ការចេញដំណើរ​របស់​កម្មវិធី អាហារូបត្ថម្ភ​និង​អនាម័យរបស់​អង្គការ​ទ្រទ្រង់​កុមារឆ្ពោះទៅរក​មូលដ្ឋាន​

0

សៀមរាប លោកស្រី សែ​រី នួន ដុន​ខេន​-​ច​ន ប្រធានការិយាល័យ​អប់រំ និង សុខភាព​សាធារណៈ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍ​អន្តរជាតិ បាន​បង្ហាញថា ៖ ក្នុង​ទស្សវត្ស​កន្លងទៅ ផ្នែក​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​គួរកត់សម្គាល់ ! អត្រា​ស្លាប់​របស់​មាតា​និង​កុមារ មានការ​ថយចុះ​យ៉ាងច្រើន ! គោលដៅ​អភិវឌ្ឍន៍​សហ្សវត្ស​រ៍​ជាច្រើន ត្រូវបាន​សម្រេច​មុន​ផែនការ​កំណត់ ! ក៏ប៉ុន្តែ បើតាម​ការបង្ហាញ​ទិន្នន័យ​ថ្មីៗ​នេះ មាន​កុមារ​កម្ពុជា​ម្នាក់ ក្នុងចំណោម​បីនាក់ កំពុង​ប្រឈម​ទៅនឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ។​ការលើកឡើង​យ៉ាង​ដូច្នេះ របស់លោក​ស្រី សែ​រី នួន ដុន​ខេន​-​ច​ន បាន​ធ្វើឡើង​នៅក្នុង​ពិធី​បើកសម្ពោធ​ការិយាល័យ និង ដាក់​ឲ្យ​ដំណើរការ កម្មវិធី​អាហារ​រូប​ត្ថ​ម្ភ​និង​អនាម័យ​(NOURISH Project)​នៅ​ខេត្តសៀមរាប ដែល​រៀបចំឡើង​ដោយ អង្គការ​ទ្រទ្រង់​កុមារ និង​មាន​ជំនួយ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍ​អន្តរជាតិ។ ពិធី​នេះ​បាន​ដំណើរការ នា​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៥ ក្រោម​ការចូលរួម​ពី​សំណាក់ មន្ត្រី​ថ្នាក់មូលដ្ឋាន​ស្រុក​ឃុំ​គោលដៅ អស់លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង អង្គការ​ជា​ដៃគូ​សហការ ដែល​ជាមួយគ្នា​នោះ គឺមាន​វត្តមាន​របស់ ឯកឧត្តម ម៉ៅ វុ​ឌ្ឍី អភិបាលរង​ខេត្តសៀមរាប ជា​អធិបតី និង​ជា​សក្ខីភាព​នៃ​ការស្វាគមន៍ គាំទ្រ​កម្មវិធី ដ៏​មាន​អត្ថប្រយោជន៍​នេះ ។03-06-2015 NOURISH Project ( Save the Chieldren ).avi.Still003
លោកស្រី ហូ​ស្នា នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​ទ្រង់​កុមារ បាន​លើកឡើងថា ៖ ភាព​ក្រេះ​ក្រិន ដែល​បណ្តាលមកពី​កង្វះ​អាហារ​រូប​ត្ថ​ម្ភ បាន​បន្សល់ទុក​នូវ​ការ​គម្រាមកំហែង​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ហើយ​យើង​ត្រូវ​ធ្វើការ​រួមគ្នា និង រៀនសូត្រ​ជាមួយគ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ស្ថានភាព​អាហារូបត្ថម្ភ​របស់​ស្ត្រី និង កុមារ ។ លោកស្រី​បាន​បញ្ជាក់ថា កម្មវិធី​អាហារូបត្ថម្ភ​និង​អនាម័យ គឺជា​ការចាប់ផ្តើម​អនុវត្ត ដោយ​ក្រុមការងារ​របស់​អង្គការ​ទ្រទ្រង់​កុមារ ជាមួយ​អង្គការ​ភាពជា​ដៃគូ​ផ្សេងៗ​ទៀត ។ គោលដៅ​ជារួម កម្មវិធី​អាហារូបត្ថម្ភ​និង​អនាម័យមាន​រយៈពេល​៥​ឆ្នាំ និង​ត្រូវអនុវត្ត​ទៅលើ ១៣៨​ភូមិ ស្មើនឹង ១៤​ឃុំ នៅក្នុង​បណ្តា​ខេត្ត​ចំនួន​៣ ( សៀមរាប បាត់ដំបង និង​ខេត្តពោធិសាត់ ) ក្នុងនេះ​សម្រាប់​ខេត្តសៀមរាប មាន​មូលដ្ឋាន​គ្របដណ្តប់​ចំនួន ៧​ឃុំ នៅក្នុង​ស្រុក​ពួក និង​ស្រុក​អង្គរជុំ ។
