ចោរប្លន់​ប្រដាប់​អាវុ​មួយ​ក្រុម​ធ្វើ​សកម្មភាព​បាញ់​ប្លន់​២​កន្លែង​ផ្សេង​គ្នា​ផ្អើល​ពេញ​មួយ​ខណ្ឌមានជ័យ​

​ភ្នំពេញ ៖ កក្រើក​ពេញ​មួយ​ខណ្ឌមានជ័យ​ដោយ​មាន​ក្រុម​ចោរប្លន់​ប្រដាប់អាវុធ​មួយ​ក្រុម​បានធ្វើ​សកម្មភាព​បាញ់​ប្លន់​២​កន្លែង​ផ្សេង​គ្នា​ក្នុង​ចន្លោះពេល​១៥​នាទី បណ្ដាល​អោយ​នារី​ម្នាក់​រងរបួស​ស្រាល​ត្រូវ​ក្រុមចោរ​បាញ់​គំរាម​២​គ្រាប់​យក​ម៉ូតូ​តែ​មិន​បាន​ក៏​វាយ​យក​ខ្សែក លុយ​និង​ទូរស័ព្ទ​

គេចខ្លួនបាត់ ចំណែក​បុរស​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវ​ក្រុមចោរ​បាញ់​២​គ្រាប់​ត្រូវ​មួយ​គ្រាប់​ចំ​ចង្កេះ​ពីក្រោយ​បៀម​គ្រាប់​ជាប់ ប្លន់​យក​ម៉ូតូ​សង់​ឌ្រី​ម​C125 ស៊េរី​២០១៤​មួយ​គ្រឿង​ជិះ​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​។​


​ករណី​ប្លន់​ប្រដាប់អាវុធ​ទី​១​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​១៩​ខែ​មិនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្លូវលំ​ការដ្ឋាន​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​


​ប្រភព​ព័ត៌មាន​ពី​នារី​រងគ្រោះ​ឈ្មោះ សយ ដាឡែន អាយុ​២៣​ឆ្នាំ​មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​លេខ​២២១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ៍​ដុស ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​រៀបរាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​នាង​បាន​ទូរស័ព្ទ​ហៅ​គូរ​ដណ្ដឹង​ឈ្មោះ តូច សង្វា​រ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មក​យក​នាង​នៅ​ផ្ទះ​ក្បែរ​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​សង់​ឌ្រី​ម​C125 ស៊េរី​២០១១ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​មក​ក្បែរ ហើយ​ពួក​វា​បាន​ស្រែក​ថា អោយ​សោរ​ម៉ូតូ​មក​អញ​…​ដោយ​ពួក​វា​មាន​កាន់​កាំភ្លើងខ្លី​មួ​យ​ដើម​មិន​ស្គាល់​ម៉ាក ពណ៌​ទឹកប្រាក់ ប៉ុន្តែ​នាង​មិន​ព្រម​ប្រគល់អោយ បន្ទាប់​មក​ក្រុម​ចោរ​ប្រដាប់​អាវុធ​នោះ​ក៏​បាន​បាញ់​មួយ​គ្រាប់​ឡើងលើ​គំរាម ហើយ​ក៏​បាញ់​មួយ​គ្រាប់​ទៀត​ចូល​ចន្លោះ​ជើង នាង ថែម​ទាំង​ទះ​នាង​មួយ​ដៃ​យក​ខ្សែក និង​លុយ​នៅ​ក្នុង​កាបូប​ចំនួន​១៦០​ដុល្លារ​រួមទាំង​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង​កាឡាក់ស៊ី​អេស ពណ៌​ស មួយគ្រឿង រួច​ជិះ​ម៉ូតូ​គេ​ខ្លួន​ដោយ​សុ​វត្តិភាព​។ 


