ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែងនិងខេត្តដុងថាប់បន្តពង្រឹង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

0

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជានិងខេត្តដុងថាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តពង្រីក ពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើច្រើនវិស័យសំដៅបម្រីផលប្រយោជន៍ភាគីទាំងពីរ ។

យោងភាគីទាំងពីរបានអោយដឹងកាលពីថ្ងៃទី២០ខែមករាថា : គណ:ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងគណ:ប្រតិភូរដ្ឋបាលខេត្តព្រៃវែងដឹកនាំដោយឯកឧត្តមជា សុមេធី អភិបាលខេត្ត អញ្ជើញជួបប្រជុំពិភាក្សាជាមួយឯកឧត្តមផាម ធៀវ ងា (Pham Thiev Gnia) អនុលេខាបក្សកុំមុយនីស្តវៀតណាមខេត្តនិងជាប្រធានគណ:កម្មាធិការប្រជាជនខេត្តដុងថាប់ និងឯកឧត្តម គៀវ ឆេឡឹម អនុប្រធានក្រុមប្រឹក្សាខេត្តដុងថាប់ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ភាតរ:ភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងបីនៃភាគីទាំងពីរ ។

បន្ថែមលើនោះគឺក្នុងគោលបំណងជូនពរដល់ថ្នាក់ដឹកនាំបក្សខេត្ត ក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការប្រជាជន ព្រមទាំងកម្មាភិបាល កងកម្លាំងប្រដាប់អាវុធនិងប្រជាជនខេត្តដុងថាប់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។

ឯកឧត្តមផាម ធៀវ ងា (Pham Thiev Gnia) អនុលេខាបក្សខេត្តនិងជាប្រធានគណ:កម្មាធិការប្រជាជនខេត្តដុងថាប់មានប្រសាសន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្តបន្ទាយមានជ័យនិងខេត្តព្រៃវែងដែលបានដឹកនាំប្រតិភូទៅជូនពរផ្ទាល់ដល់ថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនខេត្តដុងថាប់ នាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំថោះ តាមចន្ទគតិ ពស២៥៦៥ គស២០២៣ នេះ ។

ឯកឧត្តមផាម ធៀវ ងា បានបន្តថា: ក្នុងជំនួបកិច្ចពិភាក្សាដ៏រីករាយនាឆ្នាំនេះ ចំពេលដែលប្រទេសយើងទាំងពីរ កំពុងអបអរសាទរខួបទី៥៥ឆ្នាំនៃចំណងការទូតនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិយាយរួម។
និងនិយាយដោយឡែករវាងខេត្តដុងថាប់ បន្ទាយមានជ័យ ពោធិសាត់និងព្រៃវែងដែលជាខេត្តសម្ព័ន្ធមេត្រីភាព បានសម្រេចដូចបំណងនូវផ្លែផ្កានៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើច្រើនវិស័យដូចជាទំនាក់ទំនងអន្តរជាតិនិងអ្នកជិតខាងល្អ ការពារជាតិ មហាផ្ទៃ កសិកម្ម ការដាំដុះនិងវារីវប្បកម្ម ពាណិជ្ជកម្ម ការវិនិយោគនិងធុរកិច្ច សាធារណការនិងដឹកជញ្ជូន ថាមពល ឧស្សាហកម្ម សិប្បកម្ម វិទ្យាសាស្ត្រ អប់រំ កីឡា បណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌និងសាសនា ទេសចរណ៍ …ជាដើម។

ក្នុងនោះដែរ ទំហំពាណិជ្ជកម្មរវាងខេត្តដុងថាប់ជាមួយខេត្តព្រៃវែងនិងខេត្តនានាតាមផ្លូវទឹក តាមច្រកព្រំដែនអន្តរជាតិយិនបា-បន្ទាយចក្រីនិងច្រកតំបន់ផ្សេងទៀតបានទឹកប្រាក់ជិត១ពាន់លានដុល្លាសរអាក្នុង១ឆ្នាំៗ ។

