ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានប្រាប់កងទ័ពអោយបង្កើនកិច្ចសហការរួមគ្នា ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាដល់សន្តិសុខជាតិ

0

ខេត្តស្ទឹងត្រែង៖ អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងប្រាប់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរនៅតាមបណ្តោយព្រំដែនទាំងអស់ ត្រូវបង្កើនកិច្ចសហការរួមគ្នា ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ពិសេសគ្រឿងញៀន ដើម្បីធានាដល់សន្តិសុខជាតិ និងអន្តរជាតិ។

ការថ្លែងប្រាប់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ នៅតាមបណ្តោយបន្ទាត់ព្រំដែនបែបនេះ នៅក្នុងឱកាសដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន រួមទាំងគ្រួសារកងទ័ព នៅក្នុងអង្គភាពវរៈសេនាតូចអន្តរាគមន៍លេខ២៨៣ ចំណុះកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ ស្ទឹងត្រែង ដែលមានមូលដ្ឋាន នៅភូមិញ៉ាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤។

អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ចកាល តែងតែយកចិត្តទុកដាក់សាកសួរសុខទុក្ខ ដល់កងកម្លាំងប្រដាប់អាវុធជានិច្ច និងបានទំនុកបម្រុង ផ្គត់ផ្គង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសមិទ្ធិផលនានារបស់សង្គមជាតិទាំងមូល ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងទៀតថា កងកម្លាំងប្រដាប់អាវុធទាំងអស់បើសិនជាមានការពាក់ព័ន្ធជាមួយគ្រឿងញៀន គឺនឹងត្រូវលុបចេញក្របខ័ណ្ឌតែម្តង។ ចំពោះអាជ្ញាធរខេត្តស្ទឹងត្រែង យោធភូមិភាគទី១ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងបន្ថែម ដើម្បីកុំអោយសម្ភារៈ (គ្រឿងញៀន) ឆ្លងកាត់បានអោយសោះ ត្រូវជៀសអោយផុតកុំ ឲ្យមានការពាក់ព័ន្ធដាច់ខាត ជាមួយនឹងគ្រឿងញៀនទាំងអស់នោះ ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា អាណត្តិទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំកម្ពុជា គឺមានការពុះពារជាដាច់ខាត ក្នុងការបង្ក្រាបបញ្ហាគ្រឿងញៀននេះ ដោយយើងបានមើលឃើញជាក់ស្តែងហើយថា អាណត្តិទី៧នេះ មានការដកចេញពីក្របខ័ណ្ឌជាបន្តបន្ទាប់ ដោយសារពាក់ព័ន្ធនឹងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក បានណែនាំដល់ដល់កងទព័ទាំងអស់ សូមចូលរួមជាមួយកងកម្លាំងគ្រប់កងឯកភាព ក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់ជាដើម ព្រោះដ្បិតកងទ័ព គឺជាកូនចៅរបស់ប្រជាជន ៕ដោយ៖ឡុង សំបូរ