​មូលដ្ឋានគ្រឹះ​សុ​វត្តិភាព​ចរាចរណ៍ ពិការភាព និង​ការ​គាំពារ​កុមារ

0

ខេត្តសៀមរាប យុវជន​និង​យុវនារី​បង្គោល​កាកបាទក្រហមកម្ពុជា​ចំនួន​២០​នាក់ មកពី​វិទ្យាល័យ​ចំនួន​៥ នៅក្នុង​ក្រុង​សៀមរាប ត្រូវបាន​ទទួលយក​នូវ​ការបណ្តុះបណ្តាល​រយៈពេល​២​ថ្ងៃ នៅ​វិទ្យាល័យ​១០​មករា ១៩៧៩ វគ្គ​បណ្តុះបណ្តាល​នោះបាន​ផ្តោតជាសំខាន់​ទៅលើ​មេរៀន ស្តីអំពី​មូលដ្ឋានគ្រឹះ​សុ​វត្តិភាព​ចរាចរណ៍ ពិការភាព និង​ការ​គាំពារ​កុមារ ។ កាកបាទក្រហមកម្ពុជា​សាខា​ខេត្តសៀមរាប រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ ក្រោម​ការឧបត្ថម្ភ​ដោយ Australian Aid និង កាកបាទក្រហម​អូស្ត្រាលី ។IMG-20160210-WA0027
លោក ស៊ុំ សំអន នាយក​ប្រតិបត្តិ សាខា​កាកបាទក្រហមកម្ពុជា​នៅ​ខេត្តសៀមរាប បានបង្ហាញ​ឲ្យ​ដឹង​នានា​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ស្តីអំពី​គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ថា ៖ គឺ​ដើម្បី​ផ្សព្វផ្សាយ​បច្ចុប្បន្នភាព​ច្បាប់​ចរាចរណ៍ ការផាកពិន័យ និង វិធីសាស្ត្រ​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​នៅលើ​ដងផ្លូវ ។ ជាមួយគ្នានេះ សម្រាប់​វគ្គ​សិក្សា​នេះ​ផងដែរ គឺ​ស្ថិតក្នុង​គោលបំណង បង្កើន​ការយល់ដឹង អំពី​គុណ​តម្លៃ​របស់​ជនពិការ បំផុស​ឲ្យ​យុវជន​កាកបាទក្រហម​កម្ពុជា អប់រំ​នឹង​ផ្តល់ឱកាស​ឲ្យ​យុវជន​ពិការ បាន​ចូលរួម​សកម្មភាព​សង្គម​ជា​ខ្លួន ។ លោក​បាន​បន្តថា ៖ មេរៀន​ទី​៣ នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ផ្តល់​ចំណេះដឹង​ចំពោះ​យុវជន​កាកបាទក្រហម​កម្ពុជា ចូលរួម​ទប់ស្កាត់ រាល់​ការរំលោភបំពាន កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ផ្លូវភេទ​លើ​កុមារ ។IMG-20160210-WA0023
លោក ស៊ុំ សំអន បាន​គូស​បញ្ចាក់​បន្ថែមថា ៖ ទន្ទឹមនឹង​ការបណ្តុះបណ្តាល លើ​មេរៀន​សំខាន់ៗ​ទាំង​៣​ខាងលើ វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវបាន​ពង្រឹង​បន្ថែម​លើ​វិធីសាស្ត្រ​សម្របសម្រួល ការទំនាក់ទំនង ដើម្បី​បង្កើន​គុណភាព​នៃ​ការផ្ទេរ​ចំណេះដឹង និង​ផ្សព្វផ្សាយ​ខ្លឹមសារ​មេរៀន​ខាងលើ បាន​ទៅដល់​មិត្តភក្តិ បងប្អូន អ្នកជិតខាង​ក្នុង​សហគមន៍ និង​អភិវឌ្ឍន៍​ខ្លួនឯង ឲ្យ​ក្លាយជា​មនុស្ស មាន​សក្តានុពល​ក្នុងសង្គម​ជាតិ ។IMG-20160210-WA0025
​លោកស្រី លុយ កូ​ឡាប មន្ត្រី​សម្របសម្រួល​គម្រោង​វគ្គ​បណ្តុះបណ្តាល​កាកបាទក្រហមកម្ពុជា និយាយថា ៖ កាកបាទ​ក្រហ​កម្ពុជា​ទទួលស្គាល់ថា កុមារ​គឺជា​ក្រុម​ដែល​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​សង្គម ហើយ​ថា ការធ្វើការ​ជាមួយ​កុមារ គឺជា​ការទទួលខុសត្រូវ​ដ៏​សំខាន់ ។ គ្រប់ពេលវេលា កុមារ​មាន​សិទ្ធិ​ទទួលបាន​សុវត្ថិភាព​និង​ត្រូវ​បានទទួល​ការការពារ ។​
លោកស្រី បាន​ពន្យល់ថា ៖ តាមរយៈ​គោលនយោបាយ​គាំពារ​កុមារ និង​ខ្លឹមសារ​នៃ​សៀវភៅ​មគ្គុទ្ទេសក៍ ស្តីអំពី​ការ​គាំពារ​កុមារ កាកបាទក្រហមកម្ពុជា​នឹង​បង្កើត​អង្គការ​សុវត្ថិភាព​កុមារ និង​លើកទឹកចិត្ត​យ៉ាងសកម្ម​ដល់​ការអនុវត្ត​ការងារ​នេះ ។ កាកបាទក្រហមកម្ពុជា​សង្ឃឹមថា កុមារ​និង​យុវជន នឹងត្រូវ​បានការ​ពារ​ពី​គ្រោះថ្នាក់ និង​ទទួលបាន​នូវ​ឱកាស​ទាំងអស់ សម្រាប់​ការចូលរួម​នៅក្នុង​ជីវិត​របស់​ពួកគេ​និង​សហគមន៍​របស់​ពួកគេ ដើម្បី​បាន​ក្លាយជា​អ្នកដឹកនាំ​ដ៏​មាន​ប្រសិទ្ធិភាព និង​ជា​អ្នកសម្រេចចិត្ត​នាពេល​អនាគត ៕