ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង ៤០០គ្រួសារ នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ទទួលអំណោយមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

0

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និងលោកជំទាវ​ បាន ស្រីមុំ អភិបាលខេត្ត បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយក​អំណោយ​មនុស្ស​ធម៌ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា ចែកជូនដល់បង​ប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៤៣៥គ្រួសារ នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

នៅក្នុងឱកាសនោះផងដែរ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានមានប្រសាសន៍ផ្តាំដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឲ្យកើតជម្ងឺដម្កាត់​ផ្សេងៗ ហើយបើមានកើតបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយ​បងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយបាបឆាប់រហ័ស និងទាន់ពេលវេលា ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋាន​ទាំង​អស់​ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើង​នៅ​ជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ ។

លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញពាក់​ព័ន្ធ ត្រូវយកចិត្តទុក្ខដាក់ និងជំរុញប្រជាពលរដ្ឋ ទៅទទួលប័ណ្ណព័ត៌មានឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវជួយ​សម្រប​សម្រួល ជូនប្រជាពលរដ្ឋ ដែលមិនទាន់មានឯកសារពាក់ព័ន្ធ ដែលបម្រើដល់ការបោះឆ្នោត ត្រូវធ្វើអោយបានរួចរាល់ ដោយធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ មាន​ឯកសាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ អោយបានគ្រប់ៗគ្នា ។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍ នាំមកនូវ​សេចក្តី​​នឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត  ដែល​ជានិច្ច​កាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ​នៅទូទាំងព្រះរាជាណា​ចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ប្រកបដោយការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះ​ដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ពិសេសជាង ២ឆ្នាំមកហើយ ក្នុងស្ថានភាពដ៏​សែន​លំបាកប្រកបដោយគ្រោះថ្នាក់នៃការរាតត្បាតជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានរំដោះសង្រ្គោះ ឆក់យក​បាន​ជិវិតប្រជាពលរដ្ឋចេញពីក្រញាំមច្ចុរាជមកវិញ តាមរយៈការចាក់វ៉ាក់សាំងស្រោច បង្កើតភាពស៊ាំ និងបើកប្រទេសឱ្យ​ដំណើរ​​ការឡើង​វិញតាមប្រក្រតីភាពថ្មី បន្តការអភិវឌ្ឍទៅមុខ ។ ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ជាក់ស្តែងនៅថ្ងៃនេះ គ្រាន់តែទទួលដំណឹងពីអាជ្ញាមូលដ្ឋាន ថាមានបងប្អូនយើងជួបការលំបាក លោកជំទាវ​ បាន ស្រីមុំ អភិបាលខេត្ត បានរៀបចំអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកចែកជូនដល់បងប្អូនយើងបានទាន់ពេលវេលា ដើម្បីចូលរួមចំណែកដោះស្រាយ នូវការលំបាកជាក់ស្តែង​ ហើយបើទោះ​បីជាអំណោយទាំងនេះមិនបានបំពេញតាមតម្រូវ​ការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយ​កំរិត​​ផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុំពូមីង និងបង​ប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើត​ផល ​ដាំដំណាំ ចិញ្ចឹមសត្វ ឲ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនអោយធូធាជាងមុន ។

សូមបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៤៣៥គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ ១យួ ប្រហុក ១កែវ និងថវិកាមួយចំនួនផងដែរ ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន​