​ភូមិ​ព្រែក​គន្លង​មាន​គេ​លួច​ចិញ្ចឹម​ត្រី​ឆ្តោរ​១៨​ស្រះ​មាន​ត្រី​ជិត​៣​ម៉ឺន​ក្បាល​សមត្ថកិច្ច​ ​ជលផល​មាន​ផែនការ​តែ​មិនឃើញ​អនុវត្តន៍​

0


​ខេត្តកំពង់ឆ្នាំង​៖​កូន​ត្រី​ឆ្តោរ​ចំនួន​១៨​ស្រះ​ជិត​៣​ម៉ឺន​ក្បាល ត្រូវបាន​គេ​លួច​ចិញ្ចឹម​ដោយ​ខុសច្បាប់​នៅក្នុង​ភូមិ​ព្រែក​គន្លង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ដែល​សមត្ថកិច្ច​រដ្ឋបាល​ជលផល បាន​ចុះទៅ​ធ្វើ​កំ ណ​ត់​ហេតុ​នៅ​ថ្ងៃទី​០៩ ខែកក្កដា ជាមួយ​សហគមន៍​នេសាទ និង​ម្ចាស់​ត្រី អោយ​ចាក់​លែង​កូន​ត្រី​ចូលក្នុង​ទន្លេ​វិញ​ដោយ​ខ្លួនឯង​អោយអស់​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥ ប៉ុន្តែ​មកដល់ពេលនេះ​មិនឃើញ​អ្នកណា​អនុវត្ត​ឡើយ ទាំង​ម្ចាស់​ត្រី និង​សមត្ថកិច្ច​។​
​ ​លោក ហ៊ីម វាន់ អនុ​ភូមិ​ព្រែក​គន្លង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច បានអោយដឹងថា​៖​កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៥ ក្រុមការងារ​របស់​ស​ម​ត្ថ​កិច្ច​ជលផល​ខ​ណ្ឌ័​កំពង់ឆ្នាំង​ដឹកនាំ​ដោយ​លោក អ៊ឹង ជី​ប៉ោ នាយរង​ខ​ណ្ឌ័​បាន​ចុះមក​ត្រួតពិនិត្យ​ក្នុងភូមិ​ដោយ​រកឃើញ​អ្នក​ចិញ្ចឹម​កូន​ត្រី​ឆ្តោរ​ចំនួន​១៨​នាក់ មាន​១៨​ស្រះ និង​មានកូន​ត្រី​ជិត​៣​ម៉ឺន​ក្បាល​។​
​ ​នៅក្នុង​ពេលនោះ​ក្រោយពី​បាន​ប្រជុំ​ផ្សព្វផ្សាយ ស្តីអំពី​ការបញ្ឈប់​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្តោរ​ដែល​ស៊ី​កូន​ត្រី​ជា​ចំណី​ខាតបង់​ត្រី​រាប់ម៉ឺន​តោន​ក្នុង​១​ឆ្នាំៗ យោង​លិខិត​ជូនដំណឹង​លេខ ៣១៨៤ កសក ចុះ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៤ របស់​ក្រសួងកសិកម្ម អ្នក​ចិញ្ចឹម​ត្រី​ឆ្តោរ​បាន​សំណូមពរ​ដល់​ក្រុមការងារ សុំ​ធ្វើការ​ចាក់​លែង​ត្រី​ដោយ​ខ្លួនឯង​អោយអស់​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៥ ដោយមាន​កំណត់ហេតុ​ត្រឹមត្រូវ បើ​លើស​ថ្ងៃ​កំណត់​សមត្ថកិច្ច​ក្នុង​ក្រុមការងារ និង​ចុះមក​ចាក់​លែង​ត្រី​ទាំងអស់នេះ​មិន​ទុក​ឡើយ​។​
​ប៉ុន្តែ​មកដល់​ថ្ងៃនេះ​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោរ​ទាំង​១៨​ស្រះ មិនបាន​អនុវត្តតាម​កិច្ចសន្យា​របស់ ខ្លួន​ឡើយ ចំណែក​សមត្ថកិច្ច​រដ្ឋ​បាល​ជលផល​ក៏​មិនទាន់​អនុវត្ត​ផែនការ​ចាក់​លែង​កូន​ត្រី​ឆ្តោរ​នៅក្នុង​ភូមិ​ព្រែក​គន្លង​នេះ​នៅឡើយ​ដែរ ដែល​គេ​គិតថា​ជា​រឿង​វាយ​ព្រៃ​បង្អើល​ត្រី​ងោ​យ​ចូល​ស៊ង ដើម្បី​តែ​ផលប្រយោជន៍ និង បើតាម​គេ​ដឹង​នៅក្នុង​ឃុំ​កំពង់ត្រឡាច​មាន​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោ​ត​តាម​ស្រះ​រាប់សិប​កន្លែង​ឯណោះ​ក្នុង​១​ឆ្នាំ​។​
