អភិបាលស្រុកស្ទោង ណែនាំដល់រដ្ឋបាលឃុំត្រូវធ្វើផែនការវិនិយោគឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងជាអាទិភាពរបស់ប្រជាពលរដ្ឋ

0

កំពង់ធំ÷ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤
លោក សយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងពិធីដេញថ្លៃធ្វើផ្លូវក្រាលគ្រួសក្រហម ប្រវែង ៤,៥០០ម៉ែត្រ ស្ថិតនៅក្នុងសាលាឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាថវិកាមូលនិធិឃុំឆ្នាំ២០២៤។

 ថ្លែងនៅក្នុងឱកាសនេះលោក សាយ គឹមឡម បានណែនាំដល់រដ្ឋបាលឃុំត្រូវធ្វើផែនការវិនិយោគរបស់ឃុំឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពសេដ្ឋកិច្ចគ្រួសារផងដែរ។

ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់រដ្ឋបាលឃុំប្រឡាយ ត្រូវធ្វើការស្ដារប្រព័ន្ធរំដោះទឹក ស្តារប្រព័ន្ធប្រឡាយចាស់នានា ដើម្បីរំដោះការកក់ផ្ទះទឹកដែលបង្កឱ្យមានទឹកជំនន់ ពិសេសដើម្បីយកមកប្រើប្រាស់ជាប្រព័ន្ធធារាសាស្ត្រក្នុងការស្រោចស្រពសម្រាប់កសិកម្ម។ប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមថែរក្សាសមិទ្ធិផលសាធារណ: និងកុំរំលោភដីចំណីផ្លូវ ដែលនាំឱ្យផ្លូវឆាប់ខូច ក៏ដូចជាមានការកកស្ទះប្រព័ន្ធបង្ហូរទឹកផងដែរ។

ជាមួយគ្នានេះលោក សាយ គឹមឡម  អភិបាលស្រុក បានណែនាំដល់ម្ចាស់ក្រុមហ៊ុន  ដែលជាអ្នកទទួលការ ត្រូវខិតខំធ្វើផ្លូវនេះប្រកបដោយគុណភាព តាមបទដ្ឋានបច្ចេកទេសហើយធានានូវការប្រើប្រាស់បានយូរអង្វែង គោរពនូវកិច្ចសន្យានិងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់ជាក់ស្ដែង ព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សូមគណៈកម្មការលទ្ធកម្មឃុំក៏ដូចជា មន្ត្រីជំនាញពាក់ព័ន្ធត្រូវធ្វើការតាមដានត្រួតពិនិត្យជាប្រចាំរាល់សកម្មភាពសាងសង់របស់ក្រុមហ៊ុន និងអ្នកម៉ៅការដើម្បីធានាបាននូវការគោរពតាមកិច្ចសន្យានិងធានានូវគុណភាពផងដែរ។

សូមបញ្ជាក់ផងដែរថា ផ្លូវដែលដាក់ឱ្យដេញថ្លៃនៅក្នុងឱកាសនេះមានប្រវែង៤.៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ  និងកម្រាស់០.១៥ម៉ែត្រ  លូ០២កន្លែង និងតម្លៃដាក់ឱ្យដេញថ្លៃគឺ៥០០,៨១៤,៧០៩រៀល ហើយក្រុមហ៊ុន ម៉េង ឆេងគ្រុប  ដែលជាអ្នកដេញថ្លៃឈ្នះគឺតម្លៃ១៥០,០០០,០០០រៀល។ អត្ថបទលោក ឆុន ឆេងក្រឹម