អភិបាលខេត្តកំពង់ចាម បានថ្លែងថា យើងត្រូវការឱ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនបន្តទៀត ដើម្បីខ្លួនយើង និងកូនចៅទៅថ្ងៃអនាគត

0

កំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា យើងត្រូវការឱ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនតទៅមុខទៀត ដូច្នេះយើងត្រូវរួបរួមគ្នា ដើម្បីកសាងសង្គមជាតិ និងកសាងនូវជីវភាព សម្រាប់ខ្លួនយើង និងកូនចៅរបស់យើងទៅថ្ងៃអនាគត។ ថ្លែងបែបនេះក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តអង្គួញដីសិរីសុខា ស្ថិតនៅឃុំក្រឡា ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា មហាកុដិ ដែលអាចកសាងទៅបាននេះ គឺសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្ហាញអំពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង ទេីបមានការរួមសាមគ្គីគ្នាកសាងជាមហាកុដិនេះឡើង ដើម្បីបម្រើលើវិស័យព្រះពុទ្ធសាសនា ក៏ដូចជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទជួបជុំ កសាងនូវបុណ្យកុសលរៀងៗខ្លួន  តាមរយៈការប្រារព្ធធីសាសនាផ្សេងៗ ក្នុងវត្តអារាមនេះ ។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ស្របពេលវិស័យអាណាចក្រ កំពុងតែបោះជំហានក្នុងការរីកចម្រើនលើកគ្រប់វិស័យ ដូច្នេះវិស័យពុទ្ធចក្រ ក៏កំពុងតែមានការរីកចម្រើនទៅមុខឥតឈប់ឈរផងដែរ ជាពិសេស ក្នុងពេលបច្ចុប្បន្ននេះ ការសាងសង់មហាកុដិ គឺត្រូវការប្រើប្រាស់ថវិកាច្រើនជាងការសាងសង់កុដិដូចសម័យមុនៗ ។ ក្នុងពេលដែលវិស័យអាណាចក្រមានការរីកចម្រើន ទើបធ្វើឱ្យប្រជាពលរដ្ឋដែលកាន់យកព្រះពុទ្ធសាសនា អាចមានលទ្ធភាព មានធនធានក្នុងការចូលរួម ជាបច្ច័យ ដើម្បីកសាង នូវសមិទ្ធផលនានាក្នុងវត្តអារាម ជាពិសេសគឺការកសាងមហាកុដិ នេះតែម្តង ដែលត្រូវប្រើបច្ច័យកសាងជាង២៤ម៉ឺនដុល្លារ ។

ក្នុងឱកាសប្រារព្ធពិធីបុណ្យនោះដែរ សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះសង្ឃដីការឱវាទ ពាក្យសង្ក្រាន្ត ចេញពី ភាសាសំស្ក្រឹត « សង្ក្រាន្តិ » សង្ក្រាន្ត សង្ក្រាន្ត មានន័យថា ជាការធ្វើដំណើររបស់ព្រះអាទិត្យ ចូលទៅកាន់រាសិចក្រ នៅពេលវេលាចូលឆ្នាំថ្មី ត្រង់ចន្លោះពេលដាច់ឆ្នាំចាស់ និងឆ្នាំថ្មី ក៏អាចនិយាយមួយបែបទៀតថា ជាថ្ងៃគំរប់ខួបប្រសប់នៃការគោចររបស់ផែនដី វិលជុំវិញព្រះអាទិត្យមួយជុំ ដោយមានថេរៈវេលា៣៦៥ថ្ងៃ ដែលថ្ងៃទី១ទៅឱ្យឈ្មោះថា សង្ក្រាន្ត ត្រូវបានប្រើជំនួសថា ជាពិធីបុណ្យចូលឆ្នាំថ្មី ៕