ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ ដឹកនាំកិច្ចប្រជុំការប្រើប្រាស់ស្ថានីយទឹកស្អាតចំនួន០៧ស្ថានីយ៍នៅក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដើម្បីបម្រើសេវាទឹកស្អាតជូនប្រជាពលរដ្ឋ

0

 កំពង់ធំ÷ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន លោក គ្រីសស្បង់ សាកូនី តំណាងឲ្យអង្គការទីភ្នាក់ងារទឹកបារាំង លោក ដេវីត ប៊័រមូដ តំណាងឲ្យទីភ្នាក់ងារទឹកបារាំង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំការប្រើប្រាស់ស្ថានីយទឹកស្អាត ស្ថិតនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក  ខេត្តកំពង់ធំ  នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅក្នុងសាលប្រជុំសាលាស្រុកប្រាសាទបល្ល័ង្ក។

លោក ជិន ហ៉ីននមេឃុំសាលាវិស័យន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទឹកស្អាតអាងស្ទឹងសែន បានលើកឡើងថា  សមាគមទឹកស្អាតអាងស្ទឹងសែន បានបង្កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ និងមានទស្សនវិស័យ គឺចង់ឃើញប្រជាពលរដ្ឋរស់នៅតាមផ្ទៃរងទឹកភ្លៀងអាងស្ទឹងសែន ទទួលបានសេ វាទឹកស្អាតនិង អនាម័យ ដែលមានគុណភាពស្របតាមស្តង់ដាថ្នាក់ជាតិ។ បច្ចុប្បន្ននេះសមាគមមានស្ថានីយទឹកស្អាតជាសមាជិក សរុបចំនួន០៧ស្ថានីយដែល៣ស្ថានីយស្ថិតក្នុងខេត្តកំពង់ធំ ដូចជា(ស្ថានីយងន ស្ថានីយមានជ័យ ស្ថិតនៅក្នុងស្រុកសណ្តាន់ ស្ថានីយសាលាវិស័យនៅក្នុងស្រុកប្រាសាទបល្ល័ង្ក និង៤ស្ថានីយទៀតស្ថិត នៅក្នុងខេត្តព្រះវិហារដូចជា ស្ថានីយថ្មីក្នុងស្រុកគូលែន ស្ថានីយរក្សាក្នុងស្រុករវៀង ស្ថានីយពុទ្រាក្នុងស្រុកជ័យសែន និងស្ថានីយទឹកក្រហមក្នុងស្រុកជាំក្សាន្ត និងបានផ្ដល ហើយស្ថានីយតាំងក្រសៅ ជាស្ថានីយទី៨ដែលនិងចូលជាសមាជិកសមាគមនៅពេលខ្លីខាងមុខនេះ។

ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប មានប្រសាសន៍លើកឡើងថា ក្រោមការអនុវត្តគម្រោងរបស់ អាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម និងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារទឹកបារាំង និងអង្គការដៃគូបារាំងផ្សេងៗទៀត ដោយយល់ឃើញពីបញ្ហាប្រឈមនិងផលលំបាកដែលគណៈកម្មការគ្រប់គ្រងស្ថានីយផលិតទឹកស្អាតនៅតាមឃុំនីមួយៗជួបប្រទះកន្លងមក អាជ្ញាធរក៏បានសហការនិងបង្កើតសមាគមទឹកស្អាតស្ទឹងសែន ឡើងដើម្បីជួយប្រមូលផ្តុំស្ថានីយផលិតទឹកស្អាតទាំងអស់ដែលនៅក្នុងផ្ទៃរងទឹកភ្លៀងអាងស្ទឹងសែន រួមគ្នាដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនិងចែកចាយទឹកស្អាតនៃស្ថានីយផលិតទឹកស្អាតឲ្យកាន់តែប្រសើរ។

ជាចុងក្រោយឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរទន្លេសាប និងភ្នាក់ងារ ទឹកបារាំង ដែលជួយគាំទ្រ ជាពិសេសផ្ដល់ជាជំនួយឥតសំណងតាមរយៈអង្គការ ហាម៉ាប់ (HAMAP) អង្គការជេស្លូត (Gescod) និងអង្គការដៃគូរដទៃទៀត ដែលបានផ្តល់នូវស្ថានីយផ្គត់ផ្គង់ទឹកដល់ប្រជា ពលរដ្ឋនៅឃុំតាំងក្រសៅ ក៏ដូចជាឃុំផ្សេងៗទៀតដែលនៅតាមតំបន់ផ្ទៃរងទឹកភ្លៀងអាងស្ទឹងសែន ទាំងអស់ ហើយខ្ញុំបាទសូមប្ដេជ្ញានិងខិតខំប្រឹងប្រែង ដើម្បីធានាឲ្យស្ថានីយទាំងអស់ដំណើរការបានល្អ ទាំងគុណភាព និងប្រកបដោយចីរភាព៕ អត្ថបទដោយ លោក ធូ កែវមុន្នី