ផ្តាសាយ អាចប៉ះពាល់ដល់ជីវិត!

0

ដោយ​សារ​តែ​រដូវខ្យល់​ត្រជាក់​​កំពុង​តែ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាជន​​ខ្មែរ​គ្រប់​វ័យ​ អាច​កើត​ជំងឺ​ផ្ដាសាយ​​ដែល​នឹង​​បណ្ដាល​ឲ្យ​​ខាត​បង់​​​ថវិកា​ ប៉ះ​ពាល់​​​ដល់​ការ​បំពេញ​ការងារ​ និងការ​សិក្សា​ផ្សេង​ៗ​ទៀត​ផង​។ លើស​ពី​នេះ អាច​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក្នុង​ករណី​ដែល​បណ្ដែត​បណ្ដោយ​ក្នុង​ការ​ព្យាបាល។ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ លោក គង់ រ៉ាវន បាន​ជួប​​សម្ភាសន៍​ជាមួយ​លោក វេជ្ជបណ្ឌិត នី ចន្ទី ប្រធាន​ផ្នែក​ជំងឺ​សួត​នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ជុំ​វិញ​បញ្ហា​នេះ។

Sabay៖ តើ​អ្វី​ជា​ជំងឺ​ផ្ដាសាយ និង​មាន​រោគ​សញ្ញា​យ៉ាង​ដូចម្ដេច ​លោក​វេជ្ជបណ្ឌិត?
វេជ្ជ. នី ចន្ទី៖ ផ្ដាសាយ​គឺ​ជា​ជំងឺ​ម៉្យាង​ដែល​កើត​លើ​ផ្លូវ​ដង្ហើម​ខាង​លើ​របស់​មនុស្ស​ ដែល​ចេញ​ជា​រោគសញ្ញា​ក្ដៅ ក្អក ហៀរ​សំបោរ ​និង​ឈឺ​ក្បាល​ជា​ដើម។

Sabay៖ តើ​ផ្ដាសាយ​ចែក​ចេញ​ជា​ប៉ុន្មាន​ប្រភេទ? អ្វី​ខ្លះ? និង​លក្ខណៈ​បង្ក​ខុសគ្នា​យ៉ាង​ដូច​ម្ដេច?
វេជ្ជ. នី ចន្ទី៖ ផ្ដាសាយ​ចែក​ជា​២​ប្រភេទ​គឺ ​ផ្ដាសាយ​ធំ (លក្ខណៈ​ធ្ងន់ធ្ងរ​) កើត​ចេញ​ពី​ពពួក​ប្រភេទ​មេរោគវីរីស និង​ផ្ដាសាយ​តូច ​(ធម្មតា) ​មាន​លក្ខណៈ​ស្រាល​ជាង ​ដែល​បណ្ដាល​មក​ពី​ការ​បម្រែ​បម្រួល អាកាសធាតុ​ និង​ជំងឺ​អាលាក់ស៊ី​ (សារជាតិ​ប្រតិកម្ម​ពី​ក្រៅ​ប្រឆាំង​ នឹង​សារជាតិ​ខាង​ក្នុង​) មួយ​ចំនួន។ ប៉ុន្តែ​រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ​​​ទាំងពីរ​ប្រភេទ​​ខាងលើ​នេះ​ មាន​រោគ​សញ្ញា​ប្រហាក់ប្រហែល​គ្នា។

Sabay៖ មូល​ហេតុ​អ្វី​បាន​ជា​កើត​ជំងឺ​ផ្ដាសាយ?
វេជ្ជ. នី ចន្ទី៖ ជំងឺ​ផ្ដាសាយ​ កើត​ជា​ពិសេស​នៅ​លើ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​របស់​មនុស្ស ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​​ជា​ប្រទេស​ក្ដៅ​ហើយ​សើម ​ដែល​ប្រជាជន​ធ្លាប់​តែ​ស៊ាំ​នឹង​អាកាសធាតុ​ក្ដៅ​នោះ ហើយ​​ពេល​មាន​ការ​​ផ្លាស់​ប្ដូរ​ភ្លាម​ៗ​ទៅ​ជា​ត្រជាក់​ដូច្នេះ​ នាំ​ឱ្យ​កើត​ជំងឺ​នេះ​ឡើង ដែល​ធ្វើ​ឱ្យ​ហើម​នៅ​ក្នុង​រន្ធច្រមុះ​របស់​មនុស្ស​​។

