គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បញ្ចូលសមាជិកថ្មីជាង ១ពាន់២០០នាក់ ក្នុងនោះមានសមាជិកគណបក្សភ្លើងទៀន និងសមាជិក៣គណបក្សទៀត ដែលបានចូលមករួមសុខរួមទុក្ខជាមួយ គណបក្សប្រជាជនកម្ពុជា

0

ខេត្តព្រះវិហារ៖ សមាជិក សមាជិកាគណបក្ស ១ពាន់ ២០៨នាក់ ក្នុងនោះ សមាជិកដែលទើបពង្រឹងថ្មី ១ពាន់ ៣៦នាក់ បូករួមទាំងសមាជិកមកពី គណបក្ស ៤ទៀត គឺ គណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សសញ្ជាតិកម្ពុជា ត្រូវបានប្រកាសបញ្ចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថិតនៅក្នុងឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។

ពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ទាំង១ពាន់ ២០៨នាក់ នាថ្ងៃនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ដោយមានការចូលរួមពី លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ លោក គីម រិទ្ធី អនុប្រធានគណៈកម្មាធិការ​គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក និងនៅថ្នាក់មូលដ្ឋានដ៏ច្រើនកុះករ ផងដែរ។

ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ស្រុករវៀង លោក ហ៊ោ ប៊ុនហួ បានថ្លែងថា សមាជិកបក្សដែលត្រូវបានប្រកាសបញ្ចូលថ្មី នៅក្នុងពេលនេះ មានចំនួន ១ពាន់ ២០៨នាក់ ក្នុងនោះសមាជិកដែលទើបពង្រឹងថ្មី ១ពាន់ ៣៦នាក់ ស្រី៦៤៣នាក់ សមាជិកមកពី គណបក្សភ្លើងទៀន ៩៨នាក់ ស្រី៤៥នាក់ គណបក្សខ្មែររួបរួមជាតិ ៥៣នាក់ ស្រី២៥នាក់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ១៦នាក់ ស្រី៨នាក់ និងគណបក្សសញ្ជាតិកម្ពុជា ២នាក់ ស្រី១នាក់។

ស្របពេលជាមួយគ្នានោះ លោក មាស សុភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនជាសមាជិក សមាជិកាថ្មី ទាំងអស់ ដែលបានប្តេជ្ញាចិត្តយ៉ាងឱឡារិក សុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងមួយចំនួនបានចាកចេញពី គណបក្សនយោបាយផ្សេងៗ ដែលបងប្អូនធ្លាប់គាំទ្រ នាពេលកន្លងមក ហើយវិលមករួមជីវភាពនយោបាយ នៅក្នុងមហាគ្រួសារ គណបក្សប្រជាជនកម្ពុជា ដែលបងប្អូនទាំងអស់គ្នា សុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របទៅនឹងលក្ខខន្ធទាំងឡាយ ដូចមានចែងនៅក្នុងលក្ខន្តិកៈ គណបក្សប្រជាជនកម្ពុជា។

លោក មាស សុភា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មានអង្គការចាត់តាំងច្បាស់លាស់ តាំងពីថ្នាក់កំពូល រហូតដល់ថ្នាក់មូលដ្ឋាន ដោយឈរលើមូលដ្ឋានបង្រួប បង្រួម សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទះខ្ពស់  រួមសុខ រួមទុក្ខ ជាមួយប្រជាជន និងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស។

លោក មាស សុភា មានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជា បានធានាលើការថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើឲ្យសម្រេចជោគជ័យ បង្កើនសមិទ្ធផលធំៗ ថ្មីៗថែមទៀត និងបានធ្វើឲ្យប្រជាជន មានជីវភាពកាន់តែសំបូរ សប្បាយ រស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម ប្រកបដោយការគោរពតម្លៃមនុស្ស ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌សង្គម។

លោក មាស សុភា បានអំពាវនាវ ដល់សមាជិក សមាជិកាទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង ១៨ កុំបីខាន ដើម្បីធានាដល់ការបង្កើត រាជរដ្ឋាភិបាល សម្រាប់និតិកាលថ្មី ដោយបោះឆ្នោតបន្តគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងអនុម័តគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លោក មាស សុភា បានផ្តាំផ្ញើដល់សមាជិក សមាជិកា ដែលទើបត្រូវបានប្រកាសបញ្ចូលថ្មី នៃគណបក្សប្រជាជន នាពេលនេះទាំងអស់ ត្រូវខិតខំគោរពវិន័យ និងលក្ខន្តិកៈ ដោយអនុវត្តឲ្យស្របទៅនឹងគោលនយោបាយដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តបេសកកម្មឆ្ពោះទៅមុខជាបន្តទៀត។

សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ខេត្តព្រះវិហារ មានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន ១២គណបក្ស ក្នុងនោះមាន៖ គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សស្ត្រីដើម្បីស្រ្តី គណបក្សខ្មែរឈប់ក្រ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សធម្មាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា៕ដោយ៖ឡុង សំបូរ