​ទាក់ទង​និង​រឿងនេះ​លោក អ៊ឹង ជី​ប៉ោ នាយរង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែសីហា ឆ្នាំ​២០១៥​នេះ យើង​បាន​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​តែ​លោក​មិន​ទទួល​។​ដោយឡែក​លោក​អ៊ូ សោ​ភ័ណ នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ប្រាសាទ​បានអោយ​ដឹងថា​៖​ករណី​ខាងលើនេះ ដោយមាន​ចំណារ​​របស់លោក​អភិបាលខេត្ត និង​លោកនាយ​ខ័​ណ្ឌ បាន​កុំ​ណ​ត់​អោយ​ក្រុមការងារ​ចំរុះ​រួមមាន​ទាំង​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ផង នឹង​ចុះ​ទៅធ្វើ​ការណែនាំ​អប់រំ​ម្តងទៀត​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បីអោយ​ប្រជា​​ពលរដ្ឋ​បញ្ឈប់​ការចិញ្ចឹម​ត្រី​ឆ្តោរ ដែល​ច្បាប់​ហាមឃាត់​។
​ដោយឡែក​ប្រជាពលរដ្ឋ​ជា​អ្នក​ចិញ្ចឹម​ត្រីភាគ​ច្រើន មានការ​ងឿងឆ្ងល់​ថា សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល​តែមួយ​ច្បាប់​តែមួយ តែ​ការអនុវត្ត​ច្បាប់​ជលផល​នៅតាម​ខេត្ត​ក្រុង​មិន​ដូចគ្នា គឺ​ពួកគាត់​បានឃើញ​នៅ​ខេត្តកំពង់ចាម ខេត្តកណ្តាល មាន​គេ​ចិញ្ចឹម​ត្រី​ឆ្តោរ​រាប់រយ​ស្រះ និង​រាប់រយ​បែ មិនឃើញ​សមត្ថកិច្ច​ជលផល​បង្ក្រាប ឬ​ហាមឃាត់​ឡើយ​។​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​៖ រដ្ឋបាល​ជលផល​មិនអោយ​ចិញ្ចឹម​ត្រី​ឆ្តោរ តែ​នុយ​ត្រី​ឆ្តោរ​ត្រូវបាន​គេ​អោយ​ដឹក​យកទៅលក់​អោយ​ប្រទេស​វៀតណាម​រាប់ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ ហើយ​ការ​នាំចូល​ត្រី​ឆ្តោរ​មក​លក់​នៅក្នុង​ស្រុក​ខ្មែរ​ក្នុង​១​ថ្ងៃៗ​ក៏មាន​រាប់រយ​តោន ដែល​មិន​ត្រូវបាន​ជលផល​ទប់ស្កាត់​ដែរ បើ​បែបនេះ​តើ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​ចិញ្ចឹម​ត្រី​លក់​នោះ យកទៅលក់​អោយ​អ្នកណា​ទៅ​។ បញ្ហា​នេះ​ប្រជា​នេសាទ ស្នើសុំ​ឯកឧត្តម អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល បើ​អាណិត​ស្រឡាញ់​ប្រជាពលរដ្ឋ​ខ្មែរ មេត្តាជួយ​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ពី​ប្រទេសជិតខាង​ផង ដើម្បី​លើកស្ទួយ​ជីវ​
​ភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​យើង​នៅក្នុង​ប្រទេស​៕DSC07407 DSC07404