ក្នុងនោះដែរ កងទ័ពប្រជាជនវៀតណាមខេត្ត ក៏បានផ្តល់ការឧបត្ថម្ភដល់ភាគីខេត្តមិត្ត(បន្ទាយមានជ័យ ពោធិសាត់និងព្រៃវែង)នូវអគារសិក្សា អគារ ហេដ្ឋារចនាសម្ព័ន្ធនិងបំពាក់សម្ភារ:ដល់សាលារៀននិងមូលដ្ឋានកងយោធខេមរ:ភូមិន្ទ, បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជារាប់រយនាក់លើជំនាញសុខាភិបាលនិងជំនាញនានានៃវិស័កសិកម្មជាដើម ។

ឯកឧត្តមជា សុមេធី អភិបាលខេត្តព្រៃវែងនិងឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា : បន្ទាប់ពីអាក់ខានផ្លាស់ប្តូរដំណើរទស្សនកិច្ចដោយផ្ទាល់អស់ពេលពីរឆ្នាំ ពេលនេះភាគីទាំងពីរអាចអនុវត្តបានឡើងវិញហើយ ព្រោះប្រទេសយើងទាំងពីរបានដោះស្រាយវិបត្តិសាកលនៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ ឈានទៅបើកប្រទេសនិងបើកព្រំដែនពេញលេញឡើងវិញដើម្បីស្តារសេដ្ឋកិច្ច សង្គមកិច្ច។

នេះជាលទ្ធផលដ៏ល្អចាំងចែងនៃនយោបាយគ្រប់គ្រងជម្ងឺកូវីដ១៩ របស់រដ្ឋាភិបាលប្រទេសទាំងពីរនិងការចាក់វ៉ាក់សាំងបង្ការជម្ងឺនេះដល់ប្រជាពលរដ្ឋ។

ឯកឧត្តមបានរំលឹកពីចំណងស្មារតីនៃមិត្តភាព សាមគ្គីភាព ភារ:ភាពអន្តរជាតិអធនដែលបក្ស រដ្ឋ កងទ័ពនិងប្រជាជនវៀតណាម កម្ពុជាបានប្រកៀកស្មាប្រយុទ្ធប្រឆាំងសត្រូវរួម ជួយគ្នាគ្រប់កាល:ទេស: លំបាកនិងងាយស្រួល ដោយរក្សាបាននូវការគោរពផលប្រយោជន៍ អធិបតេយ្យភាព ឯករាជ្យគ្នាទៅវិញទៅមក។

ទន្ទឹមនឹងប្តេជ្ញាពង្រឹង ពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដោយបន្តពូនជ្រុំចំណងមិត្តភាព ភាតរ:ភាពសាមគ្គីភាពជាប្រពៃណី ជាបងប្អូន រវាងខេត្តទាំង៣ ដូចដែលមានចែងក្នុងស្មារតីខ្លឹមសារនៃអនុស្សារណ:យោគយល់គ្នា(MOU)ដែលបានចុះហត្ថលេខាកន្លងមក ឯកឧត្តមជា សុមេធី អភិបាលខេត្តព្រៃវែងនិងឯកឧត្តមអ៊ុំ រាត្រីបានស្នើថា ភាគីទាំងពីរនឹងរៀបចំពង្រាង កែសម្រួលខ្លឹមសារអនុស្សារណ:យោគយល់គ្នានេះ ។
ហើយថ្នាក់ដឹកនាំនិងមន្ត្រី កម្មាភិបាលភាគីទាំងពីរនឹងរកពេលវេលាសមស្របដើម្បីប្រជុំ ពិភាក្សានិងចុះហត្ថលេខាដើម្បីខេត្តចំណងមេត្រីភាពទាំងនេះបន្តរយ:ពេល៥ឆ្នាំទៀត។

ពោលគឺបន្ទាប់ពីMOU លើកទី១កាលពីថ្ងៃទី៥ខែតុលាឆ្នាំ២០១១និងលើកទី២ កាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០១៦ ដែលផុតសុពលភាពកន្លងមក៕ដោយ៖ឃិន គន្ធា