បញ្ជូនជនសង្ស័យ​ ៣នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីធ្វើឱ្យខូចខាតដោយចេតនា និងលួចមានស្ថានទម្ងន់ទោស

0

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោក​ វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានបេីកប្រតិបត្តិការស្រាវជ្រាវ​ឃាត់ខ្លួន
ជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់ ករណីធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចឃ្លាំងលក់រថយន្តHD ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ប្រព្រឹត្ត​កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅចំណុច ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​
ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០៣នាក់ ១.ឈ្មោះ​ គង់ រ៉ាវ៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ ២-​ឈ្មោះ​ លី រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៣-ឈ្មោះ​ ឈាង សុដាណេ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ ជនសង្ស័យទាំង៣នាក់​ ១-ឈ្មោះ​ ឆេង មុនីរ៉ាហ្វូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ ២-ឈ្មោះ​ ធារ លឹមងួន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។៣-ឈ្មោះ​ ហៀង វុទ្ធា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានបញ្ជាក់ថា​ កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤​ មានសង្ស័យ០១ក្រុមបានធ្វើសកម្មភាព ជិះម៉ូតូដេញវ៉ៃ ទៅលើជនរងគ្រោះឈ្មោះ​ គង់ រ៉ាវីត ភេទប្រុស អាយុ១៧ឆ្នាំ ដោយជនរងគ្រោះបានជិះម៉ូតូគេចខ្លួន​ ចូលក្នុងឃ្លាំងរថយន្តHD ហេីយក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមដល់ឃ្លាំងលក់រថយន្ត និងបានធ្វេីសកម្មភាពកាប់បំផ្លាញម៉ូតូម៉ាកCPX ពណ៌ស ផលិត ឆ្នាំ២០២៣ របស់ជនរងគ្រោះ។ ក្រោយពីធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរួច​ នៅវេលាម៉ោង២០និង ៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្រុមជនសង្ស័យបានបន្តធ្វើសកម្មភាពឆក់កាបូប​ របស់ជនរងគ្រោះឈ្មោះ​ ឈាង សុដាណេ ភេទស្រី អាយុ ១៨ឆ្នាំ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ជនសង្ស័យបន្ទាប់ពីឃាត់ខ្លួននិងសួរនាំ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពដេញវ៉ៃ​ និងកាប់បំផ្លាញម៉ូតូ ព្រមទាំងឆក់យកកាបូបរបស់ជនរងគ្រោះពិតប្រាកដមែន​។  ដោយផ្អែកលេីចម្លេីយសារភាព​ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង​កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ ខេត្តចាត់ការបន្តតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕ដោយ៖ឃិន គន្ធា