ការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមដល់សត្វគោក្របី ជូនប្រជាកសិករនៅភូមិឈូក  ឃុំទ្រៀល ស្រុកតាំងគោក

(កំពង់ធំ)÷ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣
ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យ និងមន្ត្រីការិយាល័យ ដោយមានការអញ្ជើញចូលរួមកិច្ចសហការពីលោក ហាក់ ម៉ុងហួត អភិបាល នៃគណអភិបាលស្រុកតាំងគោក ព្រមទាំងមន្រ្តីការិយាល័យកសិកម្ម​ធនធានធម្មជាតិ និងបរិស្ថានស្រុក ដែលទទួលបន្ទុកវិស័យសុខភាពសត្វ និងអាជ្ញាធរមូលដ្ឋាន បានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម គោ/ក្របី ជូនប្រជាកសិករនៅភូមិឈូក  ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមរបាយការណ៍របស់លោក ហាក់ ម៉ុងហួតអភិបាលស្រុកតាំងគោក បានបញ្ជាក់ថា ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺអុតក្តាម គោ/ក្របី នេះផងដែរ ក្រុមការងារសង្កេតឃើញថាប្រជាកសិករមានការយល់ដឹង និងបានចូលរួមយ៉ាងសស្រាក់សស្រាំ ដោយនាំយកសត្វចិញ្ចឹមរបស់ខ្លួន(គោក្របី)មកចាក់វ៉ាក់សាំងការពារជំងឺនេះ ជាលទ្ធផលក្រុមការងារសម្រេចចាក់បានសត្វសរុបចំនួន២៥០ក្បាល (គោទាំងអស់)។

ជាមួយនេះផងដែរ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ក៏បានណែនាំដល់បងប្អូនម្ចាស់សត្វពាហនៈទាំងអស់ ត្រូវធ្វើអនាម័យដល់សត្វចិញ្ចឹមរបស់ខ្លួនឲ្យបានជាប្រចាំ និងចេះតាមដានសុខភាពសត្វរបស់ខ្លួន ប្រសិនបើសុខភាពសត្វរបស់ខ្លួនមានភាពមិនប្រក្រតី សូមទាក់ទងឬរាយការណ៍ជាបន្ទាន់ ទៅភ្នាក់ងារសុខភាពសត្វភូមិ ឬអាជ្ញាធរដែនដី  ឲ្យបានទាន់ពេលវេលាទើបពួកគាត់ជួយព្យាបាល និង ទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍បាន។

គួរបញ្ជាក់ផងដែរថស សម្រាប់ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល បានផ្តល់ជូននូវសម្ភារៈបរិក្ខាបសុពេទ្យ ថ្នាំព្យាបាល និងវ៉ាក់សាំងអុតក្តាម មួយចំនួនដល់មន្ត្រីកសិកម្មស្រុក និងជាពិសេសភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីចាក់បន្តជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។