សមត្ថកិច្ច និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចុះឃាត់ខ្លួនកម្មករសុីឈ្នួលកាប់ព្រៃចំនួន៤នាក់ដើម្បីយកទៅសាកសួរ

0

ខេត្តកែប៖ ដោយទទួលបាននូវសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងដោយមានការណែនាំពី ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក៏ដូចជាអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ឆាង ឆៃ អភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានចាត់តាំង លោក អ៊ុក វុទ្ធី និងលោក ធិន សុីណា អភិបាលរងស្រុក ដឹកនាំកម្លាំងចម្រុះមាន លោក ឌិត សុវណ្ណ នាយផ្នែករដ្ឋបាលព្រៃឈើ នៃមន្ត្រីកសិកម្ម , លោក នួន នី អនុការិយាល័យសេដ្ឋកិច្ចស្រុក , លោក ជិន ដារ៉ា មន្ត្រីរដ្ឋបាលស្រុក , លោក ឆេង ស្រ៊ុន មន្ត្រីរដ្ឋបាលស្រុក , លោក រ័ត្ន មុន្នី មន្ត្រីភូមិបាលស្រុក , លោក សំ ផូន អាវុធហត្ថស្រុក , លោក សុខ កុសល អាវុធហត្ថស្រុក , លោក ស៊ូ ចាយ អធិការដ្ឋាននគរបាលស្រុក , ទៀន សាមមើឌី នាយរងផ្នែក , លោក វរសេនីយ៍ឯក ង៉ែត ទូច ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប , លោកវរសេនីយ៍ ប៊ុន ឡាយ , លោកវរសេនីយ៍ ពៅ វុទ្ធិ , លោកវរសេនីយ៍ អាត់ ភារ: មន្ត្រីកម្លាំងនៃស្នងការនគរបាលខេត្ត បានចុះធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដែលជាក្រុមកម្មករសុីឈ្នួលកាប់ព្រៃនៅចំណុច ភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្រោយពីចុះធ្វើការហាមឃាត់ សមត្ថកិច្ចក៏បាននាំក្រុមកម្មករសុីឈ្នួលទំាង៤នាក់រួមមាន៖ ទី១ – ឈ្មោះ ឈឹម រុី អាយុ ៤២ឆ្នាំ នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត , ទី២ – ឈ្មោះ ណា ខុំ អាយុ ២៤ឆ្នាំ នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត , ទី៣ – ឈ្មោះ បេ វ៉ាន់ អាយុ ៥៣ឆ្នាំ នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត , ទី៤ – ឈ្មោះ ខូវ ផូង អាយុ ៤៥ឆ្នាំ នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មកកាន់អធិការ នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ដើម្បីមន្ត្រីជំនាញធ្វើការសាកសួរ និងកសាងនីតិវិធីតាមផ្លូវច្បាប់។

បើតាមកំណត់ហេតុសាកសួរ ក្រុមកម្មករទាំង៤នាក់ខាងលើបានសារភាពថា ពួកគាត់ត្រូវបានឈ្មោះ សិទ្ធ ច្រយ ភេទស្រី នៅភ្នំពេញ ជួលកាប់ព្រំដីជុំវិញរបងដែលបានធ្វើ ដោយគិតតម្លៃ ៣០០ដុល្លារ ក្នុង១ហិកតា។

លោក ជួន សំរួល ប្រធានស្តីទីនាយខណ្ឌរដ្ឋបាលព្រៃឈើកែបបានឲ្យដឹងថា ដីនៅចំណុចនោះជាដីព្រៃសហគមន៏របស់រដ្ឋ ហើយកំពុងតែប្តឹងទៅតុលាការ ចំពោះអ្នករំលោភបំពានកាប់ព្រៃត្រូវបានឃាត់ខ្លួន និងស្នើសុំយោបល់ថ្នាក់លើបន្ត។
សូមរម្លឹកថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ កម្លាំងចម្រុះស្រុកដំណាក់ចង្អើរ ធ្លាប់បានចុះធ្វើការហាមឃាត់ម្តងរួចមកហើយ បន្ទាប់ពីក្រុមកម្មករខាងលើនេះបានទៅសាងសង់របងដោយគ្មានការអនុញ្ញាត្ត និងបានឲ្យធ្វើកិច្ចសន្យា ប៉ុន្តែអ្នកដែលនៅពីក្រោយខ្នងក្រុមកម្មករនេះ ហាក់ដូចជាមិនខ្លាចច្បាប់ឡើយ។

ពាក់ព័ន្ធករណីនេះដែរចាំមើលថា តើមន្ត្រីជំនាញនឹងចាត់វិធានការបែបណាតាមផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ សិទ្ធ ច្រយ ដែលជាអ្នកជួលក្រុមកម្មករខាងលើ ខណៈសំណុំឈូសឆាយដីព្រៃនាពេលកន្លងមក នៅមិនទាន់វែកមុខរកអ្នកបញ្ជាពីក្រោយខ្នងឃើញនៅឡើយ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅដល់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តនានា ដែលមានដីព្រៃរដ្ឋ ឲ្យចាត់វិធានការជាបន្ទាន់ទៅលើអ្នករំលោភដីព្រៃ។ សម្តេចតេជោ បានលើកឡើងថា ក្នុងឱកាសនៃកម្ពុជារវល់ក្នុងការរៀបចំការបោះឆ្នោត ជានិច្ចកាលក្រុមជនខិលខូចដែលរំលោភដីព្រៃរដ្ឋបានកើតឡើងជាញឹកញយ។

សម្ដេចតេជោ បានបញ្ជាទៅដល់ក្រសួងពាក់ព័ន្ធនិងអភិបាលខេត្តដែលមានបញ្ហាទាំងអស់នេះឲ្យចាត់វិធានការជាបន្ទាន់ទៅលើអ្នកដែលរំលោភដីព្រៃរដ្ឋទាំងអស់នោះ។

សម្ដេចថា៖ «យើងមិនអាចលើកលែងឬយោគយល់ ដើម្បីតែសន្លឹកឆ្នោតពីមនុស្សប៉ុន្មាននាក់នេះទេ។»។
សម្តេចតេជោថា នឹងមិនអត់អោនដល់អ្នកនៅពីក្រោយការកាប់ទន្ទ្រានដីព្រៃរដ្ឋទាំងអស់នេះទេ ទោះបីជាពួកគេមានបុណ្យស័ក្កិធំយ៉ាងណាក៏ដោយ៕