​ដោយឡែក​ចំពោះ​ករណី​ប្លន់​ប្រដាប់អាវុធ​មួយ​កន្លែង​ទៀត​បាន​កើតឡើង​ចន្លោះ​គ្នា​ប្រហែល​១៥​នាទី​ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ ៣៧១ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយ​ក្រុមចោរ​បាន​បាញ់​ប្លន់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​ឌ្រី​ម​C125 ពណ៌​ខ្មៅ ស៊េរី​២០១៤ ពី​បុរស​ម្នាក់​ពេល​ដែល​កំពុង​ដឹក​ប្រពន្ធ​ទៅ​ផ្ទះ​បានសំរេច ដោយ​ក្រុមចោរ​ប្រដាប់អាវុធ​ប្រើ​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក បាន​បាញ់​២​គ្រាប់​ត្រូវ​ជនរងគ្រោះ​មួយ​គ្រាប់​ចំ​ចង្កេះ​ពីក្រោយ​បៀម​គ្រាប់​ជាប់​បណ្ដាល​អោយ​រងរបួស​ធ្ងន់​ហើយ​ក្រុមចោរ​ប្រដាប់អាវុធ​នោះ​បាន​យក​ម៉ូតូ​ជិះ​គេច​ខ្លួន​ដោយ​សុ​វត្តិភាព​។​
​ចំពោះ​ជនរងគ្រោះ​ខាងលើ​នេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ លី វី​ឡ​ន អាយុ​២៥​ឆ្នាំ​ហើយ​នៅ​មុនពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​ជាមួយនិង​ប្រពន្ធ​ក្នុង​បំណង​ជិះ​ត្រឡប់ទៅផ្ទះ ខណៈ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​សង់​ឌ្រី​ម​C125 ពណ៌​ខ្មៅ មិន​ស្គាល់​ស្លាក​លេខ បានធ្វើ​សកម្មភាព​ដក​កាំភ្លើង​មួយ​ដើម​មិន​ស្គាល់​ម៉ាក បាញ់​២​គ្រាប់​សំដៅ​បុរសរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​នោះ​បណ្ដាលអោយ​ត្រូវ​មួយ​គ្រាប់​ចំ​ចង្កេះ​បញ្ឆិត​បៀម​គ្រាប់​ជាប់ ហើយ​ក៏​ធ្វើអោយ​ជន​រងគ្រោះ​ដួល​ម៉ូតូ រួច​ជនល្មើស​បាន​លើក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញពី​កន្លែងកើតហេតុ​បាត់​ដោយ​សុ​វត្តិភាព​តែម្ដង​។​


​ចំពោះ​ហេតុការណ៍​ប្លន់​ប្រដាប់អាវុធ​២​ករណី​ខាងលើ​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា ជនល្មើស​ដែល​ក្រុមចោរ​ខាងលើ​នេះ​ជន​មនុស្ស​តែមួយ ដែល​ក្រុមចោរ​នេះ​ធ្វើ​សកម្មភាព​ប្លន់​មួយ​កន្លែង​ចង់​យក​ម៉ូតូ​តែ​មិន​បាន​ហើយ​ជិះ​គេចខ្លួន ប្រទះ​ឃើញ​ជនរងគ្រោះ​នៅ​កន្លែង​ផ្សេង​ក៏​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​ម្ដងទៀត​បាញ់​ប្លន់​ជនរងគ្រោះ​យក​ម៉ូតូ​បាន​សម្រេច​តែម្ដង ក៏ប៉ុន្តែ​សមត្ថកិច្ច​បាន​ត្រឹមតែ​ម​ក​កន្លែងកើតហេតុ​មើល​ប៉ុណ្ណោះ​។​
 ទាក់ទិន​និង​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​សូមមេត្តា​យកចិត្តទុកដាក់​ចំពោះ​ក្រុម​ចោរ​ដែល​តែង​ធ្វើ​សកម្មភាព​ប្លន់​រៀងរាល់​យប់​រៀងរាល់ថ្ងៃ តើ​សមត្ថកិច្ច​មាន​វិធានការ​យ៉ាង​មិច​ចំពោះ​ក្រុម​ចោរ​ខាងលើនេះ​? ៕​

0 1