​ច្រកទ្វា​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន បើក​ដំណើរ​ការធម្មតា ខណៈពេលដែល​ច្រក​អន្តរជាតិ​តាម​បន្ទាត់​ព្រំដែន​ខេត្ត​មួយចំនួន​ត្រួវបាន​បិទ​

0

​ខេត្ត​ប៉ៃលិន​៖ ស្រប​ពេលដែល​ប្រទេស​ថៃ​ធ្វើ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃទី​២២ ខែឧសភា ២០១៤ កន្លងទៅ ច្រកទ្វារ​អន្តជាតិ​និង​ច្រករបៀង មួយចំនួន​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ត្រួវបាន​បិទ ប៉ុន្តែ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ស្ថិតនៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន រហូតមកដល់​ថ្ងៃទី​២៨ ឧសភា ២០១៤ នេះ គ្មានអ្វី​ប្រែប្រួល​ខុសពី​ធម្មតា​នោះទេ ។ ​

ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ចេញ​-​ចូល​ទឹកដី​ថៃ ដើម្បី​ទិញ​បន្លែ ត្រី សាច់ យកមក​លក់​នៅ​ទឹកដី​ខ្មែរ​មួយចំនួន​បាន​រៀបរាប់ថា កន្លងមក​ពួកគាត់​ចូលទៅក្នុង​ទឹកដី​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​នៅវេលា​ម៉ោង​៦​ព្រឹក តាម​ធម្មតា​ជា​រៀងរាល់ថ្ងៃ ដោយ​អត់​ឃើញ​មាន​អ្វី​គួរឱ្យកត់សម្គាល់​នោះទេ ។

ប្រភព​បន្តថា​៖ ប៉ុន្តែ​ចាប់តាំងពី​ប្រទេស​ថៃ​ធ្វើ​រដ្ឋប្រហារ​យោធា​មក នៅ​ខាង​ភាគី​ថៃ មានការ​រឹតបន្តឹង​បន្តិច ដោយ​ឃើញ​មាន​ទាហាន​ស្លៀកពាក់​ឈុតខ្មៅ និង​ឈុត​ប៉ា​រ៉ា មានការ​យាមកាម​នៅ​ព្រំដែន​ទឹកដី​ថៃ​ច្រើនជាង​មុន ថែមទាំង​ផ្លាស់ប្តូរ​គ្នា​ទៅមក​ជា​ញឹកញាប់ ព្រមទាំង​ឈរ​យាមល្បាត​តាម​ក្បែរ​ច្រកទ្វារព្រំដែន​ផងដែរ ។​ ​

ទាក់ទិន​បញ្ហា​នេះដែរ​លោក សុខ សាវុធ ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ថ្មី តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៨ នេះ​ថា​៖ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម អ៊ី ឈាន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​បទបញ្ជារ​០១ របស់​រាជរដ្ឋាភិបាល ព្រមទាំង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ភាគី​ថៃ​ផង​នោះ ច្រកទ្វារ​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន បាន​បើក​ដំណើរការ​ជាធម្មតា ។

លោក​បន្តទៀតថា​៖ ទោះបីជា​នៅក្នុង​ប្រទេស​ថៃ​មាន​បញ្ហា​វឹកវរ​ផ្នែក​នយោបាយ​យ៉ាងណាក៏ដោយ ក៏​ច្រកទ្វារ​អន្តរជាតិ​ព្រំ មិនមាន​អ្វី​គួរ​ឲ្យ​គាត់​សម្គាល់​នោះទេ គឺ​ប្រជាពលរដ្ឋ​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន​ចេញ​-​ចូល​ប្រកប​របរ​រកស៊ី​ជាធម្មតា ៕​download download (1)