​គណបញ្ជាការ​ឯកភាព​ខេត្តសៀមរាប ដាក់​ផែនការ​ពង្រឹង​សន្តិសុខ សុវត្ថិភាព​នយោបាយ ការពារ​លទ្ធផល​នៃ​ការផ្ទៀងផ្ទាត់​ផែនទី កំណត់ព្រំដែន​កម្ពុជា​-​វៀតណាម​

0

​ខេត្តសៀមរាប ផែនការ​ការពារ​សន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ដែលជា​កាតព្វកិច្ច​ចម្បង​របស់​ខេត្ត​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ សៀមរាប​-​អង្គរ ត្រូវបាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការ ការពារ​លទ្ធផល នៃ​ការផ្ទៀងផ្ទាត់​ផែនទី​កំណត់ព្រំដែន​កម្ពុជា​-វៀតណាម នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​គណ​បញ្ចា​ការឯកភាព ដែល​បាន​ធ្វើឡើង​នា​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៥​នេះ ។ លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត និង​ជា​ប្រធាន​គណបញ្ជាការ​ឯកភាព​ខេត្តសៀមរាប មាន​វត្តមាន​ដឹកនាំ​កិច្ចប្រជុំ​នេះ ។ មេបញ្ជាការ មេបញ្ជាការរង នៃ​កងកម្លាំងប្រដាប់អាវុធ​ទាំងបី ( កងរាជអាវុធហត្ថ នគរបាល និង​តំណាង​ឲ្យ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ) ដែលជា​កម្លាំង​ប្រតិបត្តិការ​ស្នូល ត្រូវបាន​ចូលរួម​ភិ​ភា​គ្សា​នៅក្នុង​កិច្ចប្រជុំ​នោះ ដោយឡែក​មន្ត្រី​ស្ថាប័ន​ឯករាជ្យ ( តុលាការ​ខេត្តសៀមរាប ) ដែលមាន​ភារកិច្ច​សម្របសម្រួល អនុវត្ត​ផែនការ​ការពារ​សន្តិសុខ ក្នុង​ទិដ្ឋភាព​ច្បាប់ ក៏មាន​វត្តមាន ផងដែរ ។​
កិច្ចប្រជុំ​នេះ បានបង្ហាញ​នូវ​ការយកចិត្តទុកដាក់ ក្រោយពី​មាន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ នៃ​ការមកដល់​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ផែនទី​១៨​ផ្ទាំង ដែល​អង្គការសហប្រជាជាតិ​ឲ្យ​កម្ពុជា​ខ្ចី ដើម្បី​ផ្ទៀងផ្ទាត់​ស្វែងរក​ការពិត ជម្រះ​មន្ទិល លាង​សម្អាត​ពី​ការចោទប្រកាន់​នានា ក្នុង​ចេតនា មួលបង្កាច់​ថា ផែនទី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ប្រើប្រាស់​កំណត់ព្រំដែន​កម្ពុជា វៀតណាម ជា​ផែនទី​មិន​ពិតប្រាកដ​នោះ ។ កិច្ចប្រជុំ បាន​ឯកភាព​ទទួលយក នូវ​ក្តីសង្ឃឹម​របស់​រាជរដ្ឋាភិបាល ក្រោយពី​ការផ្ទៀងផ្ទាត់ រវាង​ផែនទី​ដែល​រាជរដ្ឋាភិបាល​កំពុង​ប្រើប្រាស់​២៦​ផ្ទាំង ជាមួយ​ផែនទី​១៨​ផ្ទាំង​ដែល​ផ្តល់​ឲ្យ​ខ្ចី​ដោយ​អង្គការសហប្រជាជាតិ និង​ផែនទី​ដែល​ផ្តល់​ឲ្យ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២៤​ផ្ទាំង ដែល​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន ល្អប្រសើរ​នោះ ។
ជាមួយគ្នា​នោះ កិច្ចប្រជុំ​នេះ បានបង្ហាញ​នូវ​សុ​ឆន្ទៈ​ថា​៖ លទ្ធផល​នៃ​ការផ្ទៀងផ្ទាត់​ផែនទី​ខាងលើ វា​ជា​អត្តសញ្ញាណ​ថ្មី នៃ​ការជួសជុល​វប្បធម៌​សន្ទនា រវាង​គណបក្ស​សម្លេង​ច្រើន និង គណបក្ស​សម្លេង​ភាគតិច​នៅក្នុង​សភា និង​ឈានទៅរក​ការឯកភាព​ជាតិ បន្តដំណើរ​រួមគ្នា ដើម្បី​ស្វែងរក​សំ​ណោះ​ស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ប្រទេសជិតខាង ដោយ​សន្តិវិធី ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ ដើម្បី​ព្រំដែន​សន្តិភាព​និង ការអភិវឌ្ឍន៍ ។
ផ្តើមចេញពី​ការរកឃើញ​នូវ​តម្លៃពិត​ខាងលើ កិច្ចប្រជុំ​របស់​គណបញ្ជាកា​រ​ឯកភាព​ខេត្តសៀមរាប បានដាក់​ចេញ​នូវ​ផែនការ រាយ​សំណាញ់​សន្តិសុខ សុ​វត្តិភាព​នយោបាយ ការពារ​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​ខាងលើ ដោយ​មិន​អនុញ្ញាតិ ឲ្យ​មាន​សកម្មភាព​វិច្ឆេតកម្ម​ណាមួយ ដែលមាន​បំណង​បំពុលបរិយាកាស​សង្គម បាន​នោះឡើយ ហើយ​ផែនការ​នេះ​នឹង​ត្រូវបាន​អនុវត្តន៍ ចាប់ពី​ថ្នាក់​ខេត្ត គ្របដណ្តប់​រហូតដល់​មូលដ្ឋាន ៕ ដោយ​គឿន​វ៉េ​ត​