គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បើកកិច្ចប្រជុំរៀបចំផែនការ និងកម្មវិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិលើកទី២ ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ

0

គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បើកកិច្ចប្រជុំរៀបចំផែនការ និងកម្មវិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិលើកទី២ ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ។

ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា និងប្រសាសន៍ណែនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ។

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣  នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំពិភាក្សារៀបចំផែនការ និងកម្មវិធីជាក់ស្ដែង ដើម្បីបំពាក់គ្រឿងឥស្សរិយយសការពារជាតិថ្នាក់មាស និងថ្នាក់ប្រាក់ ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ជាលើកទី២ ដើម្បីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ដែលកិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោមស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា យោងសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  ព្រះមហាក្សត្របានសម្រេចផ្ដល់គ្រឿងឥស្សរិយយការពារជាតិជូនអតីតយុទ្ធជន នៅខេត្តកំពង់ធំចំនួន ៣.៤៤៧ នាក់ ដែលនឹងត្រូវរៀបចំពិធីបំពាក់ជូននៅពេលខាងមុខ ស្ថិតក្រោមអធិបតីភាពឥស្សរជនថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលត្រូវបានគ្រោងទុកសុំការសម្រេច ទៅថ្នាក់ដឹកនាំជាន់ខ្ពស់នៅលើបីគោលដៅ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

នៅក្នុងអង្គប្រជុំ ដែលមានការចូលរួម ពីអស់លោក លោកស្រី ប្រធាន នឹងអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្រុង ស្រុកទាំង០៩ និងក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ តាមការប្រគល់ភារកិច្ចរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម និងការណែនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានកិត្តិយសសមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីរៀបចំកម្មវិធី ទីកន្លែង និងពេលវេលាសមស្រប ដើម្បីផ្ដល់កិត្តិយសជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើង ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ឱ្យបានល្អ ហើយទទួលបានជោគជ័យតាមផែនការ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ៕