អភិបាលខេត្តកំពង់ចាម ៖ ការ ប្រមូលផល ស្រូវ ប្រាំង បាន ប្រមាណ ៥៥% ហើយ បន្ទាប់ ពី អាជ្ញាធរ បូម ទឹក ជួយ សង្គ្រោះ បាន ទាន់ពេលវេលា

0

កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការ ប្រមូលផល ស្រូវ នារដូវ ប្រាំង ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម គិត មក ដល់ បច្ចុប្បន្ន នេះ បាន ប្រមាណ ជា ៥៥%ហេីយ ខណៈ នៅ សល់ ៤៥% ទៀត កំពុង តែ បន្ត ធ្វើ ការ ប្រមូល បន្ទាប់ ពី អាជ្ញាធរ បាន យកចិត្ត ទុកដាក់ ក្នុង ការ អន្តរាគមន៍ បូម ទឹក ជួយ សង្គ្រោះ ស្រូវ ប្រជាកសិករ យេីង បាន ទាន់ពេលវេលា ថ្លែងបែបនេះ ក្នុង កិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១២ ខែមិនា ឆ្នាំ ២០២៤ ។

ក្នុង កិច្ច ប្រជុំ នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នេី ដល់ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឱ្យបន្ត សហការ ចុះអនុវត្ត និងតាមដានការអនុវត្ត របស់ប្រជាកសិករ ព្រមទាំងផ្តល់ប្រឹក្សាបច្ចេកទេសសមស្រប ឱ្យបានទាន់ពេលវេលា និងអប់រំផ្សព្វផ្សាយ អំពី វិធានបច្ចេកទេស នៃការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្ម ព្រមទាំងវិធានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ សំដៅឱ្យការដាំដុះទទួលបានទិន្នផលខ្ពស់ទៅតាមតំរូវការទីផ្សារ ក្រៅពីនោះត្រូវចុះសិក្សាវាយតម្លៃ និងស្វែងរកទីផ្សារ ដើម្បីជួយដល់ប្រជាកសិករ យើង ជៀងវាងការក្រឡុកតម្លៃពីសំណាក់ឈ្មួញកណ្តាល ផងដែរ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកុម្ភៈ និងទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបិទបញ្ជីចំណូល ចំណាយ និងការធ្វើរបាយការណ៍សរុប ការអនុវត្តចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣ ៕