កូនស្រីអាយុ១៤ឆ្នាំខឹងម្តាយស្តីឲ្យសង្សាតាមឆាតទូរស័ព្ទចងករស្លាប់

ខេត្តកំពង់ធំ៖ករណីក្មេងស្រីចងកធ្វើអត្តឃាតនេះបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ខែ ធ្នូ ឆ្នាំ២០២២  នៅចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ!
សពជនរងគ្រោះឈ្មោះ ផាវ សុធាវី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស
យោងតាមការបំភ្លឺពីឈ្មោះ ផាត ធាន់ ភេទស្រី អាយុ៣៧ឆ្នាំត្រូវជាម្តាយបង្កើតសពបានអោយដឹងថា: នៅវេលាម៉ោង១១,០០ថ្ងៃត្រង់ ថ្ងៃកើតហេតុគាត់បានប្រើកូនស្រីឈ្មោះ ផាវ សុធាវី អោយទៅទិញម្ហូបដោយនាងមិនបានយកទូរស័ព្ទរបស់វាទៅជាមួយទេ បន្ទាប់ពីកូនចេញទៅផុត ក៏មានក្មេងប្រុសម្នាក់ឆាតមកចូលទូរស័ព្ទកូនស្រីរបស់គាត់ ពេលនោះគាត់ក៍បានលើកទទួលទូរសព្ទ នឹងបាននិយាយស្តីបន្ទោសអោយក្មេងប្រុសនោះ​ ឲ្យឈប់ទូរសព្ទមកទាក់ទងរំខានដល់កូនស្រីរបស់គាត់ដែលកំពុងតែនៅរៀនសូត្រ ខណៈរូបគាត់ជាម្ដាយកំពុងតែនិយាយទូរស័ព្ទ កូនស្រីក៍បានមកដល់ និងបានឮគាត់និយាយស្តីបន្ទោសឲ្យសង្សារបស់វា ពេលនោះកូនស្រីខឹងហើយរករឿងគាត់ថា ហេតុមេ្តចបានជាម៉ែរករឿងសង្សារបស់វា! នៅពេលឮកូនថាឲ្យដូច្នេះគាត់ជាម្តាយក៏បានប្រាប់រឿងនេះដល់ប្តីរបស់គាត់ឈ្មោះ ផន ផាវ ហើយភ្លាមនោះប្តីរបស់គាត់ក៏បានរករឿងគំរាមដកទូរស័ព្ទឈប់អោយប្រើ ហើយប្រាប់ថាចាំទិញអាចុចពិលអោយវាប្រើម្តង។
បន្ទាប់ពីឪពុកស្ដីបន្ទោសរួចកូនស្រីគាត់ក៏ដើរចេញពីគាត់ឡើងទៅផ្ទះជាន់លើសម្ងំបាត់ទៅដោយមិនបានចុះមករកបាយទឹកវិញនោះទេ រហូតដល់
ម៉ោង១២,៣០នាទីបាត់កូនមិនឃើញមករកហូបបាយ គាត់ក៍ឡើងទៅគោះទ្វារហៅ ស្រាប់តែទ្វារបន្ទប់ដាក់គន្លឹះក្នុងជាប់ គោះហៅក៏មិនឆ្លើយ គាត់ហៅអ្នកជិតខាងអោយមកជួយគាស់ទ្វារបន្ទប់ចូល ក៏បានឃើញកូនស្រីចងកនិងខ្សែនីឡុងព្យួរនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ ក៏នាំគ្នាកាត់ខ្សែដាក់មកក្រោយ។
ក្រោយទទួលព័ត៌មានសមត្ថកិច្ចជំនាញក្រុងស្ទឹងសែន សហការជាមួយនិងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រូពេទ្យ អាជ្ញាធរមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងសាកសព ធ្វើការពិនិត្យសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ នៅលើ ក សពមានស្លាកស្នាមជាំទ្រុឌពណ៌ក្រហមក្រម៉ៅលើស្បែកកខាងមុខនិងមានទិសដៅបញ្ឆិតឡើងលើកខាងក្រោយ ជាស្លាកស្នាមខ្សែចំណង តាមការស្រាវជ្រាវស៊ើបអង្កេតព័ត៌មានជុំវិញកន្លែងកើតហេតុ និងសាកសពយើងសន្និដ្ឋានសពស្លាប់ដោយសារការធ្វើអត្តឃាតសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ដោយ ថុក សុខា