នគរបាលស្រុកជាំក្សាន្ត ឃាត់ខ្លួនបុរសម្នាក់ និងដកហូតបានថ្នាំញៀន ៥កញ្ចប់

0

ខេត្តព្រះវិហារ៖ ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធ នឹងការរក្សាទុកជួញដូរគ្រឿងញៀន ៥កញ្ចប់តូច ត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលជាំក្សាន្ត ចុះបង្ក្រាប និងឃាត់ខ្លួនបាន នៅម៉ោង ២ និង៤០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុច ផ្លូវកៅស៊ូ ស្ថិតនៅ ភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានបង្ហាញឲ្យដឹងថា ជនសង្ស័យម្នាក់ដែលរងការឃាត់ខ្លួន ដែលជាប់ពាក់ព័ន្ធនឹងការរក្សាទុកជួញដូរ ដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុញៀននោះ ឈ្មោះ យ៉ាន់ ប៊ុនធឿន ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងពេលឃាត់ខ្លួនជនសង្ស័យ យ៉ាន់ ប៊ុនធឿន សមត្ថកិច្ចដកហូតបានវត្ថុតាងប្រព្រឹត្តបទល្មើស រួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់តូច ម៉ូតូម៉ាក PUZAA មួយគ្រឿង ពណ៌ខ្មៅ លាយ ស និងទូរសព្ទ័ ១គ្រឿង ម៉ាក់ OPPO ពណ៌ទឹកប៊ិចចាស់ ផងដែរ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យ យ៉ាន់ ប៊ុនធឿន រួមទាំងវត្ថុតាងថ្នាំញៀន ៥កញ្ចប់តូច ត្រូវបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត និងនៅថ្ងៃទី២៥សីហា២០២៣នេះ ជនសង្ស័យ និងថ្នាំញៀន កំពុងស្ថិតក្រោមការសាកសួរ និងរក្សាទុកពីមន្ត្រីនគរបាលជំនាញគ្រឿងញៀនស្រុកជាំក្សាន្ត ដើម្បីចងក្រងសំណុំរឿង បញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បន្តកសាងនីតិវិធី បញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារ ចាត់ការតាមច្បាប់៕ដោយ៖ឡុង សំបូរ