​សមត្ថកិច្ច​សាខា​កាំកុងត្រូល ខេត្តកំពត​-​កែប​ចុះ​ទីផ្សារ​ដើម្បី ត្រួតពិនិត្យ​ស្វែងរក​ផលិតផល​ទំនិញ​ខូចគុណភាព​និង​សារធាតុ​គីមី​ហាមឃាត់ ក្នុង ត្រីប្រឡាក់​

0

ខេត្តកំពតៈ  ក្នុងតួនាទី ភារកិច្ច មន្ត្រីអនុវត្តច្បាប់ នៃការ គ្រប់គ្រងគុណភាព សុវត្ថិភាព ចំណីអាហារ និង ផលិតផលទំនិញ និងសេវា នៅលើទីផ្សារ ដើម្បីរួមចំណែក លើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។ ក្នុងរយៈពេលពីរថ្ងៃ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០៦ ទី០៧ ខែកក្កដាឆ្នាំ២០១៦ សមត្ថកិច្ចសាខាកាំកុងត្រូលខេត្តកំពត-កែប បានសហការ ជាមួយ មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត កំពតនិងខេត្តកែប ចុះអនុវត្ត តាមទីផ្សារគោលដៅក្នុងខេត្តទាំងពីរ ដើម្បីត្រួតពិនិត្យ ស្វែងរកនិងដកហូត នូវផលិតផលទំនិញទាំងឡាយ ដែលមានលក្ខណៈ ខូចគុណភាព និងហួសថ្ងៃ ខែ ឆ្នាំ កំណត់នៃការប្រើប្រាស់ ព្រមទាំងបានធ្វើតេស្តបឋម ដើម្បីស្វែងរកសារធាតុគីមីដែលច្បាប់ហាមឃាត់ ទៅលើទឹកត្រាំបង្គា មឹក និងត្រីងៀតផងដែរ។ ជាលទ្ធផលសមត្ថកិច្ចបានចុះនៅក្នុងផ្សារសេះ ស និងផ្សារ ដំណាក់ចង្អើរ ខេត្តកែប និងផ្សារតន់ហន់ស្រុកកំពង់ត្រាច ផ្សារទូកមាសស្រុកបន្ទាយមាសខេត្តកំពត បានដកហូតនូវផលិតទំនិញ ខូចគុណភាពនិងហួសថ្ងៃ ខែ ឆ្នាំកំណត់នៃការប្រើប្រាស់ រួមមានទឹកក្រូចចំណុះដបនិងកំប៉ុង ចំរុះមានចំនួន៥៤ដប មីឡូ២កំប៉ុង ទឹកដោះគោឡាក់តាសយ ៦កំប៉ុង ទឹកស៊ីអ៉ីវ១៧ដប ទឹកម្ទេស ១ដប នំកញ្ចប់៩៣កញ្ចប់តូចនិងធំ ទឹកដោះគោឆៅ ៣០កំប៉ុង ទឹកត្រចៀកកាំ ១៧កំប៉ុង មី៣កំប៉ុង ប៊ីចេង៣កញ្ចប់ កាហ្វេ១កញ្ចប់ ថ្នាំដុសធ្មេញ១ប្រអប់ និង ត្រីងៀតបបែល ២,៩គីឡូក្រាម មានសារធាតុគីមីបូរ៉ាក់។ ជាមួយឱកាសនេះដែរ សមត្ថកិច្ចសាខាកាំកុងត្រូល ក៏បានបិទរូបភាពអប់រំ ផ្សព្វផ្សាយ ដើម្បីសុខភាពនូវ អំពីផលិតផលខូចគុណភាពនិងហួសថ្ងៃខែឆ្នាំកំណត់នៃការប្រើប្រាស់ និងសារធាតុគីមីច្បាប់ហាមឃាត់ដាក់ទៅលើ ម្ហូបចំណីអាហារផងដែរ។ មន្ត្រីកាំកុងត្រូល ក៏បានធ្វើការណែនាំអប់រំដល់អាវករ ឲ្យមានការយកចិត្តទុកដាក់ប្រយ័ត្នខ្ពស់លើបញ្ហាការរៀបចំដាក់តាំងលក់នូវផលិតផលទំនិញ ឲ្យមានលក្ខណៈអនាម័យ ចៀសវាងមានសំបក កំប៉ុង ច្រកវិចខ្ចប់ មានការធ្លុះធ្លាយ កំពិត ច្រែះស៊ី និងមុនទទួលទំនិញ ពីអ្នកចែកចាយត្រូវ មើលផ្លាកសញ្ញា យីហោ ថ្ងែខែឆ្នាំផលិតឲ្យបាន ច្បាស់លាស់ ព្រមទាំងហាមដាច់ខាត នូវការប្រើប្រាស់សារធាតុគីមីដែលច្បាប់ហាមឃាត់់ដាក់ទៅលើម្ហូប ចំណីអាហារនាំ ធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សដែល ប្រការទាំងនេះក៏នាំឲ្យប្រឈមចំពោះមុខច្បាប់ផងដែរបើសមត្ថកិច្ចរកឃើញភ័ស្តតាងជាក់ស្ដែង។អ៊ួង វឹង

photo_2016-07-10_11-42-06