ទិវាពិភពលោកប្រយុទ្ធជំងឺអេដស៍០១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ(ធ្វើឱ្យមានសមភាព) 

0

(កំពង់ធំ)÷ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជានាយិកាខុទ្ធកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ ឯកឧត្តម ញឹក បានខេង អនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តមលោកជំទាវ លោកលោកស្រី ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្តអភិបាលស្រុក និងសហការី បានអញ្ជើញចូលរួមទិវាពិភពលោកប្រយុទ្ធជំងឺអេដស៍០១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ(ធ្វើឱ្យមានសមភាព) និងចែកអំណោយមនុស្សធម៌ជូនអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន៤៩នាក់ នៅវិទ្យាល័យទួលក្បិល ឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម ញឹក បានខេង អនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានលើកឡើងថា ភាពជាអ្នកដឹកនាំ និងជាអ្នកស្វែងរកការគាំទ្រពីគ្រប់មជ្ឈដ្ឋាន កាកបាទក្រហមកម្ពុជាស្ថិតក្រោម ការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានពង្រីកសកម្មភាពអប់រំផ្សព្វផ្សាយបង្ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ដឹកនាំចលនាបំផុសមិត្តអប់រំមិត្ត លើកកម្ពស់ការមិនរើសអើង និងផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺអេដស៍ និងគ្រួសាររងគ្រោះដោយមេរោគអេដស៍។ ឯកឧត្តមក៏បានបន្តទៀតថា ការរួមចំណែករបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងការលើកកម្ពស់ការទប់ស្កាត់ ការរីករាលដាលជំងឺអេដស៍ សុខភាពមាតា ទារក និងកុមារ បានរួមវិភាគទានចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងការកាត់បន្ថយអត្រាចម្លងមេរោគអេដស៍ ពីម្ដាយទៅកូន ហើយចំណុចគួរឱ្យកត់សំគាល់នោះ គឺបានធ្វើឱ្យអត្រាចម្លងពីម្ដាយទៅកូន ដែលមាន៣៧% នៅឆ្នាំ២០០៧ បានធ្លាក់ចុះមកនៅត្រឹម៦,២% នៅឆ្នាំ២០១៥ ជាពិសេសបាននិងកំពុង លើកទឹកចិត្តស្ត្រីមានផ្ទៃពោះ ឱ្យ ទទួលសេវាបង្ការការឆ្លងពីម្តាយទៅកូន។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ឲសកម្មភាពប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការលើកកម្ពស់គុណតម្លៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី , ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានទទួលគោរមងារជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាព ជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តីនិងកុមារ។

លោកជំទាវ ម៉ែន នារីសោភ័គ បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ សូមប្តេជ្ញាចិត្តចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយបញ្ជ្រាបសារអប់រំសំខាន់ៗនៃបង្ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ជាពិសេសលុបបំបាត់ការចម្លងមេរោគអេសដស៍ពីម្ដាយទៅកូន ការលើកកម្ពស់សុខភាពម្ដាយនិងទារក នៅក្នុងគ្រប់សកម្មភាពរបស់សាខា អនុសាខា ដើម្បីរួមចំណែកឈានទៅសម្រេចបានគោលដៅបញ្ចប់ជីវិតអេដស៍នាឆ្នាំ ២០២៥នៅកម្ពុជា និងគោលដៅអភិវឌ្ឍន៍ចេរភាពឆ្នាំ២០៣០។

គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាប្រគល់ជូនអ្នកដែលផ្ទុកមេរោគអេដស៍ចំនួន៤៩នាក់ ក្នុង០១នាក់ទទួលបាន÷អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ឃីត០១កញ្ចប់ និងថវិកាមួយចំនួនទៀតផងដែរ។