អភិបាលខេត្តកំពង់ចាម បានថ្លែងថា បច្ចុប្បន្នយើងកំពុងតែចរចាជាមួយក្រុមហ៊ុនស៊ីនទ្រី បើម្បីធ្វើការសាកល្បងកែប្រែរបៀបប្រមូលសំរាម

កំពង់ចាម: ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បច្ចុប្បន្នយើង កំពុងតែចរចាជាមួយក្រុមហ៊ុនស៊ីនទ្រី ដើម្បីសាកល្បងកែប្រែរបៀបប្រមូលសំរាម គឺត្រូវកំណត់ឲ្យ ក្រុមហ៊ុន ស៊ីនទ្រី ធ្វើការប្រមូលសំរាម លក់ទៅឲ្យក្រុមហ៊ុនផ្សេងមួយទៀត ក្នុង១តោនប្រមាណជា ១៨ដុល្លារ ហើយប្រជាពលរដ្ឋនៅគ្រប់ខ្នងផ្ទះទាំងអស់ ត្រូវប្រើប្រាស់ប្រព័ន្ធអែប ដើម្បីបង់ប្រាក់ថ្លៃ សេវាប្រមូលសំរាមតាមវិក្កយបត្រ ដោយមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការសាកល្បងផ្លាស់ប្ដូររបៀបរបបប្រមូលសំរាមនេះ គឺយើង ធ្វើឡើងត្រឹមតែរយៈពេល៦ខែប៉ុណ្ណោះ សម្រាប់នៅក្រុងកំពង់ចាម និងនៅតាមបណ្តាស្រុកមួយចំនូនទៀត ហើយបើឃើញថាល្អ គឺយើងនឹងធ្វើបន្តទៅមុខទៀត ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់មន្ទីរអង្គភាពពាក់ ព័ន្ធទាំងអស់ ត្រូវបង់ប្រាក់ថ្លៃសេវាប្រមូលសំរាមផងដែរ ពោលគឺត្រូវធ្វើគំរូដល់ប្រជាពលរដ្ឋ ក៏ដូច ជាការសម្អាតជាប្រចាំ គ្រប់តំបន់ គ្រប់ទីកន្លែង ឲ្យបានផុលផុស មានសោភ័ណភាពល្អស្អាត និង ថែរក្សាធនធានធម្មជាតិប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវរួមគ្នាបណ្ដុះនូវគំនិតដល់យុវជនយើង ក្នុងមនុស្សម្នាក់ ត្រូវចេះទុកដាក់សំរាប់ឲ្យបានត្រឹមត្រូវមួយផងដែរ ។

ក្នុង​កិច្ចប្រជុំនេះដែរ​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​៖​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ខែវិច្ឆិកា និងលើកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនការងារសម្រាប់កសាងកម្មវិនិយោគ បីឆ្នាំរំកិល២០២៤-២០២៦) របស់រដ្ឋបាលខេត្តកំពង់ចាម​ ៕