Sabay៖ តើ​អាកាស​ធាតុ​ត្រជាក់​ពិត​ជា​ធ្វើ​ឱ្យ​មនុស្ស​កើត​ជំងឺ​ផ្ដាសាយ​ញឹក​ញាប់​ឬ​យ៉ាង​ណា?សូម​ពន្យល់។
វេជ្ជ. នី ចន្ទី៖ ផ្ដាសាយ​មិន​កើត​តែ​ក្នុង​ខែ​ត្រជាក់​នោះ​ទេ គឺ​ពី​ក្ដៅ​ទៅ​ត្រជាក់​ឬ​ពី​ត្រជាក់​ទៅ​ក្ដៅ​ ក៏​អាច​​កើត​ដូច​គ្នា​ដែរ​។ សូម​បញ្ជាក់​ផង​ដែរ​ជំងឺ​នេះ ​បណ្ដា​ប្រទេស​ដែល​ត្រជាក់​គឺ​ខ្លាច​ជំងឺ​នេះ​ណាស់ ​ដោយ​ឡែក​ប្រទេស​កម្ពុជា​យើង​វិញ​ប្រជាជន​មួយ​ចំនួន​មិន​សូវ​ជា​ខ្វាយ​ខ្វល់​អ្វី​ប៉ុន្មាន​ទេ តែ​ធាតុ​ពិត​អាច​ជះ​ឥទ្ធិពល​ដល់​អាយុ​ជីវិត​​បើ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទេ។

Sabay៖ អត់ទោស! ​លោក​វេជ្ជបណ្ឌិត​ តើ​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​មាន​កម្រិត​ប៉ុណ្ណាដែរ?
វេជ្ជ. នី ចន្ទី៖ សូម​បញ្ជាក់​ថា ​ផ្ដាសាយ​កើត​មក​ពី​អាលាក់ស៊ី គឺ​គ្មាន​ការ​ឆ្លង​ទេ​ អ្នក​ណា​អ្នក​កើត​ អ្នកនោះ​អ្នក​ផ្ទុក (ទោះបីនៅជាមួយគ្នាក៏ដោយ) រីឯ​ផ្ដាសាយ​ដែល​កើត​ពី​មេ​រោគ​ប្រភេទ​វីរីស​ទើបឆ្លង។ តែ​កម្រិត​នៃ​ការ​ឆ្លង​នេះ​គឺ​អាស្រ័យ​លើ​លទ្ធភាព​នៃ​ការ​ទប់​ស្កាត់​ពី​ភាគី​រៀង​ៗ​ខ្លួន​ បាន​ន័យ​ថា បើ​អ្នក​ត្រូវ​គេ​​ចម្លង​មាន​សុខភាព​ល្អ​ ឬ​ប្រឹង​ទប់​ស្កាត់​នោះ​នឹង​ឆាប់​ជា តែ​បើ​គេ​មាន​សុខភាព​ខ្សោយ​ហើយ​បណ្ដែត​បណ្ដោយ​មិន​ព្រម​ព្យាបាល​ទេ​ ស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ និង​អាច​ប៉ះពាល់ដល់​អាយុ​ជីវិត​ទៀត​ផង។

Sabay៖ នៅ​ពេល​កំពុង​កើត​ជំងឺ​នេះ​ តើ​គួរ​ធ្វើ​វិធី​សាមញ្ញ​បែប​ណា​ដើម្បី​កុំ​ឱ្យ​ធ្ងន់ធ្ងរ?
វេជ្ជ. នី ចន្ទី៖ បាទ! ជាទូទៅ​យើង​ត្រូវ​សម្រាក​ឱ្យ​បាន​ច្រើន​ ទទួល​ទាន​អាហារ​ ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​ និង​ងូត​ទឹក​ឱ្យ​បាន​ញឹក​ញាប់​ផង​ដែរ​។ ​​វិធី​មួយ​ទៀត​នោះ ​ដូច​ជា​យក​ក្រមា​ដែល​ជ្រលក់​​​ទឹក (ធម្មតា​ ឬ​ទឹក​ក្ដៅ​ដែល​មាន​កម្ដៅ​ក្រោម​១,៥អង្សាសេ​ នៃ​កម្ដៅ​ក្នុង​ខ្លួន​របស់​មនុស្ស​ ហាម​យក​ទឹក​ត្រជាក់​ ឬ​ទឹក​កក​ដាច់​ខាត​) រួច​ពូត​ឱ្យ​ស្ងួត​មក​ស្អំ​ពី​លើ។ ឯ​ការ​ស្អំ​នេះ​ដែរ​ គឺ​​មិន​ឱ្យ​លើស​ពី​មួយ​នាទី​ទេ បើ​មិន​ដូច្នោះ​កម្ដៅ​អ្នក​ជំងឺ​នឹង​កើន​ឡើង​ទៅ​វិញ។

