រដ្ឋបាលខេត្តកែប បានជម្រាបជូនគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមដែលបានជួបប្រទះនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា

0

ខេត្តកែប៖ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ( គណៈកម្មការទី៨ ) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការចូលរួមដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សំ សារឹន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងប្រធានមន្ទីរទាំងបួនវិស័យរបស់គណៈកម្មការទទួលបន្ទុក ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពការងារ និងបញ្ហាប្រឈម ក្នុងនីតិកាលទី៧ នៃរដ្ឋសភា នៅសាលាខេត្តកែប នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានមានប្រសាសន៍ថាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់ កាលទី១ដោយផ្តោតសំខាន់លើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព ដើម្បីកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោកជំទាវ ឡោក ខេង បានបន្តទៀតថា គោលនយោបាយ បញ្ចកោណដំណាក់កាលទី១ មានការអភិវឌ្ឍមូលធនមនុស្ស មុំទី៤ ការពង្រឹង ប្រព័ន្ធគាំពារសង្គមគឺបង្ហាញពីការកសាង និងការអភិឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈ ប្រមូលផ្តុំ ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម និងមានលិខិតបទដ្ឋានជាច្រើនទៀត ដែលសុទ្ធសឹងគាំទ្រដល់ការអភិឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសប្រព័ន្ធសន្តិសុខសង្គម ដែលបានចូលរួមចំណែកលើកកម្ពស់ កម្រិតជីវភាពរបស់ ប្រជាពលរដ្ឋកម្ពុជា និងចូលរួមកាត់បន្ថយភាពក្រីក្រ ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានមានប្រសាសន៍ថា ខេត្តបានចុះត្រួតពិនិត្យការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រួចតុកោណដំណាក់កាលទី៤ របស់រាជ រដ្ឋាភិបាល អាណត្តិទី៦ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយបានចុះតាមខ្នងផ្ទះ ដើម្បីសិក្សាឈ្វេងយល់ ភ្ជាប់បញ្ហាប្រឈម សំណើ សំណូមពរ និងបានដោះ ស្រាយសេវាតម្រូវការ សេវាសំណូមពរ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ។ ឯកឧត្តមបានបន្តទៀតថា ខេត្តបានធ្វើការពង្រឹងសមត្ថភាពមន្រ្តីគ្រប់ផ្នែកទាំងអស់ពិសេសវិស័យទាំង៤ពាក់ពន្ធ័ជាមួយគណៈកម្មការទទួលបន្ទុក ព្រមទាំងបានលើកឡើងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់មន្ទីរទាំង៤ ។

រដ្ឋបាលខេត្តបានធ្វើគោលនយោបាយជាច្រើន ក្នុងការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋឲ្យបានយល់ដឹងឲ្យបានច្បាស់ និងសហការជាមួយអាជ្ញាធរខេត្តពីសារៈសំខាន់ការប្រើប្រាស់ប័ណ្ណ ប.ស.ស ការចូលរួមក្នុងសមាគមន៍មនុស្សចាស់ និងធ្វើការពង្រឹងសមត្ថភាពចំណេះដឹងលើជំនាញបន្ថែមទៀត ពិសេសវិស័យសុខាភិបាល ដែលតម្រូវឲ្យមន្ត្រីពេទ្យទាំងអស់មានសមត្ថភាពខ្ពស់ក្នុងការព្យាបាល និងចេះប្រើប្រាស់គ្រឿងបរិក្ខាពេទ្យឲ្យបានច្បាស់លាស់ ងាយស្រួលជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្ត និងភ្ញៀវជាតិ អន្តរជាតិមកកំសាន្តនៅទីនេះ ។

ទន្ទឹមការរីកចម្រើនខេត្តកែបបានជួបបញ្ហាលំបាកនិងបញ្ហាប្រឈមជាច្រើន ដោយសារខេត្តនេះជាតំបន់ទេសចរណ៍ បានស្រូបចំនួនប្រជាពលរដ្ឋមករកសុី និងមកកំសាន្តនៅក្នុងខេត្តជាច្រើន ដែលបង្កភាពរាំងស្ទះចរាចណ៍ និងធ្វើឲ្យការបម្រើសេវាមានការខ្វះខាតដោយសារខ្វះមន្ត្រីមានជំនាញ ខ្វះឧបករណ៍បច្ចេកទេស និងស្នើរសុំឲ្យខាងគណៈកម្មការទី៨នៃរដ្ឋសភា ជួយសម្រួលនិងពន្ធលឿននូវកិច្ចការនេះជូនឯកឧត្តមរដ្ឋមន្ត្រីដោះស្រាយ ។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការបានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដែលខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ និងសុំឲ្យជួយផ្សព្វផ្សាយពីជំងឺមិនឆ្លងនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងទីប្រជុំជនសាធារណ ឲ្យបានយល់ដឹងច្បាស់ និងចៀសផុតពីភាពក្រីក្រ ។

បន្ទាប់មកគណៈកម្មការទី៨ នៃរដ្ឋសភាបានចុះសួរសិខទុក្ខក្មេងកំព្រានៅក្នុងបុរីកុមារកំព្រាខេត្តកែប និងចមើលមន្ទីរពេទ្យបង្អែកខេត្តផ្តល់សេវាជូនប្រជាពលរដ្ឋផងដែរ ៕ សេង ណារិទ្ធ