កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចុះបង្ក្រាប​ហាង​លក់​ម៉ូតូ​អត់​ពន្ធ​

0

រតនគិរីៈ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង នៅ​រសៀល​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០១៥ បាន​ចុះបង្ក្រាប​ហាង​លក់​ម៉ូតូ​ចំនួន​ពីរ​កន្លែង​ស្ថិត​ក្នុងភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។2
​លោក​វរសេនីយ៍ឯក​នូវ ដា​រ៉ា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បានអោយដឹងថា​ការចុះ​ត្រួតពិនិត្យ​ហាង​លក់​ម៉ូតូ​២​កន្លែង​នេះ​គឺ​រកឃើញ​ម៉ូតូ​ស៊េរី​ចាស់ និង​ទំនើប​ចំនួន​១០​គ្រឿង គឺធ្វើឡើង​ទៅតាម​ការណែនាំ​របស់លោក​ស្នងការ ស្នងការរង និង​ដឹកនាំ​ដោយ​លោក​ជា សុ​ភ័​ត្ត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។ 3បច្ចុប្បន្ន​ម៉ូតូ​អត់​ពន្ធ​ទាំងនេះ​ត្រូវបាន​នាំយក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ឲ្យ​មន្ត្រី​សាខាគយ និង​រដ្ឋ​ករ​ខេត្តរតនគិរី មក​ត្រួតពិនិត្យ​ព្រមទាំង​អោយ​ម្ចាស់​ម៉ូតូ​ទាំងនេះ​មក​ធ្វើការ​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​។ គួរបញ្ជាក់​ផងដែរ​ថា កន្លែង​ហាង​ម៉ូតូ​ពីរ​កន្លែង​នេះ​មានឈ្មោះ ទី​១​ហាង​សុផល ដែលមាន​យីហោ​ទិញ​និង​លក់​ម៉ូតូ​គ្រប់​ប្រភេទ និង​ទី​២​ឈ្មោះ ឆៃ រ៉ាត់ ក្នុងនោះដែរ​ហាង​ឆៃ រ៉ាត់ រកឃើញ​ម៉ូតូ​ចំនួន​៤​គ្រឿង និង​ហាង​សុផល​ចំនួន​៦​គ្រឿង​។ ហើយ​ហាង​ទាំង​២​កន្លែង​ខាងលើនេះ​គេ​សង្កេតឃើញ​មាន​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ឆែកឆេរ​ជា​ច្រើនដង​មកហើយ​ក៏ប៉ុន្តែ​ម្ចាស់​ហាង​ទាំងនេះ​មិន​ខ្លាចញញើត​ចំពោះ​ច្បាប់​នោះទេ ថែមទាំង​នាំយក​ម៉ូតូ​អត់​ពន្ធ​មក​ដាក់តាំង​លក់​ដដែល​។4
​លោក​ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​បាន​ឲ្យ​ដឹង​ដែរ​ថា ការបង្ក្រាប​ម៉ូតូ​អត់​ពន្ធ​នេះ​ជា​ករណី​៣​លើក​មកហើយ ហើយ​បាន​ណែនាំ​ម្ចាស់​ហាង​លក់​ម៉ូតូ​ខាងលើនេះ និង​ធ្វើ​កិច្ចសន្យា អោយ​បង់ពន្ធ​ទៅតាម​ច្បាប់ បើសិន​នៅតែ​មិន​បង់ពន្ធ​ទៀត និង​បញ្ជូន​ម៉ូតូ​អត់​ពន្ធ​ទៅ​សាលាដំបូង​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕
​ប្រភពពី​ម្ចាស់​ហាង​បានអោយដឹងថា ការចុះ​បង្ក្រាប​ខាងលើនេះ​គឺ​បង្ក្រាប​តែ​ហាង​២​កន្លែង​ប៉ុណ្ណោះ រីឯ​ហាង​ជាច្រើន​កន្លែង​ទៀត​នៅក្នុង​ក្រុង​បាន​លុង​មិនបាន​បង្ក្រាប​។ ពួកគេ​សុំអោយ​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​ម៉ូតូ​អត់​ពន្ធ​តាម​ហាង​លក់​នៅក្នុង​ក្រុង​បាន​លុង​ទាំងអស់​ផង កុំ​បង្ក្រាប​តែ​២​ហាង​ខាងលើនេះ​៕
​ឡុង សារ៉េត​