លោកស្រី សែ​រី នួន ដុន​ខេន​-​ច​ន មានប្រសាសន៍ថា ៖ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​នៅតែ​បន្ត​ការរីកចម្រើន ចាំបាច់​ត្រូវតែ​ធើ្វ​យ៉ាងណា​ឲ្យ​កុមារ រីកលូតលាស់ និង​ប្រកបដោយ​សុខភាព​ល្អ ។ លោកស្រី បាន​សង្កត់ធ្ងន់ថា បញ្ហា​កង្វះ​អាហារូបត្ថម្ភ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា ជា​បន្ទុក​ដល់​ការចំណាយ​សេដ្ឋកិច្ចកម្ពុជា​ទាំងមូល​ប្រមាណ ពី ២៥០ ទៅដល់ ៤០០​លាន​ដុល្លា ជា​រៀងរាល់ឆ្នាំ ។ ជាមួយ​បញ្ហា​នេះ លោកស្រី​បានលើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​ស្គាល់​អំពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​នេះ ដែល​ត្រូវបាន​ក្លាយជា​បន្ទុក​ដ៏​សម្បើម​ចំពោះ​ក្រុមគ្រួសារ សហគមន៍ និង​សេដ្ឋកិច្ចជាតិ ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល បាន​បង្កើតឡើង​នូវ​យុទ្ធសាស្ត្រ​ជាតិ សម្រាប់​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ដែល​ដឹកនាំ​អនុវត្ត​ដោយ ក្រុមប្រឹក្សា​ស្តារ​វិស័យ​អភិវឌ្ឍ​កសិកម្ម​និង​ជនបទ ! ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ នូវ​ផែនទី​បង្ហាញផ្លូវ​ដំបូង​បំផុត ដើម្បី​ព​ន្លឿ​ន​ផ្នែក​អាហារូបត្ថម្ភ​(២០១៤-២០២០ ) សម្រាប់​វិស័យ​សុខាភិបាល លោកស្រី​បាន​បន្តថា ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍ​អន្តរជាតិ បានបង្ហាញ​នូវ​ការគាំទ្រ​របស់ខ្លួន ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ហើយ​កម្មវិធី​អាហារូបត្ថម្ភ និង អនាម័យគឺជា​សក្ខីភាព នៃ​គាំទ្រ​យុទ្ធសាស្ត្រ​ជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​អា​ហា​រូប​ត្ថ​ម្ភ ដែលជា​មូលដ្ឋានគ្រឹះ ធ្វើ​ឲ្យ​បានសម្រេច នូវ​បេសកកម្ម​ដ៏​ធំធេង នៃ​ការបញ្ចប់​ភាពក្រីក្រ ។
​លោក​ម៉ៅ វុ​ឌ្ឍី អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ៖ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែលមាន​ចក្ខុវិស័យ​ដ៏​ច្បាស់លាស់ ! ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួលបាន​នូវ​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត ! ប្រជាពលរដ្ឋ​គ្រប់រូប នឹងមាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​នៅក្នុង​ឆ្នាំ​២០២៥ និង​កាត់បន្ថយ​បាន អត្រា​ខ្វះ​អាហារូបត្ថម្ភ​សម្រាប់​មាតា​និង​កុមារ នាពេល​អនាគត ៕ ដោយ​គឿន​វ៉េ​ត​