នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ នឹងមាន​ការផ្លាស់ប្តូរ​តំណែង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​

0

​ភ្នំពេញ ៖ តាម​គម្រោង នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២១ ខែមេសា នេះ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​ពហុកីឡាដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា នឹងមាន​ពិធី​ផ្លាស់ប្តូរ​តំណែង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ ឯកឧត្តម ជីវ កេង នឹងត្រូវ​ទៅ បំពេញ​តួនាទី​ជា​អនុប្រធាន​តុលាការ​កំពូល ។ អ្នក​ដែល​ត្រូវ​ចូលកាន់​តំណែង​ជា​ប្រធាន​សាលាដំបូង រាជធានី​ភ្នំពេញ ថ្មី​នេះ គឺ ឯកឧត្តម អាំង មាលតី បច្ចុប្បន្ន​ជា​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។ ​

ពិធី​ផ្លាស់ប្តូរ​តំណែង​នេះ គឺធ្វើឡើង​ផ្អែក​ទៅតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៤ ឡាយព្រះហស្តលេខា​ដោយ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ម​កម្ពុជា ។ ​

ក្រៅពី​ការផ្លាស់ប្តូរ​តួនាទី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ យោងតាម​ព្រះរាជក្រឹត្យ​ដដែល នឹងមាន​ការផ្លាស់ប្តូរ​តំណែង ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​រាជធានី ខេត្ត មួយចំនួនទៀត សរុប​៧៨​នាក់ ។ ​ចំពោះ​សេចក្តីរាយការណ៍​ពិស្តារ​នឹងមាន​នៅពេល​ក្រោយ ៕ photo 3 18-SRT-01