អគារសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម នឹងត្រៀមដាក់ សម្ពោធនាពេលឆាប់ៗខាងមុខនេះ

0

កំពង់ចាម​:​ សមិទ្ធផលថ្មី នៃអគារពហុបំណង សម្រាប់បម្រើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី ៣១ ខែមករា ខាងមុខនេះ ។ ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលខេត្តកំពង់ចាម បញ្ជាក់យ៉ាងដូច្នេះក្នុងឱកាស អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារ ខាងលើ ដែលមានទីតាំង ស្ថិតនៅ ភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ។

គួរបញ្ជាក់ថា អគារពហុបំណងសម្រាប់ បម្រើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ត្រូវបានផ្តួចផ្តើមកសាង ដោយឯកឧត្តម ហ៊ុន ម៉ា នី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ អគារនេះមាន ទំហំ ១៣ម៉ែត្រ គុណនឹង ២០ម៉ែត្រ សង់ពីថ្មមានកម្ពស់ ១ជាន់ គឺជាន់ផ្ទាល់ដី និងជាន់ ទី ១ មាន ដំបូលប្លង់សេឥដ្ឋកន្សែងក្រាលដោយកៅស៊ូ ការពារជម្រៀបទឹក ។ សំណង់នេះបានសាងសង់នៅលើ ដីកម្មសិទ្ធិរបស់ ស​ស យ​ ក ខេត្តកំពង់ចាម ដែលមាន ទំហំប្រមាណជា ៤.២០៧ ម៉ែត្រការ៉េ ។
តាមការឲ្យដឹងលម្អិតពីមន្ត្រីបច្ចេកទេសប្លង់ នៃអគារពហុបំណងនេះ គឺមានបន្ទប់ ចំនួន ៤សម្រាប់បម្រើ នូវសេចក្តីត្រូវការរបស់យុវជន និងប្រជាជនទូទៅ ដោយបានបែងចែកចេញជា ៖ ១. សាលប្រជុំ ភ្នំប្រុស ដែលអាចអនុញ្ញាតឲ្យមនុស្ស ចំនួន ៣៣នាក់ ជាអតិបរមាចូលរួម និងប្រើប្រាស់ ។ ២. ការិយាល័យលេខាធិការដ្ឋាន គឺជាទីកន្លែងប្រតិបត្តិការ ការងាររដ្ឋបាល ទូទៅ និងកិច្ចការសម្របសម្រួលនានាពាក់ព័ន្ធសេវា ស​ ស យ​ ក ខេត្តកំពង់ចាម ។ ៣. សាលប្រជុំ ភ្នំស្រី អាចអនុញ្ញាតអោយ មនុស្ស ចំនួន ២០០នាក់ ជាអតិបរមាចូលរួម និងប្រើប្រាស់ ។ និង ៤. បណ្ណាល័យ ត្រូវបានបំពាក់ នូវសេវាបណ្ណាល័យគ្រប់ប្រភេទ រួមមាន ៖ ការអាន សៀវភៅ ការអាន សិក្សា ស្រាវជ្រាវ តាមបែប ឌីជីថល និងការកម្សាន្ត ។

គួរកត់សម្គាល់ដែរថា មកដល់បច្ចុប្បន្ន ក្រុមការងារ បច្ចេកទេស កំពុងយកចិត្តទុកដាក់អនុវត្ត គម្រោងខាងលើនេះយ៉ាងមមាញឹក និងការយកចិត្តទុកដាក់បំផុត ដើម្បីបំពេញបន្ថែម ទៅលើ កិច្ចការដែលនៅសេសសល់ នៃសំណង់ទាំងមូល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងធ្វើយ៉ាងណា ដើម្បីឲ្យរួចរាល់ទៅតាមពេលកំណត់ និងត្រៀមដាក់សម្ពោធ ឲ្យប្រើប្រាស់ជា ផ្លូវការនាពេលឆាប់ៗខាងមុខនេះ ៕