Sabay៖ លោកគ្រូ​ពេទ្យ! ​ចាស់​ៗ​ច្រើន​និយាយ​ថា ​ទាល់​តែ​មុជ​ទឹក​ក្ដៅ​ទើប​អាច​កាត់​បន្ថយ​ជំងឺ​ផ្ដាសាយ​បាន​ តើ​នេះ​ជា​ការ​ពិត​ឬ​យ៉ាង​ណា?
វេជ្ជ. នី ចន្ទី៖ បាទ​អត់​ទេ។ ឱ្យ​តែ​មុជ​ទឹក​​ឲ្យ​បាន​ច្រើន​គឺ​ប្រសើរ​ហើយ​ ទាំង​ទឹក​ក្ដៅ​និង​ត្រជាក់​គឺ​គ្មាន​ផល​ប៉ះពាល់​អ្វី​ទេ​ ព្រោះ​ថា​បើ​យើង​មុជ​ទឹក​បាន​កាន់​តែ​ច្រើន​នោះ​គឺ​កាន់​តែ​​ជួយ​កាត់​បន្ថយ​កម្ដៅ​នៅ​ក្នុង​ខ្លួន​អ្នក​ជំងឺ​ និង​អាច​កាត់​បន្ថយ​ស្ថាន​ភាព​ជំងឺ​នេះ​ផង​ដែរ។

Sabay៖ ចុះ​បើ​កើត​ជំងឺ​ផ្ដាសាយ​ហើយ​តែ​មិន​ព្រម​ព្យាបាល​ទេ​(ដូចជា​មិន​លេប​ថ្នាំ​ មិន​បាន​ទទួល​ទាន​អាហារ​ និង​សម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់​ទេ)តើ​អាច​ប្រឈម​នឹង​ផល​ប៉ះពាល់​អ្វី​ខ្លះ​ទៅ​ថ្ងៃ​ក្រោយ?
វេជ្ជ. នី ចន្ទី៖ សំណួរល្អ! ទោះ​បី​ជា​ផ្ដាសាយ​ជា​ជំងឺ​សាមញ្ញ​ក៏​ពិត​មែន និង​ងាយ​ស្រួល​ព្យាបាល​ក៏​ដោយ​ចំពោះ​ផ្ដាសាយ​ធំ ​គឺ​ត្រូវ​លេប​ថ្នាំ​ និង​រក​គ្រូ​ពេទ្យ​ព្យាបាល​ជា​បន្ទាន់​។ ចំពោះ​ផ្ដាសាយ​តូច​ដែល​កើត​លើ​អ្នក​មាន​សុខភាព​ល្អ​ គឺ​គ្មាន​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ​ ដោយ​ឡែក​អ្នក​ដែល​មាន​សុខភាពទ្រុឌទ្រោម​ ទាំង​ក្មេង ​ទាំង​ចាស់ ​គឺ​មាន​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​ក្រោយ​ នឹង​អាច​វិវត្ត​ទៅ​ជា​ជំងឺ​រលាក​សួត​ រលាក​ខួរ​ក្បាល និង​រលាក​ស្រោម​ខួរ​ ព្រម​ទាំង​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ក៏​មាន។

Sabay៖ ធ្លាប់​ឮ​ថា​ ការ​គេង​ជា​កត្តា​សំខាន់​បំផុត​ដើម្បី​ឱ្យ​ផ្ដាសាយ​ឆាប់​ជា​។ បើ​អី​ចឹង​ ​​គេង​ប៉ុន្មានម៉ោង​ទើប​ល្អ?
វេជ្ជ. នី ចន្ទី៖ ពិត​ជា​ដូច្នោះ​ហើយ​ ការ​គេង​ពិត​ជា​កត្តា​ដ៏​សំខាន់​ក្នុង​អំឡុង​ពេល​កើត​ផ្ដាសាយ។ ឯ​ការ​គេង​នោះដែរ ​គឺ​ត្រូវ​គេង​ឱ្យ​បាន​គ្រប់​គ្រាន់​ ព្រោះ​ថា​បើ​គាត់​គេង​ឆ្អែត​គឺ​លែង​ងងុយ​គេង​ទៀត​ហើយ។ ជា​ទូទៅ​វ័យ​កាន់​តែ​ចាស់​ការ​ទទួល​ទាន​ដំណេក​កាន់​តែ​ថយ។​ ​ចំពោះ​​​យុវជន​ គួរ​គេង​ឲ្យ​បាន​ពី​​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​​ថ្ងៃ​ ហើយ​ចាស់ៗ​វិញ​គួរ​តែ​គេង​ឲ្យ​បាន​យ៉ាង​តិច​ពី​​៦​ទៅ​៧​ម៉ោង។

