស៊ីម៉ងត៍ចំនួន២តោន និងទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួន ដែលបានប្រគេនព្រះសង្ឃនៅពេលនេះ គឺសម្រាប់បន្តការសាងសង់សមិទ្ធផលនានានៅក្នុងវត្ត និងសម្រាប់ដោះស្រាយចង្ហាន់ ព្រះសង្ឃ និងអាហារ សម្រាប់លោកយាយលោកតាប្រចាំថ្ងៃ ដែលកំពុងស្នាក់ អាស្រ័យនៅក្នុងវត្តនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី នឹងសូមប្រគេនពរដល់ព្រះតេជគណព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា និងពុទ្ឋបរិស័ទ្ឋទាំងអស់សូមបានប្រកបព្រះពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