បង​ទៅ​បាត់​ទើប​ដឹងថា​បង​សំខាន់​សម្រាប់​អូន​ប៉ុនណា

0


ភ្នំពេញ៖ ស្មាន​នេះ តើ​បង​នៅទីណា​?​ហើយ​កំពុង​ធ្វើ​អ្វី ?​ដឹង​ទេ​ថា​អូន​កំពុង​នឹក​ដល់​បង​ខ្លាំងណាស់​វេលា​ផ្លាស់​ច្រើនដង​ហើយ នៅតែ មិនឃើញ​បងវិល​រក​អូន ដឹង​ទេ​អូន​នឹក​បង​……​។​សួស្តី​គេហទំព័រខេមរា ​ជាទី​មេត្រី នាង​ខ្ញុះ ឈ្មោះ​សួន ម៉ា​រ៉ា​ឌី ជា​និស្សិត​ផ្នែក ហិ​រ​ញ្ញិ​ក​វត្ថុ នៃ​វិទ្យាល័យ​មួយ​នៅក្នុង​ទីក្រុង​

ភ្នំពេញ​(​សូម​មិន​បញ្ចេញ​ឈ្មោះ​សាលា​) ។​ខណៈ​នេះដែរ​នាង​ខ្ញុំ​សូម​សារ​នូវ​ចុ​ត​ហ្មាយ​មួយច្បាប់​ដែល​រៀបរាប់​ពី​ទុក្ខ សោក​របស់​នាង​ខ្ញុំ ហើយក៏​ជា​កំហុស​ឆ្គ​ង់​របស់​នាង​ខ្ញុំ ដើម្បី​ឲ្យ​ទំហំ​នៃ​ទុក្ខសោក​នេះ រសាយ​ខ្លះ ចេញពី​បេះដូង​កំពុង​ត្រូវ​ព្រួញ​ប្រហារ​។​y

​មកដល់​ត្រង់​នេះហើយ គឺជា​ផ្លូវបំបែក​របស់​នាង​ខ្ញុំ ម៉ា​រ៉ា​ឌី រវាង​បុរស​ម្នាក់ ដែល​គេ​ជា​មន្ត្រី​ស្ថាប័នឯកជន​មួយកន្លែង​ស្ថិតនៅក្នុង​ខេត្តកណ្តាល ។​ចំណងស្នេហា​របស់​ពួកយើង ចុង​ផ្តើម​ដោយ​ឳ​ពុក​ម្តាយ​ទាំងសងខាង ដែល​ជាប់សែស្រឡាយ​នឹង​គ្នា ដើមឡើយ​ស្នេហា​មួយ​នេះ​នាង​ខ្ញុំ​មិន​នឹកគិត​ខ្វល់​នោះទេ ដោយ​ធ្វើ​តាមតែ​ឳ​ពុក​ម្តាយ​លើកដាក់ តែប៉ុណ្ណោះ ។​

រយៈពេល​មួយឆ្នាំ​ហើយ ដែល​ស្នេហា​មួយ​នេះ​បានចាប់ផ្តើម​ពី​ចំណុចសូន្យ ហើយ​ឈានដល់ លេខ ៩៩ ដោយ​មិនដឹងថា​កូន​ចិត្ត​ខ្ញុំ​ស្រលាញ់​គេ​ពី​ពេលណា​នោះឡើយ ។​ក្នុងនាម​ជា​គូរ​ដណ្តឹង បុរស​ដែល​ត្រូវជា​អនាគត​ស្វាមី តែងតែ​នាំ​នាង​ខ្ញុំ​ទៅ​ញុំ​អី តែ​មិនសូវ​ជា​ញឹកញាប់​នោះទេ ដោយ​គេ​រវល់​ការងារ​របស់គេ​ដែរ ។​រាល់​សកម្មភាព​ដែល​ខ្ញុំ​ទៅ​ញុំ​អី​ជាមួយ​គេ ខ្ញុំ​តែងតែ​និយាយ​អ្វីដែល​ដាច់​ផឹង រាង​តោះតើយ តែ​សូមទោស​វា​ជា​ច​រិ​ក​ពី​ធម្មជាតិ មិនអាច​កែ​របស់ខ្ញុំ ខ្ញុំ​ដឹងថា​សេចក្តីស្នេហា យ៉ាងហោចណាស់​ក៏​ផ្តល់នូវ​ស្នាមញញឹម​ដែរ ក្នុងខណៈ​ណាក៏ដោយ តែ​សម្រាប់​នាង​ខ្ញុំ​សូម្បីតែ​ស្នាមញញឹម​សម្រាប់​គេ​ក៏​គ្មាន​ដែរ ។​