Sabay៖ តើ​របប​អាហារ​អាច​ជា​កត្តា​រួម​ចំណែក​ដ៏​សំខាន់​ ជួយ​ព្យាបាល​ជំងឺ​នេះ​ទេ​? បើ​ពិត គួរ​ញាំ​អ្វី​ខ្លះ?
វេជ្ជ. នី ចន្ទី៖ អាហារ​ដែល​យើង​គួរ​តែ​បរិភោគ​នៅ​ពេល​កើត​ជំងឺ​នេះ​ គឺ​មាន​ដូច​ជា ជាតិ​សាច់ ជាតិ​បន្លែ និង​ជាតិ​វីតាមីន​ជា​ដើម។ ឯ​អាហារ​ដែល​គួរ​ជៀសវាង​នោះ​គឺ​អាហារ​មាន​ជាតិ​ខ្លាញ់​ ជាតិ​ហឹរ ជាតិ​ផ្អាប់ ​(ប្រហុក​ ទឹក​ត្រី​ជា​ដើម) ប៉ុន្តែ​អាហារ​ទាំងអស់​ គ្មាន​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ទេ គ្រាន់​តែ​ក្រ​ជា​តែ​ប៉ុណ្ណោះ​។

Sabay៖ ដោយ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​យ៉ាង​ដូច្នេះ​ តើ​យើង​គួរ​មាន​វិធី​ទប់​ស្កាត់​និង​កុំ​ឱ្យ​ឆ្លង​ជំងឺផ្ដាសាយ​យ៉ាង​ដូច​ម្ដេច?
វេជ្ជ. នី ចន្ទី៖ ដើម្បី​ជៀស​វាង​ជំងឺ​នេះ ​​ទាំង​អ្នក​ឈឺ​ទាំង​អ្នក​ជា ​គួរ​ពាក់​ម៉ាស​ឱ្យ​បាន​ជាប់​លាប់​ ពេល​នៅ​ក្បែរ​គ្នា​ឋិត​ក្នុង​ចម្ងាយ​ជិត​ជាង​១,៥ម៉ែត្រ​ពី​គ្នា ​ព្រោះ​យើង​អត់​អាច​ដឹង​ទេ​ថា​ តើ​គេ​កើត​ជំងឺ​ផ្ដាសាយ​ប្រភេទ​ណា​ទេ (ផ្តាសាយ​ប្រភេទ​ អាលាក់ស៊ី​ ឬ​វីរីស)។​ បើ​យើង​មិន​ចង់​ពាក់​ម៉ាស​ទេ ​គួរ​តែ​នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ​យ៉ាង​តិច​លើស​ពី​ ១,៥​ម៉ែត្រ​ទើប​ជា​ការ​ប្រសើរ​។

Sabay៖ ចុង​បញ្ចប់​ តើ​លោក​វេជ្ជបណ្ឌិត​មាន​អ្វី​ចង់​បន្ថែម​ទាក់ទង​នឹង​ប្រធាន​បទ​នេះ​ទេ​?
វេជ្ជ. នី ចន្ទី៖ គ្រាន់​តែ​ចង់​ផ្ដាំ​ផ្ញើ​ទៅ​មិត្ត​អ្នក​អាន​ថា​ ទោះ​បី​ជា​ផ្ដាសាយ​ជា​ជំងឺ​មួយ​សាមញ្ញ​ក៏​ដោយ​ ក៏​យើង​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង ​ហើយ​បើ​រោគ​សញ្ញា​នោះ ​មាន​អាការៈ​ធ្ងន់ធ្ងរ​ ពិសេស​ទាក់​ទង​លើ​ផ្លូវ​ដង្ហើម​នោះ​ ត្រូវ​រួស​រាន់​យក​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​ភ្លាម​ៗ​​ អំពី​ប្រភេទ​ជំងឺ ​និង​ព្យាបាល​ជា​បន្ទាន់ ​កុំ​ព្យាយាម​សាក​ល្បង​ព្យាបាល​ដោយ​ខ្លួន​ឯង​ ព្រោះ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត។ ជា​ពិសេស​ ត្រូវ​លាង​ដៃ​នឹង​សាប៊ូ​ឱ្យ​បាន​ត្រឹម​ត្រូ វ​ជៀស​វាង​យក​ដៃ​មិន​ស្អាត​ប៉ះ​មាត់ ឬ​ច្រមុះ​ដែល​អាច​ធ្វើ​ឱ្យ​មេរោគ​ទាំង​អស់​​នោះ​ឆ្លង​ចូល​តាម​ផ្លូវ​ដង្ហើម​ផង​ដែរ​។​ មួយ​វិញ​ទៀត​ បើ​មាន​ការ​ប៉ះពាល់​មាន់​ឬ​បក្សី​ដែល​ឈឺ​ ឬ​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ​ បន្ទាប់​មក​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ​ សូម​ប្រញាប់​ប្រញាល់​ទៅកាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់៕images (2) download (2)