ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យមើលទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ត្រៀមសម្រាប់ថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅសង្កាត់កំពង់ធំ និងសង្កាត់កំពង់រទេះ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អមដំណើរដោយក្រុមការងារថ្នាក់ខេត្ត ព្រមទាំងលោកប្រែង សាវុធ ប្រធានគណៈកម្មាការខេត្តរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បានចុះពិនិត្យមើលទីតាំងការិយាល័យបោះឆ្នោតនិងរាប់សន្លឹកឆ្នោត ដើម្បីឱ្យមានសណ្ដាប់ធ្នាប់ល្អក្នុងការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានមកបោះឆ្នោតប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់ គណៈកម្មការរៀបចំការបោះឆ្នោតឃុំ/សង្កាត់ និងគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត បានយកចិត្តទុកដាក់ រៀបចំទីតាំងការិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ត្រៀមសម្រាប់ថ្ងៃបោះឆ្នោតដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីឱ្យកន្លែងបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកបោះឆ្នោត។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីយកមកបោះឆ្នោត ដែលប្រព្រឹត្តទៅចាប់ពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល នៅតាមទីតាំងកាល័យបោះឆ្នោតក្នុងឃុំ/សង្កាត់របស់បងប្អូន ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា សម្រាប់នៅសាលាកំពង់ធំក្រុងមាន០៥ការិយាល័យ ចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតមាន១.០៨៩នាក់។ នៅអនុវិទ្យាល័យកំពង់រទេះមានការិយាល័យសរុប០៩ការិយាល័យ ចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតមាន៣.៦២១នាក់។