សម្លាប់ខ្លួនបានសម្រេច២នាក់ ព្រោះឈ្លោះជាមួយប្អូនប្រុស និងជំងឺប្រចាំកាយ

0

កែបៈ បុរសពីរនាក់ បានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនបានសម្រេចតាមបំណង ព្រោះរឿងឈ្លោះជាមួយប្អូនប្រុស និងមានជំងឺប្រចាំកាយ។

ករណីទី១ នៅថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលាម៉ោង២៖៣០នាទីរសៀល មានករណីចងក​ធ្វើអត្តឃាតដោយខ្លួនឯង កើតឡើងស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

បើតាមរបាយការណ៍សមត្ថកិច្ច ជនរងគ្រោះឈ្មោះ មិន ផែន ភេទប្រុសអាយុ៥៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកើតហេតុខាងលើ។ មូលហេតុ ជនរងគ្រោះមានជំងឺប្រចាំកាយ ចូលចឹត្តផឹកស្រាច្រើន ហើយជាបុរសពោះម៉ាយ នៅចាំផ្ទះម្នាក់ឯង។ ​នៅពេលកូនៗទៅធ្វើកម្មករនេសាទអស់ ត្រូវបានអ្នកជិតខាង ប្រទះឃើញជនរងគ្រោះចងកស្លាប់នៅលើដើមស្វាយចន្ទី ក្បែរផ្ទះ។

ដោយឡែកនៅ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលាម៉ោង២៖១៧នាទីរសៀល មានករណីចងក​ធ្វើអត្តឃាតដោយខ្លួនឯង កើតឡើងស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ជនរងគ្រោះឈ្មោះ ជ្រឹម កងចក្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកើតហេតុខាងលើ។ មូលហេតុ ជ​នរងគ្រោះបានឈ្លោះគ្នាជាមួយប្អូនប្រុស​ រួចហើយបានកាន់ខ្សែគោទៅក្រោយផ្ទះ តែដោយប្អូនប្រុសមិនបានចាប់អារម្ម​ណ៍ ហើយបានអ្នកជិតខាងប្រទះឃើញ ជនរងគ្រោះចងកស្លាប់នៅលើដើមម៉ាក់ប្រាំង ក្រោយផ្ទះ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលនគរបាលបច្ចេកទេស ធ្វើកោសល្យវិច័យរួចរាល់ រកឃើញថា ជនរងគ្រោះទាំងពីរនាក់ខាងលើ ពិតជាបានធ្វើអត្តឃាតចងកដោយខ្លួនឯង ព្រោះមិនមានស្លាកស្នាមពាក់ព័ន្ធករណីផ្សេងឡើយ។ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