​ប្រជាពលរដ្ឋ​ភូមិ​កោះ​ក្អែ​កមាន​ជម្ងឺគ្រុនឈាម​គ្រុនក្តៅ​គ្រុនពោះវៀន​រាប់រយ​នាក់លោក​ ​មេភូមិ​ស្នើសុំ​មន្ទីរ​សុខាភិបាល​ខេត្ត​បញ្ជូន​គ្រូពេទ្យ​ជួយ​អន្តរា​គម​

0

​ខេត្តកំពង់ឆ្នាំង​៖​ជម្ងឺ​គ្រុនក្តៅ គ្រុនពោះវៀន គ្រុនឈាម​បានកើត​មាននៅ​ក្នុងភូមិ​កោះ​ក្អែក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី រាប់រយ​នាក់​មាន​ទាំង​ក្មេង​ទាំងចាស់ ស្ទើរតែ​គ្រប់​ក្រុមគ្រួសារ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា​ឆ្នាំ​២០១៥​នេះ លោក​មេភូមិ​កោះ​ក្អែក បាន​សំណូមពរ​តាម​អ្នកសារព័ត៌មាន​យើង ស្នើសុំ​ដល់​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង មេត្តាជួយ​បញ្ជូន​គ្រូពេទ្យ​ខេត្ត​មក​អន្តរាគមន៍ ពិនិត្យ​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​កោះ​ក្អែក​ផង​។​DSC07701
​ ​លោក រី គា មេភូមិ​កោះ​ក្អែក​បាន​និយាយ​អោយ​អ្នកយក​ព៍ត៌មាន​យើង​ដឹង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​សី ហា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​កោះ​ក្អែ​កថា​៖ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​កោះ​ក្អែក​មាន​ចំនួន​សរុប ២២៧​គ្រួសារ​ស្នើ​និង​ចំនួន​មនុ ស្ស ១.១៥១​នាក់​។​នៅក្នុង​រយះពេល​១​ខែ​នេះ នៅតាម​គ្រួសារ​និ​មួយៗ​ក្នុងភូមិ​កើតមាន​ជម្ងឺ គ្រុនក្តៅ គ្រុនពោះវៀន និង​គ្រុនឈាម ពី​២​នាក់​ទៅ​៣​នាក់ ស្ទើរតែ​គ្រប់​ក្រុមគ្រួសារ បើ​បូក​សរុបទៅ​មាន​អ្នក​ជ​ម្អឺ រាប់រយ​នាក់​កំពុង​ឈឺ​ជា​បន្តបន្ទាប់​រៀងរាល់ថ្ងៃ​។​តាម​ការសន្និដ្ឋាន​រប​ស់លោក​មេភូមិ​ថា​៖​ជម្ងឺ​ទាំងនោះ​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ ពី​រាំង​មក​ភ្លៀង និង​កើតមាន​មូស​ខាំ​ច្រើន​។​DSC07705
​ ​លោក​មេភូមិ​បានពញ្ជាក់​អោយដឹងថា​៖​ដោយឡែក​នៅក្នុង​គ្រួសារ​លោក មានកូន​និង​ចៅៗ​នៅក្នុង​បន្ទុក​ជាមួយ ឈឺ​ចំនួន​៧​នាក់ និង​បាន​ទៅ​ព្យាបាល​ជម្ងឺ នៅ​ក្លី​និ​ច​ឯកជន​អស់ប្រាក់​ជាង​៧​លាន​រៀល ដែល​រូបលោក​ផ្ទាល់​ក៏មាន​ជម្ងឺគ្រុនឈាម​ដែរ ហើយ​កូនប្រុស​ម្នាក់​ក៏​កំពុងមាន​ជម្ងឺ​គ្រុនក្តៅ និង​សង្ស័យថា​គ្រុនឈាម​កំពុង​ព្យា​
​បាល​នៅក្នុង​ផ្ទះ​ជាមួយ​គ្រូពេទ្យ​ឯកជន​ផងដែរ​។​
​ ​ចំណែក​ស្ត្រី​ឈ្មោះ ឡុង សុភ័ន្ត អាយុ​៣៣​ឆ្នាំ មានផ្ទះ​នៅ​ទុល​មុខផ្ទះ​លោក​មេភូមិ បានអោយដឹងថា​៖​នាង​មានកូន​៤​នាក់ មាន​ជម្ងឺ​គ្រុនក្តៅ និង​សង្ស័យថា​ជា​ជម្ងឺគ្រុនឈាម​ទាំង​៤​នាក់ កំពុង​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ឯកជន​ក្នុងភូមិ​មិនទាន់​ជា​នៅឡើយ ដោយ​គ្រូពេទ្យ​បាន​ចាក់​ស៊ី​រ៉ូម​១​ដប យក​ថ្លៃ​៣៥.០០០​រៀល​។ ស្ត្រី​ឈ្មោះ គី ចាន់ធូរ អាយុ​៣៣​ឆ្នាំ រស់នៅក្នុង​ភូមិ​កោះ​ក្អែក​បានអោយដឹង​ដែរ​ថា​៖​រូបនាង​មានកូន​៣​នាក់ ឈឺ​ទាំង​៣​នាក់ រីឯ​អ្នកស្រុក​នៅក្នុង​ភូមិ​គ្រប់​គ្រួសារ​មានកូន​ឈឺ​ដូចៗ​គ្នា​ពេញ​ភូមិ អ្នកខ្លះ​ឈឺ​ធ្ងន់​ក៍​យក​កូន​ទៅ​មណ្ឌល​សុខភាព​កំពង់​ហៅ ខ្លះ​យកទៅ​ពេទ្យ​ខេត្ត ខ្លះ​យកទៅ​ក្លី​និ​ច​ឯកជន​ក្នុង​ខេត្ត​។​DSC07698
