អាជ្ញាធរខេត្តកែបដឹកនាំមន្ត្រីទូទាំងខេត្តទៅធ្វើពិធីសែនព្រេនសុំសេចក្តីសុខនៅអាស្រមលោកជំទាវ ផ្កាយព្រឹក នៅភ្នំពោន

0

(កែប)÷អាជ្ញាធរខេត្តកែប នៅព្រឹកថ្ងៃទី១១ខែមេសា ឆ្នាំ២០១៧នេះ‌ បានដឹកនាំមន្ត្រីរាជការទូទាំងខេត្ត‌ ទៅធ្វើពិធីសែនព្រេននៅអាស្រមលោកជំទាវ ផ្កាយព្រឹក ត្រង់ចំណុចភ្នំពោន នៃបរិវេណវត្ត សត្ថាធម្មវិហារ ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីបួងសួងសំុសេចក្តីសុខចម្រើនក្នុងឪកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ(ឆ្នាំរកានព្វស័ក ព ស ២៥៦១)ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
ចំពោះការរៀបចំពិធីខាងលើនេះក៏ត្រូវប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ គឺស្របនឹងឪកាសចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងគោលបំណងរំលឹកគុណប្រជាពលរដ្ឋក៏ដូចជាថ្នាក់ដឹកនាំនានាពិសេសរាជរដ្ឋាភិបាលដែលកន្លងមកតែងតែខិតខំយកចិត្តទុកដាក់ចូលរួមក្នុងការស្តានិងអភិវឌ្ឍន៍នៅគ្រប់តំបន់ពោរពេញដោយភាពរីកចម្រើនប្រកបដោយសន្តិសុខនិងការរីកចម្រើនរុងរឿងទាំងពុទ្ធចក្រនិងអាណាចក្រ។
នៅព្រឹកនោះដែរ ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ក៏បានពាំនាំនូវថវិការនិងសម្ភារៈមួយចំនួនប្រគេនដល់ព្រះចៅអធិការវត្ត សត្ថាធម្មវិហាររួមមានថវិកាចំនួន១៧៥០០០០រៀលនិងសីុម៉ងត៍ចំនួន៤២០០គីឡូក្រាម(បួនតោនពីររយគីឡូក្រាម)។ដោយឡែកប្រជាពលរដ្ឋដែលមកចូលរួមត្រូវទទួលបានថវិកាម្នាក់ៗ៥០០០រៀលនិងកុមារម្នាក់ៗទទួលបានថវិកា២០០០រ។