ជនជាតិចិនចំនួន២ក្រុមជិះរថយន្តទំនើបដេញបាញ់គ្នាផ្អើលក្រុងព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ករណីនេះបានកើឡើងនៅវេលាម៉ោង៩និង២៥ នាទីព្រឹកថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២៣ នៅចំណុចរង្វង់មូលតោពីរស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុ។

ជុំវិញបញ្ហារនេះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មាន ប្រសាសន៍ឲ្យដឹងថាករណីផ្ទុះអាវុធបង្កឡើងដោយជនសង្សយ័០២ក្រុមនៅក្រុងព្រះសីហនុថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ គឺជាករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា។

លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់បន្ថែមថា ក្រោយកើតហេតុកម្លាំងនគរបាលនិងសមត្ថកិច្ចពាក់ពន្ធ័ បានបើកប្រតិបត្តិការដេញបង្ក្រាបជនល្មើស ដែលប្រព្រឹត្តអំពើចាប់ជំរិតជនជាតិចិនដូចគ្នា នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ម្តុំជិតរង្វង់មូលតោ២ ហើយគិតមកត្រឹមល្ងាចថ្ងៃដដែលនេះ កម្លាំងនគរបាល ចាប់បាន ឃាត់ ខ្លួនជនសង្ស័យចំនួន៣នាក់ ជាជនជាតិចិន និងជួយរំដោះបានជនរងគ្រោះជាជនចិនដូចគ្នាចំនួន ៣នាក់ ផងដែរ។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ទៀតថា ការបង្ក្រាបករណីចាប់ជំរិតនេះក្រៅពីការចាប់ខ្លួន ជនសង្ស័យ កម្លាំងនគរបាលក៍បានដកហូតកាំភ្លើង១ដើម និងរថយន្តចំនួន២គ្រឿង និងសម្ភារៈវត្ថុតាង មួយ ចំនួនទៀត។បច្ចុប្បន្នកម្លាំងនគរបាលខេត្តនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដោយកម្លាំងសមត្ថកិច្ច កំពុង បន្តតាមប្រមាញ់បក្សពួកដែលនៅសេសសល់បន្ថែមទៀត៕

នាគសមុទ្រ