មន្ទីរពេទ្យគន្ធបុប្ផាទទួលបានថវិកា១លានដុល្លារពីកាកបាទក្រហមកម្ពុជា

0

រាជធានីភ្នំពេញ: មន្ទីរពេទ្យគន្ធបុប្ផាកំពុងបំពេញបេសកកម្មយ៉ាងធំធេងក្នុងការជួយសង្គ្រោះ និងព្យាបាលកុមារមកពីគ្រប់ទិសទីរាប់ពាននាក់ក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យទំហំនៃការចំណាយក៏កាន់តែធំធេងផងដែរ។ ចូលរួមក្នុងបេសកកម្មដ៏មនុស្សធម៌នេះ កាលថ្មីៗនេះកាកបាទក្រហមកម្ពុជាបានផ្តល់ថវិកា១លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផានេះដើម្បីឲ្យមន្ទីរពេទ្យមួយនេះ មានលទ្ធភាពជួយព្យាបាលដល់កុមារក្រីក្រកម្ពុជា ។

ពិធីប្រគល់-ទទួលថវិកា១លានដុល្លារអាមេរិកត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៤ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងឯឧ.ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតបេអាត រីចនើរ(Beat Richner)ស្ថាបនិកនិងជាប្រធានមូលនិធិគន្ធបុប្ផា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាអូរបែកក្អមផងដែរ។

ប្រជាពលរដ្ឋមកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលយកកូនមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យ បាននិយាយថា មន្ទីរពេទ្យនេះពិតជាបានជួយដល់កុមារក្រីក្រ ពិនិត្យ និងព្យាបាលឥតគិតថ្លៃ ក្នុងមួយថ្ងៃៗរាប់រយនាក់។ ការជួយឧបត្ថម្ភ គាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ទោះបីជាថវិកាក្តីសម្ភារក្តី ពិតជាអំពើមនុស្សធម៌ សប្បុរសធម៌ និងមានតម្លៃពុំអាចកាត់ថ្លៃបាន ហើយវាមានតម្លៃស្មើនឹង ការជួយសង្គ្រោះអាយុជីវិតមនុស្សរាប់រយពាន់នាក់ក្នុងមយយឆ្នាំៗផងដែរ។

សូមរំឭកថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អង្គការមនុស្សធម៌មួយនេះបានជួយដល់ជនរងគ្រោះជាច្រើន រួមមានទាំង ជនរងគ្រោះដោយខ្យល់ព្យុះ គ្រោះរាំងស្ងួត គ្រោះមហន្តរាយដោយអគ្គិភ័យ ជាដើម។

សប្បុរសជនជាតិ អន្តរជាតិ រួមទាំងឥស្សរជនក្នុង និងក្រៅប្រទេសផង ពិសេសសម្តេចព្រះរាជអគ្គមេហសី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះបរមនាថនរោត្តម សីហមុនី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគាំទ្រ និងចូលរួមយ៉ាងពេញទំហឹងទាំងថវិកា សម្ភារបរិក្ខារ និងស្មារតី ដោយកាលពីដើមខែឧសភា នេះ កាកបាទក្រហមកម្ពុជា បានទទួលថវិការហូតដល់១៥លានដុល្លារអាមេរិក។ សម្រាប់ថ្ងៃទី២៨ ឧសភា កាកបាទក្រហមកម្ពុជាបានផ្តល់ថវិកាចំនួន១លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា៕ hospital1 DrBeat