អភិបាលខេត្តស្ទឹងត្រែង បាននាំយកអំណោយ រាជរដ្ឋាភិបាល ទៅផ្តល់ជូនប្រជាពលរដ្ឋក្រីក្រជិត ២០០គ្រួសារ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ជាប់ព្រំដែនឡាវ

0

ខេត្តស្ទឹងត្រែង៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ១៩០គ្រួសារ ដែលកំពុងរស់នៅតំបន់ដាច់ស្រយាលមួយ ជាប់ព្រំដែនឡាវ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង ដែលមាន លោក ស៊ុត វណ្ណា ជាប្រធានមន្ទីរ ។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ,ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ នៅថ្ងៃទី២០ធ្នូនេះ បានដឹកនាំមន្ត្រីខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ នាំយកអំណោយដ៏ថ្លៃថ្លារបស់ រាជរដ្ឋាភិបាល ទៅផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាកទាំង ១៩០គ្រួសារ មកពីភូមិចំនួន ២ ស្ថិតក្នុងស្រុកបរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង លោក ស៊ុត វណ្ណា បានបង្ហាញរបាយការណ៍ថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាការផ្តល់ជូនរបស់ រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសមទា  ក៏ដូចថ្នាក់ដឹកនាំខេត្តផងដែរ  ដែលត្រូវនាំយកមកចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ចំនួន ១៩០ គ្រួសារ រស់នៅក្នុងភូមិចំនួន២ គឺភូមិវាលព្រីង និងភូមិរិទ្ធីសែនជ័យ២ ស្ថិតនៅក្នុងឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ លោក ស៊ុត វណ្ណា បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ១៩០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥ គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១ យួរ និងភួយ១ ផងដែរ។

អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង​ បានថ្លែងថា ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ  ពិសេស ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ ផ្សេងៗ  ដែលត្រូវការជំនួយឧបត្ថម្ភពី រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា ផងដែរ។

លោក ស្វាយ សំអ៊ាង បានថ្លែងទៀតថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្ត ជាសេនាធិការនោះ បាននាំយកអំណាយរបស់ រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះការខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍន៏ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូន អោយកាន់តែប្រសើរឡើង។

លោកអភិបាលខេត្តស្ទឹងត្រែង បានបន្តទៀតថា បើទោះបីសំភារៈ និងថវិកាទាំងនេះ មិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតដែរ ដូច្នេះហើយបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត អោយបានកាន់តែល្អថែមទៀត និងត្រូវធ្វើយ៉ាងណាខិតខំបង្កបង្កើនផល ដាំដំណាំអោយបានច្រើនក្នុងការរកប្រាក់កម្រៃ ដើម្បីធ្វើឲ្យជីវភាពកាន់តែធូរស្រាលជាងមុន ជាពិសេស ត្រូវយល់ដឹងពីផលិផលកសិកម្ម និងបច្ចេកទេស ការដាំដុះ ការដាក់ជី ការធ្វើដី ក្នុងការអនុវត្តជាក់ស្តែង ទទួលបានទន្និផលល្អសំរាប់ចិញ្ចឹមគ្រួសារបន្តទៀត។

លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័នលើគ្រប់វិស័យ មានដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស គឺមិនអោយប្រជាពលរដ្ឋ ខ្វះខាតលំបាកអ្វីឡើយ៕​ ដោយ៖ឡុង សំបូរ