បរិមាណ​អំបិល​នៅ​ឆ្នាំ​២០១៥​នេះ​នៅសល់​ប្រមាណ​ជាង​២០​ម៉ឺន​តោន​

0


​កំពត ៖ សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល ខេត្ត កំពត កែប លោក ប៊ុន បារាំង បាន​ឲ្យ​ដឹងថា បរិមាណ​អំបិល​នៅ​ឆ្នាំ ២០១៥​នេះ នៅសល់​ចំនួន​ជាង​២០​ម៉ឺន​តោន រួមទាំង​បរិមាណ​អំបិល​ដែល​នៅសល់​ពី​ឆ្នាំ​២០១៤​ចំនួន​៩​ម៉ឺន​តោន​ផង​។ បរិមាណ​អំបិល​ដែល​នៅសល់​នោះ គឺ​តិចជាង​បរិមាណ​អំបិល​ដែល​នៅសល់​កាលពី​ឆមាស​ទី​១ ឆ្នាំ​២០១៥ ដែលមាន​រហូតដល់​២៧​ម៉ឺន​តោន​។​បើតាម​លោក ប៊ុន បារាំង បាន​ឲ្យ​ដឹងថា បរិមាណ​អំបិល​ដែល​នៅសល់​នោះ គឺ​បាន​ថយចុះ ពី​ចំនួន​ដែល​នៅសល់ ចំនួន​២៧​ម៉ឺន​តោន នាពេល​កន្លងមក បន្ទាប់ពី​រដ្ឋាភិបាល​បាន​លុបចោល​ពន្ធ​លើ​អា​រក​បន្ថែម​១០​ភាគរយ ធ្វើ​ឲ្យ​សហគម​អ្នក ផលិត​អំបិល​អាច​បញ្ចុះតម្លៃ​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​អំបិល​នាំចូល​ពី ក្រៅប្រទេស​។​
​បើតាម​លោក ប៊ុន បារាំង បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៥​នេះ សហគមន៍​ផលិត​អំបិល​កំពត កែប ផលិត​អំបិល​បាន​សរុប ប្រមាណ​១៧​ម៉ឺន​តោន​។​
​សូមបញ្ជាក់ថា កន្លងមក​អំបិល​នាំចូល​ពី​ក្រៅប្រទេស​បាន​វាយ លុក​ចូល​ទីផ្សារ អំបិល​នៅ​ប្រទេស​កម្ពុជា ប្រមាណ​៦០​ភាគរយ ចំណែក អំបិល​ផលិត​ក្នុងស្រុក លក់​ចូលក្នុង​ទីផ្សារ បានត្រឹមតែ​៤០ ភាគរយ ប៉ុណ្ណោះ​។
​បើតាម​លោក​ប៊ុន បារាំង ក្នុង​ឆ្នាំ​២០១៤ បរិមាណ​អំបិល​ដែល​នៅសល់​ប្រមាណ​៩​ម៉ឺន​តោន ហើយ គិត​មកដល់​ខែមិថុនា ឆ្នាំ​២០១៥​នេះ បរិមាណ​អំបិល​ដែល​នៅសល់​មិនអាច​លក់​ចេញ​បាន មាន​រហូតដល់ ប្រមាណ​២៧​ម៉ឺន​តោន​ផលិត​។​
​លោក​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ជាមាន​អន្តរាគមន៍​របស់​រដ្ឋា​ភិ​បាល ក្នុងការ​លុប ចោល​ពន្ធ​អា​រក​បន្ថែម​១០​ភាគរយ ក៏ដោយ ក៏​ការលក់​អំបិល​ផលិត​ក្នុងស្រុក​មានការ​ប្រកួត​ប្រជែង​យ៉ាងខ្លាំង ជាមួយ​អំបិល​នាំចូល​ពី​ក្រៅប្រទេស​ដដែល ៕Screenshot_2016-01-07-10-22-45