​ ​លោក រី គា មេភូមិ​កោះ​ក្អែក​បាន​សំណូមពរ​ដល់​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត មេត្តាជួយ​បញ្ជូន​គ្រូពេទ្យ​ខេត្ត ចុះ​មកជួយ​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ​ក្នុងភូមិ​កោះ​ក្អែក​ផង ព្រោះ​ប្រជាពលរដ្ឋ​មួយចំនួន​ក្រីក្រ ពុំមាន​ប្រាក់​ព្យាបាល​កូនចៅ​ឡើយ​។​
​ ​ដោយឡែក​នៅក្នុង​មន្ទីរពេទ្យ​កុមារ​ខេត្តកំពង់ឆ្នាំង​វិញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥​នេះ​លោក​វេជ្ជបណ្ឌិត សុខ គង់ ប្រធាន​ពេទ្យ​ផ្នែក​កុមារ និង​ជា​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​បានអោយ​អ្នកយក​ព័​ត៌​
​មាន​យើង​ដឹងថា​៖ កុមារ​នៅ​សំរាក​ព្យាបាល​ជម្ងឺ​ក្នុង​ពេទ្យ​កុមារ​ខេត្ត ក្នុង​ថ្ងៃទី​១៧ ខែសីហា​នេះ មាន​ចំនួន ៥០​នាក់ ក្នុងនោះ​មាន​អ្នក​គ្រុនឈាម​ចំនួន​១៣​នាក់ ក្រៅពីនេះ​មាន​ជម្ងឺ​គ្រុនក្តៅ និង​ជម្ងឺ​ផ្សេងៗ​ទៀត​។ ចំណែក​ក្នុងថ្ងៃនេះ​ដែរ អ្នកមាន​ជម្ងឺគ្រុនឈាម​ជាសះស្បើយ​ចេញទៅ​ផ្ទះ​ចំនួន​៦​នាក់​។​
​ ​លោក ម៉ម ម៉ា​ល័យ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានអោយដឹងថា​៖​ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាង​នេះ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ជម្ងឺ​ជាក់ស្តែង​នៅក្នុង​ភូមិ​កោះ​ក្អែក ហើយ​ស្រាវជ្រាវ​ដឹងថា​៖​អ្នក​ជម្ងឺ​នៅក្នុង​កោះ​ក្អែ​កនៅ​ថ្ងៃទី​១៦ ខែសីហា សរុប​មាន​ចំនួន​១៥៣​នាក់ ដោយឡែក​អ្នក​ជម្ងឺគ្រុនឈាម​ដែល​បាន​បញ្ជូនមក​ពេទ្យ​ខេត្ត​មាន​ចំនួន​តែ​៦​នាក់​ប៉ុណ្ណោះ​។​ចំណែក​ភូមិសាស្ត្រ​ក្នុងភូមិ​កោះ​ក្អែក មាន​បណ្តោយ​តែ​២​គីឡូម៉ែត្រ និង​ទទឹង​ភូមិ​តែ​១៥០​ម៉ែត្រ គឺ​ពុំមាន​ជម្ងឺឆ្លង​ឡើយ​។​
​លោក ម៉ម ម៉ា​ល័យ បានបញ្ជាក់​អោយដឹងទៀតថា​៖​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​មន្ទីរ និង​បញ្ជូន​គ្រូពេទ្យ​ខេត្ត​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​កោះ​ក្អែក ដើម្បី​ទប់ស្កាត់​ជម្ងឺគ្រុនឈាម​។ ទន្ទឹមនេះដែរ​នឹង​ចាត់តាំង​អោយ​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​ពាម​ឆ្កោក ត្រៀម​គ្រូពេទ្យ​ចល័ត​ចុះ​ដាក់​ប៉ុ​ស​សុខភាព ក្នុងភូមិ​កោះ​ក្អែក​ដើម្បី​ជួយ​ព្យា​ល​បាលជ​ម្ងឺ​ប្រជាពលរដ្ឋ​បើសិន​មាន​ជម្ងឺ​កើតឡើង​ច្រើន​៕