កម្លាំងកងរាជអាវុធហត្ថ បញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះឃាត់ខ្លួនកាលពីថ្ងៃទី២១មករា២០២៤ ក្រោយរឹបអូសបានថ្នាំញៀនម៉ាទឹកកកមានទម្ងន់ជាង ១០០០គីឡូក្រាម កាលពីល្ងាចថ្ងៃទី២០មករា២០២៤ ដែលគេដឹកតាមរថយន្តម៉ាស្តា ១គ្រឿង យកទៅផ្លុងចោលនៅមុខ«វិទ្យាល័យជ័យសែន» ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តខេត្តវិហារ នោះមក។

តាមការបញ្ជាក់ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ នៅរសៀលថ្ងៃ២៣មករានេះថា ជនសង្ស័យពីរនាក់ ដែលម្នាក់គឺជាម្ចាស់ឃ្លាំងលក់រថយន្តនៅខេត្តស្ទឹងត្រែង លក់រថយន្តអោយគេហើយមិនបានកាត់ឈ្មោះ និងគូកនម្នាក់ទៀត ត្រូវបានឃាត់ខ្លួន ក្រោយបើកការស៊ើបអង្កេត និងនៅខណៈនេះត្រូវបានបញ្ជូនទៅកាន់ សាលាដំបូង និងអយ្យការខេត្តព្រះវិហារ នោះហើយ។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជាក់ទៀតថា ថ្នាំញៀនដែលរឹបអូសបានកាលពីល្ងាចថ្ងៃទី២០មករា២០២៤ នោះ រួមមាន៖ គឺជាថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ២៥ធុង ស្មើនឹង ១,០៨២.៥គីឡូក្រាម នេះជាទងន់បូករួមនឹងសម្ភារៈវិចខ្ចប់ ចំពោះថ្នាំញៀនសុទ្ធមានទម្ងន់ ១,០២១.២គីឡូក្រាម រួមនឹងសម្ភារៈមួយចំនួនទៀត ផងដែរ។ ចំពោះមេក្លោងជួញដូរគ្រឿងញៀន មានទម្ងន់ជាង ១ពាន់គីឡូក្រាមនេះ កម្លាំងសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ នោះហើយ។

ដោយឡែក ជនសង្ស័យ ២នាក់ ខណៈនេះកំពុងស្ថិតក្រោមការសាកសួរ ពីតំណាងអយ្យការ និងសាលាដំបូងខេត្តព្រះវិហារ នៅឡើយ៕ ដោយ៖ឡុង សំបូរ