រដ្ឋបាលខេត្តកែប តម្រូវអោយក្រុមហ៊ុនទឹកស្អាតផ្អាកបូមទឹក ខណ:ទឹកក្នុងអាងទំនប់ភ្នំវល្លិ៍មានសភាពស្រកខ្លាំង

0

ខេត្តកែប: ដោយសារស្ថានភាពអាកាសធាតុក្តៅហែងក្នុងរដូវប្រាំងបានបណ្តាលអោយស្រះ ត្រពាំង អូរ ប្រឡាយ បឹងបួរ រីងស្ងួត ហួតហែង ពិសេសទឹកក្នុងអាងមេទំនប់ភ្នំវល្លិ៍ ក្នុងស្រុកដំណាក់ចង្អើរ មានស្ថានភាពស្រកខ្លាំង។ពាក់ព័ន្ធនឹងបញ្ហាខាងលើ អំឡុងពេលថ្មីៗនេះ រដ្ឋបាលខេត្តកែបបានចេញសេចក្តីជូនដំណឹងមួុយ ដោយតម្រូវអោយក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅស្រុកដំណាក់ចង្អើរ ត្រូវផ្អាកការទាញយកទឹកពីក្នុងអាងមេទំនប់ភ្នំវល្លិ៍បណ្តោះអាសន្ន ដោយតម្រូវអោយក្រុមហ៊ុនទឹកស្អាតត្រូវស្វែងរកប្រភពទឹកផ្សេងមកជំនួុស ចាប់ពីថ្ងៃទី៥ខែមីនា ឆ្នាំ២០២៤ នេះតទៅ។

តបតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប ក្រុមហ៊ុនទឹកស្អាតនៅស្រុកដំណាក់ចង្អើរ បានសម្រេចកាត់ផ្តាច់ការទាញយកប្រភពទឹកពីអាងទំនប់ភ្នំវល្លិ៍ ចាប់ពីពេលនេះផងដែរ ប៉ុន្តែក្រុមហ៊ុនទឹកស្អាតក៏ពុំទាន់រកបានប្រភពទឹកថ្មី មកជំនួុសសម្រាប់ផ្តល់សេវាប្រើប្រាស់ដល់អតិថិជនរបស់ខ្លួុនបាននៅឡើយ។

លោក ភាគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប បានប្រាប់អោយដឹងកាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ថា ក្រុមហ៊ុនទឹកស្អាតនេះ បាននិងកំពុងផ្តល់សេវាទឹកស្អាតដល់អតិថិជនចំនួុន៥១២គ្រួុសារ ស្មើនឹង១០%នៃគ្រួុសារសរុបក្នុងភូមិចំនួុន៩/១១ភូមិ នៃស្រុកដំណាក់ចង្អើរ។ចំពោះការមិនទាន់រកបានប្រភពទឹកថ្មីនេះ បានធ្វើអោយប៉ះពាល់ដល់ពលរដ្ឋដែលប្រើប្រាស់សេវាទឹកស្អាតជាង៥០០គ្រួុសារ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោកបន្តថា ក្នុងនាមមន្ទីរជំនាញ លោកបានណែនាំដល់ក្រុមហ៊ុនរបស់ លោកស្រី វង្ស សោភ័ណ ធ្វើការសម្របសម្រួុលជាមួុយនឹងរដ្ឋបាលស្រុកដំណាក់ចង្អើរ និងជូនដំណឹងដល់អតិថិជន អំពីការផ្អាកផ្តល់សេវាទឹកស្អាតនេះ ដោយជីកស្រះ ឬអណ្តូង សម្រាប់ស្តុកទឹក ត្រៀមបម្រុង ពិសេសអាចរៀបចំឯកសារថ្មីជាមួុយនឹងស្ថាប័ន,រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ សម្រាប់រកប្រភពទឹកថ្មីដែលគ្រប់គ្រងដោយអ្នកផ្សេងដែលមានស្រាប់ នៅតំបន់នេះ។

ទាក់ទិននឹងបញ្ហាប្រឈមកង្វះទឹកស្អាតខាងលើ លោក ឃី នាង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកែប បានបញ្ជាក់ដែរថា ថ្វីដ្បិតអាងទំនប់ទឹកទូទាំងខេត្ត មានការស្រកចុះលឿនយ៉ាងណាក៏ដោយ ប៉ុន្តែពុំមានផលប៉ះពាល់ដល់ដំណាំរបស់បងប្អូនកសិករនោះទេ ព្រោះនៅតំបន់ ភូមិសាស្ត្រខ្លះក៏មានប្រភពទឹកអាចស្រោចស្រពដល់ដំណាំ របស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់ផងដែរ៕ សេង ណារិទ្ធ