អភិបាលខេត្តកំពង់ចាម អះអាងថា លទ្ធផលនៃការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ អនុវត្តន៍បាន ២៩១គម្រោង ខណៈ សរុបការគាំទ្រ មាន ចំនួន ៥១៧គម្រោង

0

កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា លទ្ធផលនៃការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ អនុវត្តន៍បាន ២៩១គម្រោង ខណៈ សរុបការគាំទ្រ មាន ចំនួន ៥១៧គម្រោង ថ្លែង បែប នេះ ក្នុង កិច្ចប្រជុំណែនាំស្តីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) និងផ្សព្វផ្សាយ សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ ។

ថ្លែង ក្នុង កិច្ច ប្រជុំ នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន គូស បញ្ជាក់ ថា លទ្ធផលនៃការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ អនុវត្តន៍បាន៖ ផ្នែកសេដ្ឋកិច្ច គាំទ្រមានចំនួន ២០៤គម្រោង អនុវត្តន៍បាន ១៣២គម្រោង ផ្នែកសង្គមកិច្ច គាំទ្រមានចំនួន ២២៥គម្រោង អនុវត្តន៍បាន ១២០គម្រោង ។ ផ្នែកធនធានធម្មជាតិ និងបរិស្ថាន គាំទ្រមានចំនួន ២៥គម្រោង អនុវត្តន៍បាន ២១គម្រោង ។ ផ្នែករដ្ឋបាល និងសន្តិសុខ គាំទ្រមានចំនួន ៦៣គម្រោង អនុវត្តន៍បាន ១៨គម្រោង សរុបការគាំទ្រចំនួន ៥១៧គម្រោង និងអនុវត្តន៍បាន ២៩១គម្រោង ។

ឯកឧត្ដមអភិបាលខេត្ត បានបន្ត ថា ផ្អែកតាមផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួន រដ្ឋបាលឃុំ សង្កាត់បានរៀបចំ និងអនុវត្តនូវ គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដូចជា ការសាងសង់ផ្លូវលំ ផ្លូវបេតុង ស្ពាន អណ្តូងទឹក ប្រឡាយទឹក អគារសាលារៀន និងគម្រោងផ្សេងៗទៀតពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មាន អំពីបញ្ហាសុខភាព និងអនាម័យតាមជនបទ ការផ្សព្វផ្សាយចំណេះដឹងអំពីបញ្ហាយេនឌ័រ ការទប់ស្កាត់ អំពើហឹង្សាក្នុងគ្រួសារ ដោយប្រើប្រាស់មូលនិធិឃុំ សង្កាត់ និងកៀរគរធនធាន ដែលបានពីប្រភពផ្សេង ទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានារបស់ប្រជាជននៅតាមមូលដ្ឋាន ៕