ប៉ុន្មាន​ខែ កន្លងមក​ស្រាប់តែ ឳ​ពុក​ម្តាយ​ខាង​ប្រុស​បាន​សុំ​មក​ផ្តាច់​ពាក្យ​ពី ឳ​ពុក​ម្តាយ​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិនដឹងថា​មកពី​មូលហេតុ​អ្វី​នោះដែរ ហើយ​សុខៗ​គេ​មកសុំ​ចែកផ្លូវ​ពី​មនុស្ស​ម្នាក់​ដែល​កំពុង​លង់​ចិត្ត​ស្រលាញ់​គេ​ទៅហើយនោះ តើ​ខ្ញុំ​ខុស​អ្វី​? មកទល់នឹង​ពេលនេះ​ខ្ញុំ​ស្ទើរតែ​គិត​មិន​ចេញ​ថា ខ្ញុំ​ខុស​អ្វី​? ហើយ​បានធ្វើ​អ្វីខ្លះ​ចំពោះ​រូបគេ​? គិត​សារ​ចុះ​សារ​ឡើង​ទើប​ដឹងថា ប្រាកដជា​គេ​ធុញ​នឹង​ច​រិ​ក​តោះតើយ​របស់ខ្ញុំ ហើយ តែ​ខ្ញុំ​បាន​ប្រាប់​ពីដំបូង​ហើយ​តើ ថាច​រិ​ក​ខ្ញុំ​រាង​តោះតើយ ហើយ បើសិនជា​អ្នកទទួលបាន ទទួល​ទៅ​តែបើ​ទទួល​មិនបាន​កុំ​ណា​! ។​

បើ​គង់​នឹង​បែក​យ៉ាងនេះ តើ​អ្នក​មក​ឲ្យ​ខ្ញុំ​ស្គាល់​អ្នកធ្វើ​អ្វី​? អ្នកដឹង​ទេ ថា​មនុស្ស​ម្នាក់នេះ​ចាប់ផ្តើម​ស្រលាញ់​អ្នក​ហើយ ពេល​អ្នក​ចេញទៅ ទឹកភ្នែក​របស់​មនុស្ស​ស្រី​ម្នាក់នេះ ចាប់ផ្តើម​ហូរ ហើយ​នេះ​ជា​លើក​ទី ១ ហើយ​ដែល​ខ្ញុំ​ចេះ​យំ បន្ត​កាល​ខ្ញុំ​នៅ​ក្មេង​វ័យ នៅ​ក្មេង​វ័យ​យំ​ដោយសារ​អន់ចិត្ត ចង់បាន​អ្វី​មិនបាន​ដូច​បំណង ត្រូវ​ឳ​ពុក​ម្តាយ​ស្តីបន្ទោស តែ​លើក​នេះ​មិន​ដូចគ្នា​ទេ គឺ​យំ​រឿង​ស្នេហា ដែល​ឆាកជីវិត​ដំបូង​សម្រាប់​នាង​ខ្ញុំ ។​នាង​ខ្ញុំ​ពិតជា​គិត​អ្វី​មិនត្រូវ​នោះទេ ថា​គួរ​ធ្វើ​អ្វី​បោះបង់​អ្វី ចោល​ឲ្យ​ច្បាស់​នោះ ងាកឆ្វេង​ស្រងាក ងាកស្តាំ​ស្រងាកចិត្ត មួយខែ ៗ​ឈឺ​យ៉ាងហោចណាស់ ក៏ ៤ ទៅ ៥ ដង​ដែរ បាយ​មិន​នឹក​ទឹក​មិន​ស្រែក ស្រក់​គីឡូ ស្ទើរតែ​ក្លាយទៅជា យាយ​ចាស់​ទៅហើយ ។​

ពេលនេះ​វេលា​ស្មាន​នេះ បើសិនជា​បងវិល​រក​អូន​វិញ​អូន​នឹង​លុបលាង​នូវ​ភាព​តោះតើយ​របស់​អូន​ចោល អូន​ហាន​ធ្វើ​អ្វី​សម្រាប់​បង​ទាំងអស់ ឲ្យ​តែ​បាន​បង​នៅក្បែរ​អូន វិល​វិញ​បានទេ ? ទោះ​អូន​មិន​ប្រាប់​បង​ដោយផ្ទាល់​មាត់​តែ ស​ង្ឈឹ​ម​ថា បង​បានឃើញ​ចុ​ត​ហ្មាយ​មួយ​នេះ តាមរយៈ​គេហទំព័រ​មួយ​នេះ​ចុះ ដែល​ស្តែង​ពី​ទំហំ​ចិត្ត និង​ការសោកស្តាយ​ពី​កំហុស​របស់​អូន​។​
​ជា​ចុងក្រោយ គឺ​អូន​នៅតែ​ស្រលាញ់​បង ហើយ​ពិតជា​មិនអាច​ខ្វះ​រូប បង​បាន​នោះទេ សូម​មក​វិល​វិញ​មក​ដើម្បី​សង្គ្រោះ​ជីវិត​ស្នេហា​អូន​​ផង ។​ពី​មនុស្ស​ម្នាក់​ដែល​ទើបតែ​ចេះ​ស្រលាញ់​បង ៕