កំពង់ធំ. លោក លាង សុភា ប្រធានកាំកុងត្រូល ខេត្តកំពង់ធំ បានសហការជាមួយលោក លឹម ចក់ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ព្រមទាំងមន្រ្តីរក្រោមឱវាទ ចុះពិនិត្យរោងចក្រផលិតគុយទាវ និងទំនិញខូចគុណភាព,ឡេលាបស្បែក,និងផលិតផលដែលត្រូវបានហាមឃាត់ នាំចូលមកពីប្រទេសវៀតណាម មកលក់ក្នុងផ្សារប្រទេសកម្ពុជា ព្រមទាំងបានដកហូត សារធាតុគេមី បូរ៉ាក់ ដែលក្រុមអជីវករតែងតែនាំយកមកលាយផ្សំជាមួយនិងចំណីអាហារ។
ការចុះប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៧ នៅផ្សារតាំងក្រសាំង ស្រុកសន្ទុក និងផ្សារកំពង់ធំ ខេត្តកំពង់ធំ ដើម្បីរកសារធាតុគេមីដែលមានការនាំយកមក ធ្វើជាគ្រឿងផ្សំក្នុងម្ហូបអាហារ ដែលជាសារធាតុគេមី ត្រូវបានហាមឃាត់ជាដាច់ខាតមិនឲ្យប្រើប្រាស់ នាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពអ្នកបរិភោគ ជាពិសេសទីតាំងផលិតគុយទាវ ឬផលិតអាហារផ្សេងៗ ត្រូវបានអានាម័យល្អ ចៀសវាងមានសត្វចិញ្ចឹម ដូចជាមាន់ទា ដែលមានទីតាំងជាប់និងកន្លែងផលិត ដើម្បីការពារការចម្លងមេរោគ តាមរយះខ្យល់ និងការធ្វើចលនារបស់សត្វ ។
លោក លាង សុភា. បានបញ្ជាក់ថាដោយមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ដែលបានបរិភោគចំណីអាហារ ប្រឈមនិងសារធាតុឃេមី ខណៈពេលដែលសារធាតុបូរ៉ាក់ សម្រាប់ការ ប្រើប្រាស់សម្រាប់ជាងមាស និងការផ្សារដែកផ្សារស្ពាន់នានា តែត្រូវបានគេយកមកលាយចូលអាហារចំណី ដូច្នេះក្នុងកិច្ចប្រតិបត្តិការក្នុងថ្ងៃនេះ ត្រូវបានរកឃើញសារធាតុគេមី បូរ៉ាក់ចំនួន៣៣គ.ក ត្រូវបានដកហូតពីក្នុងផ្សារ កំពង់ធំ ក្នុងនោះដែរលោកបាន ណែនាំមិនឲ្យនាំយកមកលក់បន្តទៀត ចំណែកក្រុមអជីវករដែល និយមលាយឡេលក់ ឲ្យស្រ្តីដែលចូលចិត្តស្អាត មានការប្រុងប្រយ័ត្នហាមលាយនូវសារធាតុហាមឃាត់ និងពុំត្រូវលាយឡេ ដោយគ្មានឯកទេស គ្មានជំនាញ អាចនិងប៉ះពាល់ដល់ផ្ទៃមុខរបស់អ្នកប្រើប្រាស់ និងសំណូមពរឲ្យនាំយក សញ្ញាប័ណ្ណទទួលស្គាលពីលាសា ដើម្បីដាក់តាំងបង្ហាញ និងត្រូវធ្វើផ្លាកសញ្ញាសម្គាល់ត្រឹមត្រូវជៀសវាងមានការ ក្លែងបន្លំរបស់អ្នកដ៏ទៃ ។
រីឯគ្រឿងភេសជ្ជះដែលហួសឌឺឡេ ត្រូវបានណែនាំឲ្យអជីវករទាំងអស់ត្រូវនាំទំនិញរបស់ខ្លួនដែលជិតហួសឌឺឡេ ឬហួសឌឺឡេទៅហើយនោះ ទៅដូរនិងក្រុមហ៊ុនដើម្បីយកទំនិញថ្មីមកលក់ ដើម្បីចូលរួមការពារសុវត្តិភាពចំណីអាហារ ព្រោះចំណីរអាហារ និងអាហារដែលមានសារធាតុគេមី ប្រៀបបាននិងអាវុធសម្លាប់មនុស្សបាន។
ដោយ ប៊ុនរដ្ឋា