អភិបាលខេត្តកំពង់ចាម បញ្ជូនទឹកជួយសង្គ្រោះស្រូវប្រាំងជិត១ម៉ឺនហិកតា តាមការស្នើសុំរបស់អាជ្ញាធរខេត្តព្រៃវែង

0

កំពង់ចាម: បន្ទាប់ពីមានការស្នើសុំពីអាជ្ញាធរខេត្តព្រៃវែង នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រស្រោចស្រព វ៉ៃកូ ជំហាន១ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ដើម្បីបូមទឹកជួយសង្គ្រោះស្រូវប្រាំង ចំនួន ៩៨៨៣ហិកតា របស់ប្រជាកសិករ ចំនួន ១៣ឃុំ ក្នុងស្រុកចំនួន ៣ នៃខេត្តព្រៃវែង ដែលប្រឈមនឹងការខ្វះទឹក ។

ក្នុងឱកាសអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តមសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យលិទ្ធភាពបូមទឹកជួយសង្គ្រោះស្រូវប្រាំងនេះដែរ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព វ៉ៃកូ ជំហាន១ មានម៉ូទ័រអគ្គិសនីខ្នាតធំ ចំនួន៩គ្រឿង ដោយក្នុង១គ្រឿងមានលទ្ធភាពបញ្ជូនទឹកបានចំនួន ១៤០០០ម៉ែត្រគូប ក្នុង១ម៉ោង និងប្រេីប្រាស់ថាមពលអគ្គិសនីអស់ចំនួន ៤៦០គីឡូវ៉ាត់ ក្នុង១ម៉ោង ចំពោះកម្លាំងបញ្ជូនទឹកវិញ គឺមានចម្ងាយជាង១០០គីឡូម៉ែត្រឯណោះ ។

លោកប្រធានមន្ទីរធនធានទឹក បានបន្តថា ប្រព័ន្ធធារាសាស្ត្រស្រោចស្រពវ៉ៃកូជំហាន១ នេះ មានតួនាទីនាំប្រភពទឹក ពីទន្លេមេគង្គ ភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែកជីកថ្មី ធ្វើជាប្រភពទឹកស្រោចស្រព លើផ្ទៃដីកសិកម្មក្នុងខេត្តកំពង់ចាម ជាពិសេសបំផុតគឺខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលតែងតែប្រឈមនឹងការខ្វះខាតទឹក សម្រាប់ប្រជាកសិករយេីងធ្វើស្រែនៅរដូវប្រាំង ក៏ដូចជាការបង្កបង្កេីនផលដំណាំផ្សេងៗ ផងដែរ ៕