ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខា    ប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន

0

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន និងបន្តអញ្ជើញចុះពីនិត្យពីស្ថានភាព សក្កដានុពលសេដ្ឋកិច្ចនៅច្រកទ្វាអន្តរជាតិព្រំដែនខេត្តប៉ៃលិន ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកជាប៉ូលទី៤ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ការជួបសំណេះសំណាល បានធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន។

បន្ទាប់ពីលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន បានរាយការណ៍អំពីស្ថានភាព នៃវិស័យកសិកម្ម ព្រៃឈើ និងការនេសាទ នៅក្នុងខេត្តប៉ៃលិន និងលើកបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ជូនឯកឧត្តម រដ្ឋមន្រ្តី និងគណៈប្រតិភូបានជ្រាបរួចមក ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ពីគោលបំណងចំនួន២ របស់ឯកឧត្តម ក្នុងបេសកកម្មមកកាន់ខេត្តប៉ៃលិន គឺទី១-ដើម្បីសំណេះសំណាល សួរសុខទុក្ខ និងជជែកអំពីតួនាទី ភារកិច្ចអោយបានច្បាស់លាស់របស់មន្រ្តីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន។

ទី២- ពិនិត្យមើលអំពីស្ថានភាព នៃប៉ូលសេដ្ឋកិច្ចទី៤ ដែលនឹងក្លាយជាប៉ូលសេដ្ឋកិច្ចផ្នែកវិស័យកសិកម្ម ដែលសម្តេចតេជោបានប្រកាសកាលពីពេលកន្លងមក ដែលមាន៤ខេត្ត ក្នុងនោះមានៈ ខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ព្រមទាំងឆ្លៀតពិនិត្យមើលនូវស្ថានភាពនៃតម្លៃស្រូវនៅក្នុងខេត្តទាំង៤នេះផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា មន្រ្តីកសិកម្មរបស់យើងត្រូវប្រឹងប្រែងជួយដល់ប្រជាកសិក និងត្រូវជួយអោយចំគោលដៅ និងមានគំនិតឆ្នៃប្រឌិតក្នុងការជួយនេះ ជៀសវាងមានបន្ទុកកាន់តែធ្ងន់ និងលំបាកដោះស្រាយ ដោយសារតែការជួយរបស់យើងនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា មន្រ្តីយើងត្រូវចុះដល់មូលដ្ឋាន សិក្សាវាយតម្លៃ អោយបានច្បាស់លាស់ពីតម្រូវការពិតប្រាកដរបស់ប្រជាកសិករ និងធ្វើការការគាំទ្រនូវបច្ចេកទេស និងជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ការនាំចេញ ការកាត់បន្ថយថ្លៃដើម ដើម្បីឱ្យកសិករមានផលចំណេញ និងមាននិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ ដើម្បីកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍បន្តទៀតថា ទាក់ទងនឹងតម្លៃស្រូវ តាមការពិនិត្យសិក្សាឃើញថា តម្លៃនេះគ្រាន់តែធ្លាក់ពីតម្លៃខ្ពស់ មកនៅត្រឹមតម្លៃធម្មតា ដែលប្រជាកសិករនៅតែទទួលផលចំណេញគួរសម មិនដូចការបំពុលរបស់ជនអគតិមួយចំនួននោះឡើយ។

នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូ ក៏បានអញ្ជើញចុះទៅកាន់ច្រកទ្វាអន្តរជាតិព្រំដែនខេត្តប៉ៃលិន ពិនិត្យវាយតម្លៃពីសក្កដានុពលសេដ្ឋកិច្ច ការនាំទំនិញចេញ-ចូល រវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ប៉ៃលិន(កម្ពុជា) និងខេត្តចាន់បូរី (ប្រទេសថៃ) ផងដែរ៕

ដោយ ភ្នំខៀវ ប៉ៃលិន