រដ្ឋបាលខេត្តប៉ៃលិន ចាត់ឱ្យមន្ត្រីស្រុកសាលាក្រៅ បន្តដាក់បង្គោលភ្លើងសូឡានាពេលយប់នៅតាមដងផ្លូវ ដើម្បីបង្កើតសោភ័ណភាពនាពេលយប់

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ គេសង្កេតឃើញអំពូលភ្លើងសូឡាជាច្រើនដើម ត្រូវបានមន្រ្តីសាលាស្រុកសាលាក្រៅ រៀបចំតុបតែងដាក់លំអតាមដងផ្លូវ នៅក្នុងភូមិអូរបេង ភូមិបឹងព្រលិត ភូមិអូររអិល រហូតដល់ភូមិផ្សារព្រំ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ តាមការចង្អុលបង្ហាញ និងមានការឧត្ថម្ភ ពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រដ្ឋបាលស្រុកសាលាក្រៅ បានបន្តរៀបចំតុបតែងកែលម្អ ដាក់ពំពូល សូឡា បំភ្លឺតាមដងផ្លូវទីសាធារណ:នានា ក្នុងពេលយប់ ដើម្បីបង្កើននូវសោភ័ណភាពស្រស់បំព្រង បង្កភាពទាក់ទាញ និងងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរនៅពេលយប់ផងដែរ។ ប្រភពបន្តទៀតថា ត្រង់កន្លែងដែលដាច់ពីផ្ទះប្រជាពលរដ្ឋ ក៏មានការដាក់ភ្លើងបំភ្លឺដែរ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ក្នុងការធ្វើដំណើរនាពេលយប់ ជាពិសេសគឺ ធ្វើឱ្យក្រុមក្មេងទំនើង មិនសូវហ៊ានធ្វើសកម្មភាព ផ្សេងៗផងដែរ។
ចំណែកប្រជាពលរដ្ឋរស់នៅក្នុងស្រុកសាលាក្រៅ ក៏មានការសប្បាយរីករាយ ដែលមានភ្លើងបំភ្លឺ ដាក់តាំងនៅតាមចិញ្ចើមផ្លូវ ចាប់តាំងពីក្រុងប៉ៃលិន រហូតដល់ព្រំដែនកម្ពុជាថៃ ហើយនៅកន្លែងមួយចំនួនមិនទាន់មាន តែរដ្ឋបាលខេត្តប៉ៃលិន បន្តជំរុញឱ្យក្រុមការងារចុះទៅពិនិត្យទីតាំង ដើម្បីរៀចំដាក់ជា បន្តបន្ទាប់។ ជាហេតុដែលធ្វើឱ្យពួកគាត់ អាចនាំគ្នាជិះម៉ូតូនាពេលយប់ មិនសូវខ្លាចជនខិលខូចធ្វើសកម្មភាពផ្សេងៗនោះឡើយ។ ពួកគាត់បន្តទៀតថា ជាពិសេសក្រោយពីមានភ្លើងបំភ្លឺផ្លូវ ពួកគាត់អាចងើបពីយប់ ជិះម៉ូតូដឹកទំ និញយកទៅលក់ដូរនៅព្រំដែន ដោយមិនមានការព្រួយបារម្ភ ហើយរហូតដល់ពេលយប់ជ្រៅបន្តិច ពួក គាត់ក៏អាចធ្វើដំណើរចេញពីព្រំដែនចូលមកក្នុងក្រុងប៉ៃលិន យ៉ាងរលូន ដោយមិនមានបញ្ហាអ្វីកើតឡើង ដូចកាលពីមុនៗនោះទេ ថែមទាំងមានភាពកក់ក្តៅផងដែរ។
ពួកគាត់ក៏សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ក្នុងការកែល ម្អដងផ្លូវឱ្យមានសោភ័ណភាពស្រស់ស្អាត អាចឱ្យពួកគាត់ចេញធ្វើដំណើរយប់ព្រលប់ដោយសុវត្ថិភាព។ ម្យ៉ាងវិញទៀត ភ្ញៀវទេសចរ ដែលចូលមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិន ក៏មានការសប្បាយរីករាយ ក្នុងការធ្វើដំណើរពេលយប់ ចេញពីក្រុងប៉ៃលិន ឆ្ពោះទៅកាន់ព្រំដែនកម្ពុជាថៃ ក្នុងភូមិផ្សារព្រំ ដើម្បីមើលទេសភាពនៅទីនោះផងដែរ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន